
សាច់សត្វព្រៃដែលសមត្ថកិច្ចចាប់ដកហូតកាលពីថ្ងៃទី៤ សីហា ។ រូបថត ហ្វេសប៊ុក
បន្ទាយមានជ័យៈ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានចាប់ដកហូតសត្វព្រៃមួយចំនួននៅផ្សារកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ប៉ុន្តែមិនបានឃាត់ខ្លួនអ្នកលក់ទេ។
លោក អ៊ឹម សិរីវុទ្ធិន នាយផ្នែករដ្ឋបាលព្រៃឈើព្រះនេត្រព្រះបានឱ្យដឹងនៅថ្ងៃទី៦ ខែសីហាថា សាច់សត្វព្រៃដែលចាប់បាននោះត្រូវបានមន្ត្រីជំនាញយកទៅកប់ចោលអស់ហើយ ដោយឡែកសត្វព្រៃដែលនៅមានជីវិតនឹងត្រូវយកទៅលែងឱ្យមានសេរីភាពវិញ។
លោកប្រាប់ថា ការចុះទៅទីតាំងផ្សារកូនដំរី ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតនេះមន្ត្រីជំនាញមានបំណងអប់រំ ណែនាំពលរដ្ឋជាអាជីវករលក់ដូរត្រីសាច់ ម្ហូបអាហារគ្រប់ប្រភេទក្នុងផ្សារ ដាច់ខាតកុំលក់ដូរសត្វព្រៃ ព្រោះជាអំពើល្មើសច្បាប់ ទោះបីលក់ដូរជាលក្ខណៈគ្រួសារយ៉ាងណាក៏ដោយ។ ។ លោកថា ពេលចុះទៅទីតាំងនោះ មន្ត្រីជំនាញបានជួបការលក់ដូរសត្វព្រៃ ប៉ុន្តែអ្នកលក់ដឹងខ្លួនទាន់ក៏រត់គេចខ្លួនបាត់អស់។
សត្វព្រៃដែលដាក់លក់នោះរួមមាន ពស់វែកក្របី១ថង់ អណ្តើក១០ក្បាល សាច់សត្វធ្វើហើយស្រេច រួមមាន ទន្សង២ដុំ សាច់ពស់ក្រចាន់តាមម១ដុំនិងសាច់សត្វត្រកួត២ដុំ។ សាច់សត្វងាប់ទាំងនោះត្រូវបានយកទៅកប់ក្នុងដីនៅបរិវេណសង្កាត់អូរជ្រៅ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ។ ចំណែកសត្វល្មូននៅរស់មន្ត្រីជំនាញត្រៀមលែងនៅថ្ងៃចន្ទ ក្នុងនោះសត្វអណ្តើកនឹងត្រូវលែងក្នុងស្រះធំនៅវត្តស្រះកណ្តាល ក្នុងស្រុកព្រះនេត្រព្រះ និងពស់វែកក្របីលែងនៅតំបន់អភិរក្សអូររន្ទះបាញ់ ក្នុងឃុំ-ស្រុកព្រះនេត្រព្រះដូចគ្នា។
លោកថ្លែងថា៖«មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានធ្វើការចាប់ឃាត់ដកហូតប្រភេទសត្វព្រៃមួយចំនួន ប៉ុន្តែមិនចាប់បានឬឃាត់ខ្លួនអ្នកលក់ឬអាជីវករណាម្នាក់ទេ ដោយសារលក់ដូរលក្ខណ:គ្រួសារតិចតួច និងទីតាំងលក់ដូររបស់ពួកគាតពុំមានតូបច្បាស់លាស់ ហើយម្យ៉ាងពួកគាត់គ្រាន់តែឃើញមន្ត្រីសមត្ថកិច្ចក៏បានរត់គេចខ្លួនបាត់អស់»៕