ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា នាវាប្រមាណ ៩៣ ភាគរយនឹងអាចចូលចតនៅកំពង់ផែស្វយ័តទឹកជ្រៅក្រុងព្រះសីហនុ ក្រោយសាងសង់រួចនៅឆ្នាំ២០២៩។
ក្រសួងបញ្ជាក់នាថ្ងៃទី៥ ខែសីហា ថា កំពង់ផែស្វយ័តទឹកជ្រៅក្រុងព្រះសីហនុនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ហើយការសាងសង់ ចែកជា ២ ដំណាក់កាល។ ដំណាក់កាលទី១មានប្រវែង ២៥៣ ម៉ែត្រ ហើយដំណាក់កាលទី២ មាន ៣ ជំហាន។
ជំហានទី១ មានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ ម៉ែត្រ។ ជំហានទី២ មានប្រវែង ៤០០ ម៉ែត្រ និងជម្រៅ ទឹក ១៦,៥ ម៉ែត្រ។ ជំហានទី៣ មាន ប្រវែង ៤៣០ ម៉ែត្រ និងជម្រៅទឹក ១៧,៥ ម៉ែត្រ។
ក្រសួងបញ្ជាក់ថា៖ «គ្រោងបញ្ចប់ នៅឆ្នាំ២០២៩ ទំហំទឹកប្រាក់ ៩៧៣ លានដុល្លារ។ ក្រោយការសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាប្រមាណ ៩៣ ភាគរយ នឹងអាចចូលចតបាន»។
ក្រសួងលើកឡើងទៀតថា កំពង់ផែនេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា តភ្ជាប់ទំនាក់ទំនងគមនាគមន៍ផ្លូវទឹក វិនិយោគ ការដោះដូរទំនិញ ដឹកជញ្ជូនឆាប់រហ័ស និងចំណាយតិច៕