ក្រចេះ អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងថា មន្ត្រីក្រសួងកំពុងចុះស៊ើបអង្កេតករណីពលរដ្ឋ៣ភូមិដែលមានប្រមាណជាង ៣៥០ នាក់ បានសម្រុកទៅដុតទីស្នាក់ការបរិស្ថាន ១ កន្លែង នៅចំណុចសសរស្តម្ភ ក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៨ ព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ ដោយមានប្រជាពលរដ្ឋជាង ៣៥០ នាក់មកពី ៣ ភូមិ បានសម្រុកចូលទៅដុតទីស្នាក់ការបរិស្ថាន ១កន្លែងឆេះខ្ទេចអស់ ប៉ុន្តែមិនបណ្តាលឱ្យមនុស្សរងរបួសទេ។
លោក ស៊ឹម បញ្ញា មន្ត្រីអធិការនគរបាលស្រុកអូរគ្រៀងសែនជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ សីហាថា មានអ្នកភូមិជាង ៣៥០ នាក់ បាននាំគ្នាសម្រុកចូលក្នុងបរិវេណទីស្នាក់ការបរិស្ថានខាងលើ និងបានយកភ្លើងដុតស្នាក់ការ រោងអង្គុយប្រចាំការ ទ្រុងចិញ្ចឹមមាន់ និងបន្ទប់ទឹកឆេះរាបដល់ដី។ចំពោះករណីនេះ លោកមិនអាចបកស្រាយលម្អិតថា បណ្តាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដបានទេ ដោយលោកបានត្រឹមបញ្ជាក់ថា ក្រោយហេតុការណ៍នេះ សមត្ថកិច្ចពុំបានឃាត់ខ្លួនពលរដ្ឋណាម្នាក់ទេ ហើយពលរដ្ឋ ក៏បានបំបែកគ្នាពីកន្លែងកើតហេតុអស់ភ្លាមៗដែរ។
លោកថា៖ «យើងត្រូវធ្វើការស្រាវជ្រាវទៀត យើងមិនទាន់មានអ្វីថ្មីទេទាល់តែល្ងាច។ ហេតុការណ៍នេះ យើងមិនទាន់មានការឃាត់ខ្លួនប្រជាសហគមន៍ណាម្នាក់ទេ។ពលរដ្ឋទាំងនោះមកពី ៣ ភូមិគឺភូមិស្រែជិះ ភូមិរវៀង និងភូមិអំពក ក្នុងឃុំស្រែជិះ»។
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថាការឈានឱ្យមានការសម្រុកទៅដុតស្នាក់ការបរិស្ថាន ១ កន្លែងនេះ ក៏ព្រោះតែប្រជាពលរដ្ឋទាំងនោះខឹងសម្បានឹងមន្ត្រីបរិស្ថានបានចុះទៅចាប់យកម៉ាស៊ីនត្រង់សឺន័ររបស់ពួកគាត់ដែលអារឈើធ្វើរបងស្រែនិងអារធ្វើរោងដាំបាយ។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ បានអះអាងថា៖ «មូលហេតុដែលពលរដ្ឋលើកគ្នាមកដុតទីស្នាក់ការនេះ គឺដោយសារខឹងនឹងមន្ត្រីបរិស្ថានខាងលើតែងធ្វើបាបពលរដ្ឋដោយការគាបសង្កត់ផ្សេងៗ ដូចជា នៅពេលពលរដ្ឋនាំគ្នាកាប់ឈើបន្តិចបន្តួចមកធ្វើរោងបាយ ក្រោលគោ ឬធ្វើរបងព័ទ្ធដីចម្ការស្រែ មន្ត្រីបរិស្ថានទាំងនោះគ្មានការយោគយល់ទេ គឺតែងតែចាប់ផាកពិន័យបង់លុយធ្ងន់ធ្ងរ។ ប៉ុន្តែបែរជាមិនអនុវត្តលើក្រុមឈ្មួញរកស៊ីកាប់ឈើលក់ឱ្យដូចអនុវត្តលើប្រជាពលរដ្ឋនោះឡើយ»។
លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ សីហាថា ហេតុការណ៍នេះបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋមួយចំនួន។ ពលរដ្ឋបានធ្វើរឿងបែបនេះ ដោយសំអាងថា អនុវត្តសិទ្ធិ ប៉ុន្តែលោកមិនឯកភាពទេ ហើយលោកក៏បានបដិសេធចំពោះការចោទប្រកាន់មកលើមន្ត្រីបរិស្ថានដែលថាមានការលម្អៀងដែរ។
លោកបានអះអាងថា៖ «អ្វីដែលយើងស្តាប់តែម្ខាងគឺគាត់ទាមទារសិទ្ធិសេរីភាព។ តែឥឡូវសួរថា ច្បាប់ឱ្យគាត់មានសិទ្ធិសេរីភាពនាំគ្នាមកធ្វើអ៊ីចឹង? ដើមហេតុគឺរឿងមន្ត្រីបរិស្ថានអនុវត្តច្បាប់ ហើយក៏មានការខឹងសម្បាថា មន្ត្រីបរិស្ថានគាបសង្កត់។ មន្ត្រីបរិស្ថានខ្ញុំអត់ដែលគាបសង្កត់ពួកគាត់ទេ។ ខ្ញុំមិនចង់និយាយអ្វីច្រើនទេ យើងមិនបានលម្អៀងទេ គឺយើងធ្វើតាមច្បាប់»។
បើទោះជាបែបនេះ លោក ឌួងសាវុធ បានបញ្ជាក់វិញថា លោកក៏មិនកាន់ជើងមន្ត្រីរបស់លោកដែរ ប្រសិនបើរកឃើញថា មន្ត្រីលោកធ្វើខុស គឺឱ្យអនុវត្តតាមច្បាប់ តែករណីនេះនៅមិនទាន់បញ្ជាក់បានច្បាស់ថា ភាគីខាងណាខុស ខាងណាត្រូវដែរ ដោយរង់ចាំការស៊ើបអង្កេត។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យបរិស្ថានបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ យ៉ាងខ្លីថា ករណីនេះ មន្ត្រីក្រសួងបាននិងកំពុងស្រាវជ្រាវបន្ត។ យ៉ាងណា លោក មិនបានបកស្រាយអ្វីបន្ថែមជុំវិញការចោទប្រកាន់មកមន្ត្រីបរិស្ថានពីសំណាក់អ្នកភូមិនោះទេ ដោយលោកឱ្យរង់ចាំលទ្ធផលនៃការស្រាវជ្រាវ៕