ភ្នំពេញៈ គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៣ ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ស្ថិតនៅការដ្ឋានកោះពាមរាំង សម្រេចលទ្ធផល ស្រង់គ្រាប់ពីបាតទន្លេមេង្គ បានជាង ១ ម៉ឺន ២ ពាន់គ្រាប់ បើគិតជាទម្ងន់មានជាង ២ រយតោន និងស្រង់បំណែកនាវាបានជាច្រើនទៀត។ នេះបើយោងតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់ មីនកម្ពុជា (CMAC) ។
លោក ហេង រតនា បានថ្លែងបែបនេះ ប្រាប់ BTV ហើយត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដកស្រង់យកមកចុះផ្សាយនៅថ្ងៃទី ២ សីហាថា ប្រតិបត្តិការសម្អាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ ក្នុងភូមិសាស្ត្រស្រុកពាមជរ ខេត្តព្រៃវែង ត្រូវបានធ្វើឡើង បន្ទាប់ពីមានការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង អនុញ្ញាតដល់អង្គភាព CMAC សហការជាមួយក្រសួងការពារជាតិ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ។
ប្រតិបត្តិការនេះ មានរយៈពេល ១៨ ខែ ដោយចាប់ផ្តើមនៅដើមឆ្នាំ ២០២២ គិតមកដល់ពេលនេះ មានរយៈពេលជិត ២ ឆ្នាំ។
បើតាមលោកហេង រតនា តាមផែនការស្រាវជ្រាវដំបូង បានរាវរកទិន្នន័យនៅបាតទន្លេជាង ២ ៥០០ ចំណុច មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយវាយតម្លៃការបោសម្អាត មានរយៈពេល ១៨ ខែ តែការអនុវត្តជាក់ស្តែង មិនសម្រេចតាមផែនការនោះទេ ដោយសារមូលហេតុមួយចំនួន ហួសសមត្ថភាព ដែលបានវាយតម្លៃ។
នាវាដែលលិចក្នុងទន្លេនេះ មានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជាពី ៣ ពាន់តោន ទៅ ៣ ពាន់ ៥ រយតោន៕