​ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នា​ថ្ងៃទី​ ៤​ ខែសីហា​នេះ​ បានប្រកាស​ច្រានចោល​នូវ​ការ​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​មានការ​បែកបាក់​ផ្ទៃក្នុង ហើយ​លោក​នឹង​បន្ត​គាំទ្រ និង​ជួយ​ទំនុកបម្រុង​ឱ្យ​រដ្ឋាភិបាល អាណត្តិ​ទី​៧ ដែលមាន​លោក ​ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​បាន​បំពេញភារកិច្ច​របស់ខ្លួន​ឱ្យ​ទទួលបាន​ជោគជ័យ​។

​លោ​ក ស ខេង​ បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ថា ក្រោយ​ការបោះឆ្នោត​ជា​សកល​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ និង​ជាពិសេស​ក្រោយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានចេញ​សារ​ពិសេស បន្ទាប់ពី​បាន​ចូល​បង្ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្រុម​អ្នកនយោបាយ និង​អ្នកវិភាគ​ដែលមាន​និន្នាការ​ប្រឆាំង បានលើកឡើង​ជា​បន្តបន្ទាប់​នូវ​របស់​ដែល​ហៅថា “​មានការ​បែកបាក់​ផ្ទៃក្នុង​យ៉ាងធ្ងន់ធ្ងរ ក្នុង​រង្វង់​គណបក្ស​ប្រជាជន​កម្ពុជា​”​។

​ក្នុងនាម​ខ្ញុំ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោ​កស ខេង​បាន​លើកឡើងថា ជ័យជម្នះ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​សំឡេងឆ្នោត ៨២,៣០% នៃ​អត្រា​អ្នក​បាន​ទៅ​បោះឆ្នោត ៨៤,៥៩% បាន​ស្តែង​ឱ្យឃើញ​នូវ​កម្លាំង​សាមគ្គី​ជា​ប្រពៃណី​ដ៏​រឹងមាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការបន្ត​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​សំណាក់​ប្រជាពលរដ្ឋ មកលើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក​បាន​បញ្ជាក់ថា​៖«​ប្រសិនបើ​មានការ​បែកបាក់​ដូច​ការគិត​ស្មាន​របស់​ពួកគេ​មែន​នោះ ម្លេះ​សម​គណបក្ស​ប្រជាជន​កម្ពុជា មិនមាន​ភាពរឹងមាំ និង​មិន​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន កាន់តែច្រើន​ជា​លំដាប់ ពី​អាណត្តិ​មួយ ទៅ​អាណត្តិ​មួយ​នោះទេ​»​។

​លោក​បាន​បន្តថា ឧបាយកល​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​កើតឡើង​តាំងពី​អតីតកាល ពោលគឺ​កើតឡើង​តាំងពី​គណបក្សនយោបាយ​ខ្លះ ពុំទាន់​បានចាប់កំណើត​ផង រហូតដល់​មាន​គណបក្ស​ខ្លះ​បាន​ត្រូវ​រលំរលាយ​បែកបាក់​ខ្ចាត់ខ្ចាយ ក៏​ពួកគេ​នៅតែ​ធ្វើ​នយោបាយ​ដ៏​ឆោតល្ងង់ មាន​ឧបាយកល​ទុច្ចរិត​។ តែ​ផ្ទុយទៅវិញ គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​រក្សាបាន​ការឯកភាព​ផ្ទៃក្នុង​ដ៏​រឹងមាំ និង​មានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលប់ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ប្រកបដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​។

​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល នាពេល​បច្ចុប្បន្ននេះ គឺ​បានបង្ហាញ​ច្បាស់​ក្នុង​ប្រវត្តិសាស្ត្រ នៃ​បេសកកម្ម​របស់ខ្លួន គ្រប់​កាលៈទេសៈ គឺ​សុទ្ធតែ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា គ្រប់​ជាន់ថ្នាក់ ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដូច​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​មានប្រសាសន៍​បញ្ជា​ក់រួច​ហើយ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២៣ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​។

​លោ​កស ខេង​បាន​គូសបញ្ជាក់​ជំហរ​ដ៏​មុតមាំ​របស់លោក​ប្រាប់​ជនរួមជាតិ​ថា​៖«​ខ្ញុំ​តែងតែ​គោរព និង​គាំទ្រ​សេចក្តីសម្រេច​របស់​មហា​សន្និបាត និង​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ជ្រើសតាំង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​នេះ និង​អាណត្តិ​បន្តបន្ទាប់​ទៀត និង​ចំពោះ​ការជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី នាពេល​អនាគត ខ្ញុំ​ក៏​នឹង​គោរព​តាម​ការសម្រេច​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​»​។​

​លើសពីនោះ លោក ស ខេង​ក៏បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ផងដែរ​ថា​៖«​ក្នុងន័យនេះ ខ្ញុំ​នឹង​បន្ត​គាំទ្រ និង​ជួយ​ទំនុកបម្រុង​ឱ្យ​រដ្ឋាភិបាល អាណត្តិ​ទី​៧ ដែលមាន​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​បំពេញភារកិច្ច​របស់ខ្លួន ឱ្យ​ទទួលបាន​ជោគជ័យ​តាម​គោលការណ៍​ទាំងឡាយ​ដែល​សម្រេច​ដោយ​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​»៕​