ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ «ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា»។ នេះបើយោងតាមព្រះរាជក្រឹត្យ។
ព្រះរាជក្រឹត្យចុះថ្ងៃទី ៧ សីហា ដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រនរោត្តម សីហមុនី ដែលមាន ៣ មាត្រា នៅត្រង់មាត្រា ២ បានគូសបញ្ជាក់ថា៖ «នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលទទួលបានការចាត់តាំងខាងលើមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភា»។
ព្រះរាជក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ។
តាមគម្រោងរដ្ឋសភានីតិកាលទី៧ នឹងកោះប្រជុំនៅថ្ងៃទី ២១ សីហា ហើយនឹងបោះឆ្នោត តែងតាំងរាជរដ្ឋាភិបាលនីតិកាលទី៧ នៅថ្ងៃទី ២២ សីហា ឆ្នាំ ២០២៣៕