ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួនជាង ៥០០ នៅទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញនិងការបង្កើនសមត្ថភាពផ្នែកឌីជីថលដល់អ្នកពាក់ព័ន្ធ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងថា កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងភាពជាដៃគូដ៏ល្អរវាងកម្ពុជា កូរ៉េ និងអង្គការយូណេស្កូ ជាពិសេសទៅលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
លោកថ្លែងដូច្នេះក្នុងពិធីសម្ពោធកម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៤ ខែសីហា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី រាជធានីភ្នំពេញ ដោយមានវត្តមានលោក Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាផងដែរ។
ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ បានចាប់ផ្តើមការប្រកួតថ្នាក់ជាតិមួយដែលមានឈ្មោះថា «កម្មវិធីបញ្ញវន្តឌីជីថល Digital Talents» ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍លើជំនាញឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបានថ្លែងថា៖«ដើម្បីរួមចំណែកបន្ថែមទៀតដល់ការកសាងធនធានមនុស្សឌីជីថលរបស់ប្រទេស ក្រសួងគ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញនិងការបង្កើនសមត្ថភាពផ្នែកឌីជីថលដល់អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលដល់ប្រជាជនតាមសហគមន៍មូលដ្ឋាន»។
លោក ជា វ៉ាន់ដេត ជឿជាក់ថា កម្មវិធីវិញ្ញាបនបត្រនេះនឹងផ្តល់ឱ្យយុវជនកម្ពុជាកាន់តែច្រើនឡើងក្នុងការទទួលនូវចំណេះដឹងដ៏ទំនើប។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងនាថ្ងៃទី៥ ខែសីហា។
លោកសង្ឃឹមថាកម្មវិធីនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ ការផ្សារភ្ជាប់វប្បធម៌បន្តរវាងនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរបស់គ្រឹះស្ថានសិក្សាដៃគូទាំងអស់ ដើម្បីអាចទាញយកអត្ថប្រយោជន៍ជាអតិបរមានៃវិទ្យាសាស្ត្រទិន្នន័យសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
នៅក្នុងពិធីនេះក៏មានការចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យ Handong Global សាធារណរដ្ឋកូរ៉េ និងគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាចំនួន៦ រួមមានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាជាតិគ្រប់គ្រង សាកលវិទ្យាបញ្ញាសាស្ត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕