ក្រសួងបរិស្ថាន សហការជាមួយ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា (WCS) រដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងដៃគូពាក់ព័ន្ធ ប្រារព្ធពិធីសិក្ខាសាលា ផ្សព្វផ្សាយស្ដីពី៖ «អនុក្រឹត្យលេខ ១៤៤ ស្ដីពីការបង្កើតតំបន់ការពារទេសភាពបាកាន» ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋចូលកិច្ចការអភិរក្សចម្រុះដ៏សម្បូរបែប។
ពិធីនេះត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៤ខែសីហា នៅឯខេត្តពោធិ៍សាត់ ដែលជាជំហានដ៏សំខាន់សម្រាប់ការការពារជម្រកជីវចម្រុះ និងអនុលោមទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលក្នុងនោះ ប្រទេសកម្ពុជា បានចូលរួមប្ដេជ្ញាការពារអភិរក្សធនធានធម្មជាតិនិងជីវចម្រុះឱ្យបាន៣០ភាគរយទាំងផ្ទៃដីនិងសមុទ្រ លើផែនដីត្រឹមឆ្នាំ២០៣០។នេះបើតាម(WCS)។
តំបន់ការពារទេសភាពបាកានមានផ្ទៃដីសរុប ៣៨,៤៣០ហិកតា បើប្រៀបធៀបទៅនឹងតំបន់រួមបញ្ចូលគ្នានៃកោះ Galapagos តំបន់ការងារទេសភាពបាកាន គឺជាតំបន់ដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប។ តំបន់ការពារនេះ មានសភាព ជាវាលស្មៅលិចទឹក និងជាទីជម្រកសម្រាប់សត្វរស់នៅក្នុងទឹកក្នុងរដូវវស្សា។ គូសបញ្ជាក់ផងដែរថា តំបន់ដ៏វិសេសនេះក៏ជាទីជម្រកនៃប្រភេទសត្វបក្សីជិតផុតពូជដូចជា សត្វខ្សឹប (Bengal Florican) សត្វចាបស្មៅម៉ាន់ជូរ (Manchurian Reed-warbler) ហើយជាពិសេសគឺសត្វចាបស្មៅចុងខ្នងត្នោត (Chinese Grassbird)ដែលមានវត្តមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។
អង្គការសមាគមអភិរក្សសត្វព្រៃ និងដៃគូពាក់ព័ន្ធបានចំណាយពេលវេលាប្រាំឆ្នាំចុងក្រោយនេះ ក្នុងការធ្វើសកម្មភាពតស៊ូមតិនិងសម្របសម្រួលក្នុងការដាក់បញ្ចូលតំបន់នេះទៅជាតំបន់ការពារ ដោយយោងទៅលើគុណតម្លៃ និងការទទួលស្គាល់អំពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់នេះតាំងពីដើមឆ្នាំ ២០០០ មកម្ល៉េះ។ ជាងនេះផងដែរ ការដាក់បញ្ចូលតំបន់នេះទៅជាតំបន់ការពារលើកដំបូង ក្រោយពីមានវិបត្តិជំងឺរាតត្បាតសកល ជំងឺកូវីដ១៩ ដែលទាំងនេះ បង្ហាញឃើញអំពីការយកចិត្តទុកដាក់ និងការបន្តលើការងារអភិរក្សប្រព័ន្ធអេកូឡូស៊ី។
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ តំបន់បឹងទន្លេសាបបានប្រឈមនឹងបញ្ហា លើការប្រើប្រាស់ដីយ៉ាងគំហុក ដែលជា កត្តាគំរាមកំហែងដល់ជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់នេះ។ តំបន់ការពារទេសភាពបាកាន គឺជាទីជម្រកវាលស្មៅលិចទឹក ធម្មជាតិ ដ៏សំខាន់ចុងក្រោយដែលត្រូវការការពារ នៅតំបន់ភាគខាងត្បូងនៃតំបន់ទំនាបទន្លេសាប។
WSC គូសបញ្ជាក់ថា៖«សហគមន៍មូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារអភិរក្សតំបន់នេះ។ មិនតែប៉ុណ្ណោះការចូលរួមរបស់សហគមន៍ គឺជាធាតុផ្សំដ៏សំខាន់ដែលធ្វើឱ្យមានការដាក់បញ្ចូលតំបន់នេះទៅជាតំបន់ការពារ ហើយពួកគេក៏នៅតែបន្តសកម្មភាព ចូលរួមនានាដែលមានលក្ខណៈបែបប្រពៃណីនិងការងារអភិរក្សប្រព័ន្ធអេកូចម្រុះនេះ»។
ការបង្កើតតំបន់ការពារទេសភាពបាកាន មិនគ្រាន់តែជាសមិទ្ធផលថ្នាក់ជាតិប៉ុណ្ណោះទេ វាគឺជាជំហានដ៏ធំមួយក្នុងការចូលរួម សកម្មភាពសកល ដោយអនុលោមទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៣០ គុណ ៣០។ ប្រទេសជាង១០០ លើសកលលោករួមមានទាំងប្រទេសកម្ពុជាក៏បានចូលរួមប្ដេជ្ញាក្នុងការស្ដារការបាត់បង់ជីវចម្រុះ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងធានានូវអនាគតប្រកបដោយចីរភាពសម្រាប់ភពផែនដីរបស់យើង៕