ភ្នំពេញៈ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសិក្ខាសាលាស្តីពីការងារអភិរក្ស និងបច្ចេកទេសជួសជុលថ្ម នៅរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីប្រមូលធាតុចូលពីអ្នកជំនាញជាតិ និងអន្តរជាតិ លើវិធីសាស្ត្រក្នុងការងារអភិរក្ស ជួសជុលប្រាសាទទាំងនោះនាពេលខាងមុខ។
សិក្ខាសាលានេះ បានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៤ ខែសីហា ក្រោមអធិបតីភាពលោក ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ, លោកសាស្ត្រាចារ្យ Dr. Hans Leisen, លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងអ្នកជំនាញជាតិ អន្តរជាតិមកពីអាជ្ញាធរជាតិសំបូរព្រៃគុក សារមន្ទីរជាតិភ្នំពេញ អភិរក្សដ្ឋានអង្គរ ស្ថាប័ន World Monument Fund និងស្ថាប័ន GIZ។
យោងតាមអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី៥ ខែសីហា ថា ការរៀបចំនេះក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ពីអ្នកជំនាញជាតិ និងអន្តរជាតិ លើវិធីសាស្ត្រក្នុងការងារអភិរក្ស ជួសជុល និងការប្រើប្រាស់សម្ភារសម្រាប់អនុវត្តនៅប្រាសាទបល្ល័ង្កត្បូង និងប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរនាពេលខាងមុខ។
លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែសីហា ថា ទាក់ទងនឹងការអភិរក្ស និងបច្ចេកទេសក្នុងការជួសជុល អាជ្ញាធរជាតិព្រះវិហារធ្លាប់បានរៀបចំបើកការបណ្ដុះបណ្ដាលរួចមកហើយ ប៉ុន្តែជាលើកដំបូងដែលអាជ្ញាធរជាតិព្រះវិហារធ្វើឡើងជាក្របខ័ណ្ឌសិក្ខាសាលាដូចនេះ។
លោកបានបន្តថា ៖ «មូលហេតុនៃការរៀបចំសិក្ខាសាលានេះឡើង ដោយសារអ្នកជំនាញជាតិ និងអន្តរជាតិ ចង់ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកនៃការងារអភិរក្ស និងជួសជុលថ្ម នៅតាមតំបន់នីមួយៗរបស់ខ្លួនគ្រប់គ្រង»។
លោកបញ្ជាក់ថា ជារួមនៅក្នុងសិក្ខាសាលានេះ មិនត្រឹមតែទទួលបានទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចុះទៅអនុវត្ត និងពិនិត្យមើលទីតាំងដោយផ្ទាល់ ហើយក៏បានយល់ដឹង និងទទួលបាននូវបទពិសោធន៍នៃការងារជួសជុលក្នុងកន្លែងនីមួយៗផងដែរ ដើម្បីសំយោគចូលគ្នាសម្រាប់ឱ្យដឹងថាតើអាជ្ញាធរជាតិព្រះវិហារត្រូវតែមានការគិតគូរយ៉ាងណាទៅលើការងារអភិរក្ស និងជួសជុលថ្ម នៅរមណីយដ្ឋានប្រាសាទកោះកេរ។
លោក គង់ ពុទ្ធិការ បានថ្លែងថា៖ «យើងបានប្រយោជន៍ច្រើនពីសិក្ខាសាលាហ្នឹង ដោយយើងបានដកស្រង់នូវបទពិសោធន៍ការងារនៅកន្លែងផ្សេងៗ យើងដឹងថា នៅប្រាសាទអង្គរគេធ្វើម៉េច នៅប្រាសាទសំបូរព្រៃគុកគេធ្វើម៉េច ហើយនៅខាងក្រុមការងាររបស់អាល្លឺម៉ង់គេធ្វើយ៉ាងម៉េច?»។
លោកបន្តទៀតថា ចំណុចនៃការងារជួសជុលមានខ្លះដូចគ្នា ហើយខ្លះទៀតមិនដូចគ្នា អ៊ីចឹងបន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ មានការចងក្រងជាអនុសាសន៍ ដើម្បីយកទៅអនុវត្តកិច្ចការអភិរក្ស និងជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរជាបន្តទៅមុខទៀត។
លោកថា នៅក្នុងសិក្ខាសាលានេះ វាក៏អាចផ្ដល់ជាលទ្ធភាពទៅដល់អ្នកជំនាញជាតិ និងអន្តរជាតិទាំងអស់នោះ គឺពួកគាត់អាចមកពិនិត្យមើលផ្ទាល់ទៅលើបញ្ហាប្រាសាទកោះកេរថា មានលក្ខណៈយ៉ាងណាដែរ ដើម្បីផ្ដល់នូវយោបល់ពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិ ក្នុងកិច្ចការដោះស្រាយបញ្ហាអភិរក្ស និងជួសជុលក្នុងតំបន់នោះ៕