ព្រះវិហារៈ សិស្សានុសិស្សជនជាតិជប៉ុន និងកម្ពុជា ប្រមាណជាង ៩០ នាក់ ដែលដឹកនាំដោយលោកស្រី លីម ហួង (Sakura) តំណាង សភាយុវពាណិជ្ជកម្មអន្តរជាតិជប៉ុន (JCI) ប្រចាំនៅកម្ពុជាបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ប្រាសាទព្រះវិហារ ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិព្រះវិហារនាថ្ងៃទី ៣ ខែសីហា។
យោងតាមអាជ្ញាធរជាតិព្រះវិហារនាថ្ងៃទី៤ខែសីហាបានឱ្យដឹងថា ទស្សនកិច្ចសិក្សានេះ បានធ្វើឡើងក្នុងគោលបំណងចង់ឱ្យសិស្សានុសិស្សជនជាតិជប៉ុនស្វែងយល់ពីអ្វីដែលហៅថាសន្តិភាព ការអប់រំ និងស្ថានភាពនៃការរស់នៅរបស់សិស្សនៅតាមព្រំដែន ព្រមទាំងសិក្សាស្វែងយល់ពីអច្ឆរិយៈសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ នៃប្រាសាទព្រះវិហារ លើកំពូលភ្នំដងរែក។
ក្នុងដំណើរទស្សនកិច្ចសិក្សានោះ ក្រុមការងាររបស់សភាយុវពាណិជ្ជកម្មអន្តរជាតិជប៉ុន និងអាជ្ញាធរជាតិព្រះវិហារក៏បានចុះពិនិត្យសមិទ្ធផល គម្រោងអភិវឌ្ឍន៍នានា ដែលបានជួយដល់សហគមន៍រហូតដល់ពេលបច្ចុប្បន្ន។ គម្រោងទាំងនោះស្ថិតនៅក្នុងតំបន់ប្រាសាទព្រះវិហារដូចជា អណ្តូងស្នប់ សួនបន្លែសហគមន៍ ស្រះចិញ្ចឹមត្រី។
ក្នុងឱកាសនោះដែរសភាយុវពាណិជ្ជកម្មអន្តរជាតិជប៉ុនក៏បានផ្តល់នូវអំណោយសម្ភារសិក្សាដល់សិស្សានុសិស្សនៅវិទ្យាល័យខេមរៈតេជោ មួយចំនួនថែមទៀតផងដែរ។
ទន្ទឹមនឹងនោះដែរ តំណាងសភាយុវពាណិជ្ជកម្មអន្តរជាតិជប៉ុនក៏បានសន្យាថា នៅពេលខាងមុខនេះនឹងពិនិត្យលទ្ធភាពកៀរគរមូលនិធិបន្តទៀត ដើម្បីសហការជាមួយអាជ្ញាធរជាតិព្រះវិហារ ក្នុងគោលដៅជួយអភិវឌ្ឍសហគមន៍ និងវិស័យអប់រំបន្ថែមទៀត នៅក្នុងតំបន់ប្រាសាទព្រះវិហារ៕