ពោធិ៍សាត់ៈ អាជ្ញាធរបានអំពាវនាវដល់អ្នកពាក់ព័ន្ធចូលរួមសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន បារីអេឡិចត្រូនិក ជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ ដោយអាជ្ញាធរចាត់ទុកថា ទាំងនេះគឺជាបញ្ហារួម។
ការអំពាវនាវនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក មេរោគអេដស៍ និងគ្រោះថ្នាក់នៃគ្រឿងញៀនជាមួយសិស្ស គ្រូបង្រៀន អាជ្ញាធរមូលដ្ឋាន ចំនួន ២៥៨ នាក់ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៤ ខែសីហា។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់នាថ្ងៃទី៥ ខែសីហា ថា៖ «ទាំងវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ និងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននិតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សុទ្ធតែបានចាត់ទុកថា បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក បញ្ហាជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហារួមរបស់យើងទាំងអស់ តម្រូវឱ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមសកម្មភាព ដើម្បីប្រយុទ្ធប្រឆាំងដើម្បីការពារខ្លួន ក្រុមគ្រួសារកុំឱ្យមានបញ្ហា អ្នកដទៃកុំឱ្យមានបញ្ហា និងរាយការណ៍ សហការគ្នាដើម្បីរកការអន្តរាគមន៍ជួយទាន់ពេលវេលា»។
ក្រៅពីនេះ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងសិក្ខាសាលានេះថា វិស័យអប់រំជាវិស័យអាទិភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បង្កើនល្បឿនកសាងប្រទេសកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ ការពង្រឹងបាននូវសុខភាពសិក្សា គឺជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំ នាំឱ្យការអភិវឌ្ឍប្រទេសជាតិទៅមុខបានលឿនដោយចីរភាព។ នេះបើយោងតាមគេហទំព័រដដែល៕