រតនគិរីៈ ជនជាតិដើមភាគតិចចំនួន ៦ បាននិងកំពុងតែរស់នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ហើយពួកគាត់ជាអ្នកដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការងារអភិរក្សព្រៃឈើ និងសត្វព្រៃដ៏មានតម្លៃនៅទីនោះផងដែរ។
ជនជាតិដើមភាគតិចទាំងនោះរួមមាន ជនជាតិដើមភាគតិចព្នង ចារាយ ទំពួន ស្ទៀង ព្រៅ និងកាវ៉ែត (បូករួមទាំងជនជាតិឡាវ និងចាមមួយចំនួនផងដែរ) ដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ហើយពួកគាត់គឺជាបុគ្គលជួរមុខ ក្នុងការការពារព្រៃឈើ និងសត្វព្រៃដ៏មានតម្លៃនៅទីនោះ។ នេះបើយោងតាមគម្រោងមរតកបៃតង (USAID Morodok Baitang)។
គម្រោង USAID មរតកបៃតង នឹងធ្វើការជាមួយសហគមន៍មួយចំនួន ដែលស្ថិតនៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃលំផាត់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌជីវរូបសាស្ត្រ បង្កើនអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពង្រឹងការអនុវត្តអភិបាលកិច្ចធនធានធម្មជាតិនៅទីនេះ។
សហគមន៍នៅក្នុងតំបន់នោះជាច្រើនភូមិក៏បានយល់ព្រមចូលរួមក្នុងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ផងដែរ ក្រោយពីគម្រោង USAID-មរតកបៃតង អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអាជ្ញាធរបានធ្វើការផ្សព្វផ្សាយពីគម្រោងរេដបូកនេះទៅដល់ពួកគាត់។
ដែនជម្រកសត្វព្រៃលំផាត់ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យក្នុងឆ្នាំ១៩៩៣ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៥ ម៉ឺនហិកតា។ ក្នុងនោះប្រហែល៨០% ស្ថិតនៅក្នុងខេត្តរតនគិរី និងចំនួន ២០% ទៀតនៅក្នុងខេត្តមណ្ឌលគិរី៕