ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ បានលើកឡើងថា កម្ពុជាបានប្តេជ្ញាក្នុងការប្រើប្រាស់កម្លាំងនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យមានប្រសិទ្ធភាព ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព និងជាចំណែកមួយជួយជំរុញសេដ្ឋកិច្ចកម្ពុជា។
លោកថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោង “Mutual Leaning of Science, Technology and Innovation (STI) Coordination Toyota Foundation» ដែលជាគម្រោងផ្តោតសំខាន់លើកិច្ចការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងស្ថាប័ននានាតាមរយៈការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកលើការងារ វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ (វ.ប.ន.) នៅក្នុងតំបន់។
គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្រីភាគីរវាងកម្ពុជា-ជប៉ុន-ថៃ ក្រោមការគាំទ្រពីមូលនិធិតូយូតា។នាឱកាសនោះ លោក ចម ប្រសិទ្ធ បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការងារក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ខណៈកម្ពុជាក៏បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រសំខាន់ៗដែលមានជាអាទិ៍ ផែនទីបង្ហាញផ្លូវ វ.បន. កម្ពុជា ២០៣០ និងរបៀបវារៈស្រាវជ្រាវជាតិ២០២៥ ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ច សង្គម និងការដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាពជាដើម។
តាមរយៈផែនការយុទ្ធសាស្ត្រសំខាន់ៗខាងលើនេះ លោកបញ្ជាក់ថា កម្ពុជាក៏បានប្តេជ្ញាក្នុងការប្រើប្រាស់សក្តានុពលនៃ វ.ប.ន. ដើម្បីអនាគតរុងរឿង និងនិរន្តរភាពជាតិ ដោយកម្ពុជាយល់ថា តាមរយៈកិច្ចសហប្រតិបត្តិការនានាគឺមានសារៈសំខាន់ណាស់។
លោកបញ្ជាក់ថា៖ «ហេតុនេះសូមឱ្យយើងសហការរួមគ្នាប្រើប្រាស់បច្ចេកវិទ្យា និងប្រមូលផ្ដុំធនធានដែលមានគុណភាព ដើម្បីការពារបរិស្ថាន និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពរបស់យើងទាំងអស់គ្នា»។
ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ព្រោះវិស័យនេះបានចូលរួមជំរុញសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីឆ្លើយតបនឹងការប្តេជ្ញាសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ជាតិនៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ថែមទៀត។
បន្ថែមពីនេះលោកអះអាងដែរថា៖ «ដើម្បីជំរុញវិស័យនេះក្រសួងក៏បានផ្តោតសំខាន់លើការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្ដាលដើម្បីបណ្តុះធនធានដែលមានចំណេះដឹងវិជ្ជាជីវៈ និងជំនាញក្នុងការទំនាក់ទំនងបន្ថែមទៀតដើម្បីជួយសម្រួលដល់ការពង្រឹងដៃគូសន្ទនារវាងភាគីពាក់ព័ន្ធដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ីក្នុងវិស័យឱ្យកាន់តែមានប្រសិទ្ធភាព»។
ជុំវិញការប្តេជ្ញារបស់កម្ពុជានេះ លោក Atsushi UENO ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាបានសាទរចំពោះកម្ពុជាពិសេសការចាប់ផ្តើមអនុវត្តគម្រោងដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ។ លោកសង្ឃឹមថា តាមរយៈគម្រោងខាងលើនឹងរួមចំណែកក្នុងការអនុវត្តការងារសង្គមតាមរយៈលទ្ធផលស្រាវជ្រាវអន្តរជាតិផ្សេងៗ ហើយកម្ពុជានឹងរីកចម្រើន ហើយក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍មួយក្នុងអាស៊ាននាពេលអនាគត។
លោកឯកអគ្គរដ្ឋទូតជប៉ុនបានអះអាងថា៖ «ប្រទេសជប៉ុននៅតែជាដៃគូដ៏យូរអង្វែងរបស់កម្ពុជាក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការលើវិស័យ វ.ប.ន. ហើយស្ថានទូតជប៉ុន មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រយ៉ាងពេញទំហឹង ដោយសារគម្រោងនេះនឹងជំរុញការសិក្សារៀនសូត្រ និងការស្វែងយល់ពីគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសទាំង ៣ ព្រមទាំងអាចពង្រឹងសមត្ថភាព និងបណ្តាញ ទំនាក់ទំនងលើវិស័យ វ.ប.ន. ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង»។
សូមជម្រាបដែរថា តាមរយៈការដាក់ឱ្យអនុវត្តគម្រោង “Mutual Leaning of Science, Technology and Innovation (STI) Coordination-Toyota Foundation» ខាងលើនេះដែរ កម្ពុជាក៏បានបង្ហាញការជឿជាក់ថា គម្រោងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍ ពង្រឹងសមត្ថភាពសម្រាប់អ្នកបង្កើតគោលនយោបាយ វ.ប.ន. ក្នុងតំបន់និងជាពិសេសសម្រាប់កម្ពុជាដែលនឹងអាចឱ្យកម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍន៍ជាតិ និងបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ជាតិផងដែរ៕