ភ្នំពេញៈ នាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល ណែនាំឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការផ្សាយលក់ប្រភេទ សេះសមុទ្រ ដែលជាប្រភេទត្រីសមុទ្រកំពុងស្ថិតក្នុងក្រុមរងការគំរាមកំហែង ឈានទៅរកការជិតផុតពូជ
បន្ទាប់ពីមានករណីផ្សព្វផ្សាយលក់នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលផ្ទុយនឹងច្បាប់កម្ពុជា។
កាលពីថ្មីៗនេះ មានគណនី ១ បានបង្ហោះផ្សព្វផ្សាយពីការទិញលក់សត្វសេះសមុទ្រនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលនាំឱ្យអ្នកប្រើប្រាស់ប្រព័ន្ធនេះមួយចំនួនមានការប្រតិកម្មនិងបង្ហាញការមិនពេញចិត្ត ដោយបានអំពាវនាវឱ្យមានចំណាត់ការចំពោះការយកសេះសមុទ្រមកធ្វើអាជីវកម្ម។
ពាក់ព័ន្ធនឹងករណីនេះ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៦ សីហាថា សេះសមុទ្រ ចែកជា២ក្រុម គឺក្រុមមានបន្លា និងក្រុមគ្មានបន្លា គឺជាប្រភេទត្រីសមុទ្រម្យ៉ាង មានរូបរាងចម្លែកដូចជាសេះ ហើយហែលបញ្ឈរ ខុសពីប្រភេទត្រីទូទៅ ខណៈត្រីឈ្មោលជាអ្នកពពោះហើយវាជាប្រភេទត្រីស៊ីសាច់ជាអាហារ ដែលរូបរាងរបស់វាមើលទៅគួរឱ្យស្រឡាញ់។
លោកបន្តថា សត្វនេះ ត្រូវបានចាត់ចូលជាប្រភេទសត្វដែលប្រឈមគ្រោះថ្នាក់ដោយសារតែកត្តាធម្មជាតិ និងការនេសាទរបស់ប្រជាពលរដ្ឋដែលទាមទារឱ្យមានការចូលរួមការពារនិងអភិរក្សហើយការផ្សព្វផ្សាយធ្វើអាជីវកម្មលើសត្វប្រភេទនេះ គឺជាអំពើខុសច្បាប់។
លោកបានបញ្ជាក់ថា៖«ថ្មីដ្បិតតែមានការនេសាទបានពីប្រជានេសាទពេលខ្លះបានធ្វើឡើងដោយអចេតនា ដែលបណ្តាលឱ្យពួកវាងាប់ ប៉ុន្តែការបង្ហោះលក់ដោយរបៀបនេះគឺបង្កភាពអនាធិបតេយ្យ ហើយហាក់ដូចជាលើកទឹកចិត្តឱ្យអ្នកនេសាទប្រឹងប្រែងចាប់សត្វប្រភេទនេះ។អ៊ីចឹងហើយបានជានៅពេលមានការបង្ហោះក្នុងន័យលើកទឹកចិត្ដបែបនេះ យើងតែងតែធ្វើការទប់ស្កាត់។ ខ្ញុំអរគុណច្រើន ខ្ញុំនឹងបន្តទំនាក់ទំនងទៅកាន់គណនីនេះ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមាន»។
ចំពោះវិធានការលើករណីនេះ លោកបានអះអាងថា សមត្ថកិច្ចនឹងស្វែងរកម្ចាស់គណនីនេះឱ្យមកធ្វើកិច្ចសន្យាអប់រំហើយបើនៅតែបន្តល្មើសដោយឥតរាងចាលនោះសមត្ថកិច្ចនឹងដាក់ទោសទៅតាមច្បាប់ ដោយលោកអះអាងថា កន្លងមកតែងមានវិធានការជាបន្តបន្ទាប់ ហើយមានករណីខ្លះត្រូវបានបញ្ជូន ទៅតុលាការផងដែរ។
សេះសមុទ្រមានចំនួន៤៦ប្រភេទនៅទូទាំងពិភពលោកក្នុងនោះប្រភេទខ្លះស្ថិតក្នុងបញ្ជីក្រហមដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងឈានទៅរកការផុតពូជរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature)។
សម្រាប់ក្នុងដែនទឹកកម្ពុជា ត្រូវបានរកឃើញថាមានចំនួន៨ប្រភេទ ដែលត្រូវបានការពារដោយអនុក្រឹត្យចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ដើម្បីហាមដាច់ខាតចំពោះការចាប់ ដឹកជញ្ជូន និងលក់សត្វប្រភេទនេះ ខណៈកម្ពុជាក៏បានចាត់ថ្នាក់សេះសមុទ្រដែលមានក្នុងដែនរបស់ខ្លួនថា ជាប្រភេទកំពុងរងការគំរាមកំហែងឈានទៅជិតផុតពូជផងដែរ។
លោក អ៊ុក វិបុល បានឱ្យដឹងដែរថា សេះសមុទ្រ គឺជាត្រីសមុទ្រម្យ៉ាង ដែលមានក្បាលដូចនឹងសត្វសេះដូច្នោះដែរ ពួកវាមានទំហំចាប់ពី១,៦ ទៅ៣៥សង់ទីម៉ែត្រ និងទម្ងន់ប្រហែល៥០០ក្រាម ពេលពេញវ័យ ហើយវាអាចរស់បានចាប់ពី ១ ឆ្នាំរហូតដល់ ៥ឆ្នាំ តាមប្រភេទតូច និងធំ ។ សេះសមុទ្រជាប្រភេទ មំសាសី សត្វដែលស៊ីសត្វល្អិតដែលរស់ នៅក្នុងសមុទ្រជាអាហារ ដូចជា កូនបង្គាតូចៗ កូនត្រីល្អិតៗ ប្លង់តុង និងប្រភេទមួយចំនួនស៊ីស្លែ និង រុក្ខជាតិ (ស៊ីចម្រុះ)។
ពាក់ព័ន្ធនឹងការបន្តពូជវិញលោកបញ្ជាក់ថា៖«សេះសមុទ្រ អាចបន្តពូជនៅអាយុចាប់ពីប្រមាណ៧ខែឡើងទៅ ហើយការបន្តពូជរបស់ពួកវាគឺ១ឆ្នាំពេញតែម្តងដោយពុំមានរដូវនោះទេ នៅពេលចាប់ផ្តើមបន្តពូជគឺសេះសមុទ្រញីចាប់ផ្តើមមានពង ហើយវាក៏បានផ្ទេរពងទាំងនោះទៅសេះសមុទ្រឈ្មោល ដើម្បីឱ្យសេះសមុទ្រឈ្មោលពពោះបន្ត រហូតដល់កើតជាកូន បន្ទាប់ពីបញ្ចេញកូនចេញមកក្រៅ កូនម្តងៗគឺចន្លោះពី៥០ ទៅ១០០កូន ប៉ុន្តែកូនដែលអាចរីកលូតលាស់រហូតដល់ពេញវ័យគឺមានចំនួនតិចមែនទែន ព្រោះតែវាត្រូវប្រឈមនឹងគ្រោះថ្នាក់នៃប្រភេទត្រីផ្សេងៗ ដែលស៊ីកូនៗរបស់ពួកវាជាអាហារ»។
ម្ចាស់គណនីហ្វេសប៊ុកជាច្រើន បានបង្ហោះសារជាបន្តបន្ទាប់ ក្នុងនោះក៏មានឈ្មោះ Mr Aplus បានអំពាវនាវឱ្យបញ្ឈប់ការសម្លាប់សត្វសេះសមុទ្រទាំងនេះយកមកលក់ ដោយលើកឡើងថា សត្វប្រភេទនេះវាស្លូតណាស់ វាមិនដែលយាយីធ្វើបាបមនុស្សទេ។ គណនីទាំងនោះបានចែកចាយសារស្រដៀងៗគ្នា ដូច្នេះថា៖«ឱ្យគ្នារស់ផង។ សេះសមុទ្រជាសត្វកម្រមួយ បើទោះវាកើតកូនបានច្រើន តែក៏ងាយនឹងងាប់ទៅដោយសារកត្តានេសាទ ជាប់មង អួន និងកត្តាអាកាសធាតុ។ សេះសមុទ្រជាសត្វអច្ឆរិយមួយប្រភេទ ដែលគួរតែអភិរក្ស សង្ឃឹមបងប្អូនមេត្តាផង កុំបំពានជីវិតគេទៀត ទុកផ្កាថ្ម ទុកសេះសមុទ្រ ជីវចម្រុះផ្សេងទៀត ទុកទាញទេសចរជ្រមុជទឹកមើលលេង។ វាស្លូតណាស់ មិនមានច្រើនទេ បើមិនថែរក្សា ពួកវានឹងផុតពូជ»៕