ភ្នំពេញៈ នៅក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិនាទីក្រុងញូវយ៉ក តំណាងកម្ពុជាបានរំលេចពីសារៈសំខាន់នៃការកសាងសន្តិភាព និងការទប់ស្កាត់ជម្លោះ ដើម្បីបញ្ចៀសគ្រោះទុរភិក្ស និងអសន្តិសុខស្បៀងអាហារ។
ការរំលេចនេះធ្វើឡើងតាមរយៈការថ្លែងនាកិច្ចពិភាក្សាបើកចំហ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៣ សីហា នាស្នាក់ការកណ្តាលរបស់ UN នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ដែលកិច្ចពិភាក្សានេះធ្វើឡើងក្រោមមូលបទ «ទុរភិក្ស និងអសន្តិសុខស្បៀងបង្កឡើងដោយជម្លោះប្រដាប់អាវុធ»។
លោកស្រី អ៊ាត សោភា តំណាងអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាតិបានថ្លែងថា សន្តិភាព និងសន្តិសុខត្រូវមានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសន្តិសុខស្បៀង ដែលមានការទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្ទាល់នៅឆ្នាំ ២០១៨ ហើយផ្អែកតាមបទពិសោធន៍ផ្ទាល់របស់កម្ពុជាដែលធ្លាប់ឆ្លងកាត់ដោយសារជម្លោះពោល គឺសង្គ្រាមនានារាប់ទសវត្សរ៍។
លោកស្រីបានថ្លែងសង្កត់ធ្ងន់ថា៖ «កម្ពុជាចង់បញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការផ្តល់អាទិភាពដល់ការកសាងសន្តិភាព និងការការពារជម្លោះ ជាពិសេសនៅក្នុងនិន្នាការនៃការព្រួយបារម្ភនាពេលបច្ចុប្បន្ន។ យើងគាំទ្រការលើកឡើងដែលថា គណៈកម្មការកសាងសន្តិភាពគួរតែដើរតួនាទី ប្រឹក្សាធំជាងនេះ លើសកម្មភាពសមស្របនៅក្នុងតំបន់ជម្លោះ»។
លោកស្រីបន្តថា កម្ពុជាបន្តគាំទ្រការអំពាវនាវឱ្យគ្រប់ភាគីជម្លោះ ប្រដាប់អាវុធនានាគោរពច្បាប់មនុស្សធម៌អន្តរជាតិ ចៀសវាងប្រើអាវុធជាមធ្យោបាយផ្តាច់ស្បៀង និងរារាំងប្រជាជនក្នុងការទទួល បានស្បៀងគ្រប់គ្រាន់ ដែលជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោកស្រីថា ពិភពលោកកំពុងប្រឈមនឹងគ្រោះទុរភិក្ស និងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយស្តែងឡើងតាមរយៈរបាយការណ៍សកលស្តីពីវិបត្តិស្បៀងអាហារ។ កម្ពុជាបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋជាសមាជិកនៃ UN នឹងពង្រឹងការធ្វើការរួមគ្នាឡើងវិញ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ ២០៣០ ខាងមុខដូចការគ្រោងទុក។ ជាពិសេសការពង្រឹងការដាំដុះកសិកម្មដែលធន់នឹងអាកាសធាតុ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការវិនិយោគការសិក្សាបន្ថែមលើដំណាំកសិកម្ម និងព្រៃឈើ ដើម្បីសន្តិសុខស្បៀងសកល។
ពាក់ព័ន្ធបញ្ហានេះដែរ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាគាំទ្រលើការអំពាវនាវរបស់តំណាងកម្ពុជានៅក្រុមប្រឹក្សាសន្តិសុខ UN ក្នុងការកសាងគ្រឹះសន្តិភាពសម្រាប់ពិភពលោក និងការទម្លាក់ចោលការប្រណាំងប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចឱ្យគិតគូរលើផ្នែកមនុស្សធម៌ និងសន្តិសុខស្បៀងខណៈពិភពលោកក៏រងឥទ្ធិពលអាក្រក់ពីសង្គ្រាមនិងគ្រោះធម្មជាតិ។ កម្ពុជាបានហែលឆ្លងវិបត្តិនេះឆ្អែតឆ្អន់ហើយក្នុងប្រវត្តិសាស្ត្រសង្គ្រាមស៊ីវិលរបស់ខ្លួន។
លោកបញ្ជាក់ថា៖ «សន្តិសុខស្បៀងពិតជាសំខាន់ណាស់ ព្រោះមនុស្សជាតិក្នុងលោកអាចផ្អាកប្រើប្រាស់ទំនិញផ្សេងៗទៀតក្រៅពីឧបភោគបរិភោគបាន ប៉ុន្តែមិនអាចផ្អាកការហូបចុកនេះឡើយព្រោះជាតម្រូវការរស់រាន និងសុខភាព»។
លោកបន្តទៀតថា អន្តរជាតិតាមរយៈ UN ពិសេសប្រទេសមហាអំណាចគួរគិតគូរពីសន្តិសុខស្បៀង និងមនុស្សធម៌ជាគោល ដើម្បីសន្តិភាពសកល ជាពិសេសដើម្បីសម្រេចបំណងរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅពេលខាងមុខ៕