​កំ​ពតៈ មន្ត្រី​ជំនាញ​ជលផល និង​សហគមន៍​នេសាទ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត​នា​រាត្រី​ថ្ងៃទី ​៣ ខែសីហា ឆ្នាំ ២០២៣ ​បាន​រកឃើញ​ឈឹប​ឆក់ និង​បាន​រុះរើ​ឧបករណ៍​ឆក់​ចេញពី​ឈឹប​របស់​អ្នកនេសាទ​នៅ​កំពង់ទូក​តែម្តង​។​

​ការចុះ​បង្ក្រាប​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​ចុះ​សកម្មភាព​ល្បាត​បទល្មើស​នេសាទ​ក្នុង​ដែន​នេសាទ​របស់​សហគមន៍​នេសាទ​ត្រពាំង​សង្កែ ដោយមាន​ការចូលរួម​សហការ​ពី​សមត្ថកិច្ច​ជំនាញ មន្ត្រីរដ្ឋបាល​ជលផល​៦​រូប សមាជិក​និង​គណៈកម្មការ​សហគម​ន៍​១៤​រូប​។​

​ទាក់ទង​នឹង​បទល្មើស​នេសាទ​នេះដែរ សង្កាត់រដ្ឋបាល​ជលផល​សន្ទុក​នាពេល​ថ្មីៗ​នេះ និង​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក ដែល​ដឹកនាំ​ដោយ​លោក ស្រី សំណាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក​បាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល នៅ​ចំណុច តាម​ដងស្ទឹង​តាំងក្រសាំង ដងស្ទឹង​ជី​និ​ត បឹង​ខែល​រមាស បឹង​ខ្វែក បឹង​លីវ បឹង​ព្រោះ បឹង​ក្រៃ​ស្នោ​ធំ បឹង​កណ្ដោល​តូច បឹង​តា​មុន និង​តំបន់​កោះ​លត ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក​។​

​ជា​លទ្ធផល​អនុវត្តបាន​១​ករណី ដែល​នេសាទ​ដោយ​ឧបករណ៍​ឆក់ តែ​ជនសង្ស័យ​រត់គេចខ្លួន​បាត់​។ វត្ថុតាង​ដែល​រកឃើញ​រួមមាន ដុំ​ភ្លើង​ឆក់​ចំនួន​២​គ្រឿង ដង​ឆក់​ចំនួន​៤​គ្រឿង អាគុយ​ចំនួន​២​គ្រឿង ខ្សែភ្លើង​ប្រវែង​១០​ម៉ែត្រ និង​កាន​ដាក់​ត្រី​ចំនួន​២​គ្រឿង​ផងដែរ​។​នេះ​បើ​យោងតាម​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ខេត្តកំពង់ធំ​៕