ភ្នំពេញៈ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែនបានជាង ៧៨០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលម្ហសមុទ្រ។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៤ខែសីហានេះបានឱ្យដឹងថា នាយកមន្ទីរប្រឆាំងគ្រឿងញៀនបន្ទាប់ពីបានទទួលព័ត៌មានពីកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង៤ខែ ដើម្បីស្រាវជ្រាវច្បាមមុខសញ្ញាឧក្រិដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិន(តៃវ៉ាន់)១ក្រុម។ ពួកគេបានធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលម្ហសមុទ្រ។
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដែលដឹកនាំដោយលោកអ៊ិន សុង នាយករងមន្ទីរ និងលោកម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបដោយបែងចែកកម្លាំងជា២ក្រុម។
ក្នុងនោះក្រុមទី១គឺ នៅវេលាម៉ោង២និង៣០(យប់) ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានបង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ជាលទ្ធផល ឃាត់ជនសង្ស័យ២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)៖ ១.ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ និង២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ វត្ថុតាងរឹបអូសរួមមាន៖ សារធាតុញៀនប្រភេទកេតាមីន ចំនួន៧៨៥ដុំ ស្មើទម្ងន់ ជាង៧៨៩ គីឡូក្រាម រថយន្ត១គ្រឿង និងទូរស័ព្ទ២គ្រឿងផងដែរ។
ដោយឡែកក្រុមទី២វិញគឺ នៅវេលាម៉ោង៧និង៣០(ព្រឹក) ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានបង្ក្រាបនៅបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជាលទ្ធផល ឃាត់ជនសង្ស័យ៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ៖ ១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ " មេខ្លោង" ។ ២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។ ៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។ ៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨។ រីឯវត្ថុតាងដែលត្រូវបានរឹបអូសរួមមាន៖ រថយន្ត៣គ្រឿង ម៉ូតូ ២គ្រឿង ទូរស័ព្ទ៥គ្រឿង និងគណនីធនាគារ៨គណនីផងដែរ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕