សៀមរាបៈ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកជួសជុលខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។
យោងតាមអាជ្ញាធរជាតិអប្សរា លោក សូរ ប៉ោត ជាបុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ដោយសារកត្តាអាយុកាលធ្វើឱ្យរចនាសម្ព័ន្ធឥដ្ឋផ្នែកខ្លះ នៃខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើតប្រឈមនឹងបញ្ហាជ្រុះធ្លាក់ និងដួលរលំ។
ដោយមើលឃើញនូវស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរា បានទល់ទ្រជញ្ជាំងឥដ្ឋដែលនៅសេសសល់សងខាង ដើម្បីទប់លំនឹងនៃតួខ្លោងទ្វារទាំងមូល ដែលកំពុងតែមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនឹងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះស្នាមឥដ្ឋប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារទឹកកុំឱ្យជ្រាបចូលបន្តទៀត។
លោក សូរ ប៉ោត ឱ្យដឹងទៀតថា កត្តាដែលធ្វើឱ្យខ្លោងទ្វារនេះខូចខាតខ្លាំង គឺដោយសារទឹកភ្លៀងជ្រាបចូល។ បញ្ហាសំណើមក៏ធ្វើឱ្យជញ្ជាំងពុកផុយខ្លាំង និងរុក្ខជាតិដែលដុះនៅពីលើក៏ធ្វើឱ្យគ្រឹះប្រាសាទស្រុតបណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង និងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង៕