លោក ហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តការយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំដែលជាអាទិភាពចម្បង ដែលត្រូវបណ្តុះធនធានមនុស្សដើម្បីជាចំណែកសសរទ្រូងទ្រទ្រង់ជាតិស្របតាមតម្រូវការជាតិ និងរីកលូតលាស់នៃសេដ្ឋកិច្ច-សង្គម។
នេះបើយោងតាមវីដេអូឃ្លីបដែលអនាគតប្រមុខរដ្ឋាភិបាលអាណត្តិថ្មី ផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនទាំង Facebook និង Telegram នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣។ លោកសង្កត់ធ្ងន់ថា ការមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងប្រទេសសម្បើមអស្ចារ្យមិនសូវសំខាន់ខ្លាំងនោះទេ អ្វីដែលសំខាន់នោះគឺមានធនធានមនុស្សជាតិផ្ទាល់ខ្លួនដែលមានសមត្ថភាពកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងនោះទៅវិញទេ។
លោកសង្កត់ធ្ងន់ថា៖ «ជាសមទ្ធិផលធំសំខាន់បំផុតគឺធនធានមនុស្សដែលមានសមត្ថភាព មានគុណធម៌ សីលធម៌ សម្រាប់ពង្រឹងប្រទេសជាតិរបស់យើង។ បើយើងផលិតបានធនធាន ១ ពាន់នាក់ គឺ ១ ពាន់គ្រួសារ ជាសសរទ្រូង ១ ពាន់ នៅក្នុងប្រទេសយើងដែលមាន ១៧ លាននាក់។ យើងត្រូវការសសរដែលរឹងមាំ ទាំងសមត្ថភាព សុខភាព និងចំណេះដឹង»។
លោកគូសបញ្ជាក់ថា នៅពេលប្រទេសជាតិកាន់តែរីកចម្រើន ជាមួយអត្រាកំណើនប្រជាជនកាន់តែកើន ជោគវាសនាមនុស្សក្នុងសង្គមក៏ចេះតែកើន ខណៈប្រទេសជាតិកាន់តែអភិវឌ្ឍន៍ គឺកាន់តែត្រូវការប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង និងបណ្តាប្រទេសក្នុងសកលលោក ដែលចាំបាច់ត្រូវការធនធានមនុស្សកាន់តែមានសមត្ថភាពដើម្បីទ្រទ្រង់សភាពការណ៍បាន។
លោកបន្ថែមថា នៅពេលបច្ចុប្បន្នដែលប្រទេសជាតិមានសុខសន្តិភាព អាចមានលទ្ធភាពក្នុងការបង្កើនសមត្ថភាពធនធានមនុស្ស ការផ្តល់ការអប់រំកម្រិតខ្ពស់ ដូច្នេះរដ្ឋាភិបាលត្រូវតែធ្វើ ខុសពីសម័យមុនដែលជាសម័យសង្គ្រាមគ្មានលទ្ធភាពផ្តល់ការអប់រំមួយបាន។
ជុំវិញបញ្ហានេះដែរ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា គាំទ្រការលើកឡើងនិងចក្ខុវិស័យរបស់លោកហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីដែលមានចក្ខុវិស័យបន្តលើកកម្ពស់វិស័យអប់រំជាគោលដៅចម្បងក្នុងអាណត្តិរដ្ឋាភិបាលនីតិកាលទី ៧ ដែលតាមគម្រោងក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត ខ្លួនឯងផ្ទាល់។
លោកហេង វ៉ាន់ដា យល់ថា៖ «នៅក្នុងអាណត្តិរដ្ឋាភិបាលក្រោយនេះ ក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណដែលផ្តោតការយកចិត្តទុកដាក់លើវិស័យអប់រំនេះ ជារឿងត្រឹមត្រូវណាស់ ដោយសារយើងត្រូវការការប្រកួតប្រជែង យើងត្រូវការធនធានមនុស្សជាតិដែលមានសមត្ថភាព។ បើយើងគ្មានធនធានមនុស្សដែលមានស្តង់ដាអាចប្រើប្រាស់ តើយើងអាចប្រកួតប្រជែងជាមួយគេម្តេចបានក្នុងសេដ្ឋកិច្ចទីផ្សារសេរីនេះ»។
លោក ហេង វ៉ាន់ដា ជាអ្នកជំនាញលើវិស័យអប់រំ មានសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងការកសាងសមត្ថភាពធនធានមនុស្សនៅក្នុងស្រុកសព្វថ្ងៃ ដែលលោកអះអាងថា ធនធានមនុស្សកម្ពុជាមានសក្តានុពលមិនចាញ់ប្រទេសជិតខាង ឬនៅក្នុងពិភពលោកនោះឡើយ ហើយកម្ពុជាតែងខំប្រឹងបង្កើនសមត្ថភាពចំណេះដឹង និងចំណេះធ្វើរបស់ខ្លួនជានិច្ចឱ្យទាន់សភាពការណ៍នៃការរីកចម្រើនរបស់សកលលោក។ លោកបន្ថែមថា នៅពេលអនាគតកម្ពុជាត្រូវតែបង្កើនសមត្ថភាពធនធានមនុស្សរបស់ខ្លួន តាមរយៈការលើកកម្ពស់វិស័យអប់រំដែលពាក់ព័ន្ធនឹងស្ទេម (STEM) និងវិស័យឌីជីថល ដើម្បីអាចចូលរួមប្រកួតប្រជែងនឹងសកលលោកបាន ខណៈសេដ្ឋកិច្ចឌីជីថលកំពុងរីកលូតលាស់ ដែលនេះជាអ្វីដែលរដ្ឋាភិបាលបានដៅទុកជាស្រេចទៅហើយ។
គួរជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវទិសដៅអាទិភាព ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំចំនួន ៨ ចំណុច ដើម្បីបន្តឈានទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាដោយប្ដេជ្ញាចិត្ដយ៉ាងមុតមាំក្នុងការអភិវឌ្ឍធនធានមនុស្ស និងភាពជាពលរដ្ឋសកលឱ្យឆ្លើយតបទៅនឹងបរិបទនៃការអភិវឌ្ឍកម្ពុជា។ ជាមួយគ្នានេះ ក្នុងផែនការគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះឆ្នោតបន្តកាន់អំណាចនៅអាណត្តិទី ៧ ៥ ឆ្នាំខាងមុខនេះ ក៏បានលើកឡើងពីការបន្តលើកកម្ពស់វិស័យអប់រំផងដែរ ជាពិសេសការបណ្តុះបណ្តាលសមត្ថភាពតាមវិជ្ជាជីវៈ ដែលគ្រោងផ្តល់ការបណ្តុះបណ្តាលដល់មនុស្សជាង ២ លាននាក់នៅឆ្នាំ ២០២៤៕