គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបង្ហាញលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៥ អាសានៈ នៅក្នុងរដ្ឋសភានីតិកាលទី ៧។ នេះបើតាមសេចក្តីសម្រេចរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ ប នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣។
លោក សោម សូរីដា អ្នកនាំពាក្យគជប នៅថ្ងៃទី ៥ ខែសីហា នេះ បញ្ជាក់បន្ថែមថា សម្រាប់លទ្ធផលបឋម និងលទ្ធផលផ្លូវការ នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតីកាលទី ៧ ឆ្នាំ ២០២៣ មិនមានការប្រែប្រួលនោះទេ គឺនៅរក្សាដដែល ពោលគឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០ អាសនៈ និងគណបក្សហ៊ុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈនៅក្នុងរដ្ឋសភា ។
គ.ជ.ប ប្រកាសផ្សាយលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ ព្រឹក តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។
ប្រព័ន្ធផ្សព្វផ្សាយទាំងនោះរួមមាន តាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត៕