​ភ្នំពេញៈ លោក ​យ៉ង សាំង​កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី ​៣ ​កក្កដា បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​រៀបចំ​បង្កើត​គណៈកម្មាធិកា​រ​អន្តរក្រសួង និង​កំណត់​នូវ​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ​លើ​ការលើកស្ទួយ​ផលិតកម្ម​កសិកម្ម និង​ការរក​ទីផ្សារ សម្រាប់​លក់​កសិផល​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​កលោក​យ៉ង សាំង​កុមារ​។​

​គណៈកម្មាធិការ​ដែល​នឹងត្រូវ​បង្កើតឡើង ក៏​នឹង​រិះរក​យន្តការ ដើម្បី​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ ដោយ​ប្រើ​យន្តការ​ហិរញ្ញប្បទាន ១០០ លាន​ដុល្លារ សម្រាប់​អន្តរាគមន៍​ប្រើប្រាស់​ទិញ​កសិផល​ពី​កសិករ​ឱ្យបាន​ទាន់ពេល​ក្នុងតម្លៃ​សមរម្យ​ផងដែរ​។​

​លោក ​យ៉ង សាំង​កុមារ​ បាន​បញ្ជាក់ថា​៖ «​នេះ​ជាការ​ងារ​ថ្មី និង​ដ៏​សំខាន់បំផុត​មួយ ដែល​យើង​រួមគ្នា​ធ្វើ​និង​ទទួលខុសត្រូវ​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម សន្តិសុខ​ស្បៀង និង​ជីវភាព​ប្រជាកសិករ​»៕