ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានធ្វើការបដិសេធ និងច្រានចោលនូវខ្លឹមសារដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកមួយដោយបានសរសេរថា ជំងឺអេដស៍មានការផ្ទុះឡើងជាង ១ពាន់នាក់ហើយ ខណៈមន្ត្រីថា ក្នុង ១ថ្ងៃ មានអ្នកឆ្លងជំងឺអេដស៍ចំនួន ៤នាក់ប៉ុណ្ណោះ។
យោងតាមគណនីយហ្វេសប៊ុកដែលមានឈ្មោះថា «NX Vanlyda»បានសរសេរកាលពីថ្ងៃទី២៨ ខែកក្កដាថា ៖ «ជំងឺអេដស៍ថ្ងៃនេះផ្ទុះឡើង១ពាន់នាក់ជាងហើយ។ ឱ ជីវិតប្រពន្ធកូននៅផ្ទះទៅជាយ៉ាងណា បើប្តីលួចមានដៃគូច្រើន»។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែសីហាថា តាមរយៈការសិក្សារបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឆ្នាំ២០២២ ស្ថានភាពអ្នកផ្ទុកជំងឺអេដស៍នៅកម្ពុជាមានប្រមាណ ៧៦ ០០០នាក់ ហើយក្នុងនោះអ្នកឆ្លងថ្មីមានចំនួន ១ ៤០០នាក់ បើគិតក្នុង១ថ្ងៃមានអ្នកឆ្លងជំងឺអេដស៍ចំនួន ៤នាក់។
លោកបន្តថា ដូច្នេះស្ថានភាពអ្នកឆ្លងជំងឺអេដស៍នៅកម្ពុជា មានលក្ខណៈបែបនេះក្នុង១ថ្ងៃមានអ្នកឆ្លងតែ៤នាក់នោះទេ។ ហេតុនេះវាមិនដូចការផ្សព្វផ្សាយព័ត៌មានរបស់បណ្ដាញសង្គមមួយចំនួន ដែលថាក្នុង១ថ្ងៃកម្ពុជា មានអ្នកឆ្លងជំងឺអេដស៍ជាង ១ពាន់នាក់នោះឡើយ។
លោក ឈឹម ឃិនដារ៉េត បានថ្លែងថា៖ «ព័ត៌មាននៅក្នុងហ្វេសប៊ុកហ្នឹង គឺឃើញដាក់ជាង១ពាន់ ប៉ុន្តែអត់បានកំណត់ ដូច្នេះយើងបារម្ភ និងខ្លាចប្រជាពលរដ្ឋយើងមានការយល់ច្រឡំថាក្នុង១ថ្ងៃមានអ្នកឆ្លងជាង ១ពាន់នាក់ តែតាមពិតក្នុង១ថ្ងៃអ្នកឆ្លងជំងឺអេដស៍មានតែ៤នាក់ទេ»។
លោកបន្តថា ការរកឃើញអ្នកឆ្លងជំងឺអេដស៍ក្នុង១ថ្ងៃចំនួន ៤នាក់នេះ ភាគីច្រើនកើតឡើងទៅលើក្រុមប្រជាជនគន្លឹះដូចជា ក្រុមបុរសរួមភេទជាមួយបុរស, ក្រុមបំប្លែងភេទ, ក្រុមអ្នកប្រើប្រាស់ និងចាក់គ្រឿងញៀន, ក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថានកម្សាន្តសប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ដោយសារពួកគាត់ជាក្រុមដែលប្រឈមហានិភ័យខ្ពស់ ដូច្នេះទាំងក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងធ្វើកិច្ចអន្តរាគមន៍ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់បានទទួលព័ត៌មាន និងចូលរួមទប់ស្កាត់លើខ្លួនរបស់ពួកគាត់បន្តទៀតសម្រាប់កុំឱ្យឆ្លង។ នេះបើតាមលោក ឈឹម ឃិនដារ៉េត។
លើសពីនេះទៀត លោកក៏បានបញ្ជាក់ដែរថា កន្លងមក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏មានវិធានការជាច្រើនក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍ដែរប៉ុន្តែថ្មីៗនេះ អាជ្ញាធរបានជំរុញឱ្យរាជធានី-ខេត្ត ដែលជាគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រួមទាំងឃុំ-សង្កាត់ និងក្រសួងសុខាភិបាល ត្រូវចូលរួមទាំងអស់គ្នាជាកម្លាំងតែមួយ ដើម្បីផ្សព្វផ្សាយនិងប្រើគ្រប់មធ្យោបាយទាំងអស់។
ក្នុងនោះរួមមាន ទាំងការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គម និងការប្រើប្រាស់ថ្នាំសម្រាប់បង្ការដល់ប្រជាពលរដ្ឋទូទៅផង និងពិសេសក្រុមប្រជាជនគន្លឹះ ខណៈដែលក្រុមប្រជាជនទាំងនេះមានការពិបាក ក្នុងការដែលអាជ្ញាធរត្រូវជួបពួកគាត់ក៏ដោយ។
លោកឈឹម ឃិនដារ៉េត បន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ថា ទាំងការធ្វើតេស្ដរកមេរោគអេដស៍ និងទាំងការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍នៅកម្ពុជាយើង គឺអត់មានគិតប្រាក់នោះទេ រាជរដ្ឋាភិបាលយើងបានព្យាបាលជូនដោយមិនគិតថ្លៃ ហើយជាពិសេសរាជរដ្ឋាភិបាលយើង ក៏បានផ្ដល់នូវសមធម៌បន្ថែមទៀត ទៅដល់អ្នកដែលមានផ្ទុកជំងឺអេដស៍»។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល និងការិយាល័យពហុប្រទេសនៃអង្គការ UNAIDS នៃប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ីកាលពីខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦ ០០០នាក់ កំពុងផ្ទុកមេរោគអេដស៍។
សេចក្តីប្រកាសព័ត៌មាន បន្តថា ក្នុងនោះ ៧៤ ០០០នាក់ជាមនុស្សពេញវ័យដែលមានអាយុចាប់ ពី ១៥ឆ្នាំឡើងទៅ និងប្រហែល ២ ០០០នាក់ ជាកុមារពី០-១៤ឆ្នាំ។ ៨៦% នៃ អ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ហើយបានប៉ាន់ស្មានថា មនុស្ស ១១ ០០០ នាក់ មិនដឹងថាពួកគេកំពុងផ្ទុកមេរោគអេដស៍នៅឡើយ៕