
លោក ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់។ រូបថត FN
ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលកម្ពុជា និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានលើកឡើងថា វត្តមានរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ ក្នុងពិធីខួបកំណើតលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បង្ហាញពីការរាប់អានគ្នាជាបងប្អូនធម៌តាំងពីយូរមកហើយ មិនពាក់ព័ន្ធនឹងនយោបាយទេ។
ការលើកឡើងនេះ បន្ទាប់លោក ថាក់ស៊ីន និងប្អូនស្រីរបស់លោកបានមកចូលរួមខួបកំណើតលោក ហ៊ុន សែន កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ គម្រប់ខួប ៧១ ឆ្នាំ ដែលត្រូវបានរៀបចំឡើងដូចសព្វដងនៅឯភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់សារព័ត៌មាន Fresh News ឱ្យដឹងថា៖ «លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅ ១ យប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយនោះ លោកថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា»។
លោកបានបញ្ជាក់ថា រូបលោក និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធតាំងពីឆ្នាំ ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជានាយករដ្ឋមន្ត្រីម្លេ៉ះ។យោងតាមប្រព័ន្ធតិកតុក (Tiktok ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះវីដេអូក្នុងពិធីខួបកំណើតជាលក្ខណៈគ្រួសារនៅថ្ងៃទី ៦ ខែសីហា ដោយភ្ជាប់ខ្លឹមសារថា៖ «ឆ្នាំនេះកូន និងចៅមកជួបជុំ និងមានបងធម៌ ប្អូនធម៌ មកចូលរួមខួបកំណើតនៅផ្ទះដែរ»។
សូមជម្រាបថា វត្តមានរបស់ឥស្សរជនជាន់ខ្ពស់ថៃនៅពេលនេះក៏បានបង្កការភ្ញាក់ផ្អើលដល់សាធារណជននៅកម្ពុជា ក៏ដូចជាប្រទេសថៃ ខណៈនយោបាយនៅថៃកំពុងជាប់គាំងមិនទាន់បានបង្កើតរដ្ឋាភិបាលថ្មីនៅឡើយ ក្រោយការបោះឆ្នោតអស់រយៈពេលប្រមាណ ៣ ខែមកនោះ។
ដោយភាពមិនប្រាកដប្រជានេះ ក៏បង្ខំឱ្យអតីតនាយករដ្ឋមន្ត្រីដែលកំពុងភៀសខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លុបចោលគម្រោងមាតុភូមិនិវត្តន៍ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១០ ខែសីហា ផងដែរ។
ជុំវិញព្រឹត្តិការណ៍នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានឱ្យដឹងនៅថ្ងៃទី ៦ ខែសីហាថា វត្តមានរបស់អតីតនាយករដ្ឋមន្ត្រីថៃនាពេលនេះជាលក្ខណៈឯកជនបង្ហាញពីភាពជិតស្និទ្ធរវាងឥស្សរជនទាំង ២ ជាសាធារណៈពីការរាប់អានគ្នាមិនពាក់ព័ន្ធរឿងនយោបាយទេ។
លោកបានបន្តថា៖ «សម្តេចតេជោ លោកបានពន្យល់ប្រាប់ដល់ឯកឧត្តមប្រាយុធ ចាន់អូចា (នាយករដ្ឋមន្ត្រីថៃ) ម្តងរួចស្រេចមកហើយ និងឥស្សរជនមួយចំនួននៅប្រទេសថៃដោយសម្តេចសូមអធ្យាស្រ័យពីកិច្ចរក្សានូវចំណងមិត្តភាពឯកជនរវាងសម្តេចតេជោ និងឯកឧត្តមថាក់ស៊ីន ក៏ដូចជាលោកស្រី យីងឡាក់ ដែលរាប់អានគ្នាទៅជាបងប្អូនរួចស្រេចទៅហើយមិនពាក់ព័ន្ធបញ្ហាផ្ទៃក្នុងនយោបាយទេ»។
ចំណែកលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយផងដែរនោះ បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះវត្តមានលោកថាក់ស៊ីនក្នុងឱកាសខួបកំណើតនោះថា គឺជាជំនួបលក្ខណៈជាគ្រួសារ រវាងបងធម៌ និងប្អូនធម៌។
លោកបានថ្លែងថា៖ «បើគិតពីទំនាក់ទំនងឯកជនរវាងសម្តេចតេជោជាមួយគ្រួសារលោក ថាក់ ស៊ីន គឺក្រុមគ្រួសារទាំង ២ មានទំនាក់ទំនងចំណងលក្ខណៈជាបងប្អូន ជាក្រុមគ្រួសារតាំងពីមុនពេលលោក ថាក់ ស៊ីន បានក្លាយជានាយករដ្ឋមន្ត្រីថៃ ពោលតាំងពីឆ្នាំ ១៩៩២ រហូតមកដល់បច្ចុប្បន្ន»។
លោក គិន ភា បានបន្តថា ៖ «យើងឃើញថា ទំនាក់ទំនងរវាងសម្តេច ជាមួយក្រុមគ្រួសារលោកថាក់ ស៊ីន គឺមិនមានការថមថយទេ គឺនៅតែរក្សាដដែល ទោះបីជាលោកថាក់ស៊ីន ជួបប្រទះព្យុះនយោបាយនៅថៃយ៉ាងណាក៏ដោយ ក៏សម្តេចមិនដែលបានបោះបង់មិត្តភាពនេះដែរ»។
ម្យ៉ាងទៀតលោកសង្កេតឃើញថាវត្តមានរបស់បងប្អូនធម៌នៅភូមិគ្រឹះនោះ លោក ថាក់ ស៊ីន ក៏មិនបានធ្វើសកម្មភាពដែលមានចរិតនយោបាយទៅកាន់ប្រទេសថៃដែរពោលគឺចូលរួមជួបជុំលក្ខណៈគ្រួសារ និងមិត្តភក្តិប៉ុណ្ណោះ។លោកគិន ភា បានបញ្ជាក់ថា៖ «កន្លងមកឃើញថា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន ទោះបីជារដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់ឥស្សរជនរូបណាមកពីគណបក្សណាក៏ដោយ ក៏សម្តេចតែងតែផ្តល់តម្លៃចំពោះទំនាក់ទំនងទ្វេភាគីដែលគោរពអធិបតេយ្យ បូរណភាពទឹកដី និងផ្តល់អាទិភាពទៅលើផលប្រយោជន៍ទៅវិញទៅមក»។
«អ៊ីចឹង!លោកបានរក្សាទំនាក់ទំនងទ្វេភាគី និងរក្សាខ្ជាប់ខ្ជួនចំណងមិត្តភាពជាលក្ខណៈឯកជនរបស់សម្តេច ជាមួយគ្រួសារលោក ថាក់ស៊ីន នេះគឺជាទិដ្ឋភាពដែលខ្ញុំមើលទៅមិនមានរូបភាពជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃទេ»។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក គិន ភា។ ដោយឡែកពាក់ព័ន្ធអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសទាំង ២ ដែលទើបតែបញ្ចប់ការបោះឆ្នោតថ្មីៗវិញ លោ កគិន ភា បានថ្លែងថា អនាគតនៃរដ្ឋាភិបាលកម្ពុជាដែលនឹងត្រូវបង្កើតឡើងនៅពេលដ៏ខ្លីខាងមុខដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ហើយនៅប្រទេសថៃប្រសិនបើមានការឯកភាពគ្នាអាចនឹងលេចចេញរូបរាងរាជរដ្ឋាភិបាលថ្មីរបស់ថៃផងដែរ។
លោក គិន ភា បានបង្ហើបថា៖ «អាចថា នឹងដឹកនាំដោយគណបក្សភឿថៃ ដែលគេស្គាល់ថា ជាគណបក្សដែល លោកថាក់ ស៊ីន ជាអ្នកមានឥទ្ធិពលនៅក្នុងនយោបាយរបស់គណបក្សភឿថៃ។ អ៊ីចឹង!ប្រសិនបើលទ្ធភាពដែល ភឿថៃ បង្កើតរដ្ឋាភិបាលបាន ហើយនៅឯកម្ពុជា គណបក្សប្រជាជនដឹកនាំរាជរដ្ឋាភិបាលដែលមានឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ខ្ញុំគិតថា វាកាន់តែជាឱកាសប្រសើរថែមទៀត សម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២»។
ជាមួយគ្នានេះលោកក៏រំពឹងដែរថារដ្ឋាភិបាលទាំង ២ នឹងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរក្សាស្ថិរភាពការងារ សម្រាប់ពលករកម្ពុជានៅឯប្រទេសថៃដោយលោកយល់ថាទាំងថៃ និងកម្ពុជា គឺចំណេញដូចគ្នានៅពេលមានទំនាក់ទំនងល្អជាមួយគ្នា៕