ភ្នំពេញៈ ស្ថានភាពទឹកជំនន់ទឹកភ្លៀងគិតចាប់ពីថ្ងៃទី ២៦ ខែកក្កដា រហូតដល់ថ្ងៃទី ៤ សីហា ឆ្នាំ ២០២៣ បានធ្វើឱ្យប៉ះពាល់ប្រជាជនចំនួន ១២ ០៤៤ គ្រួសារ ខូចខាតដល់ផ្ទះប្រជាពលរដ្ឋចំនួន ៩ ០៥៣ ខ្នង ស្លាប់មនុស្ស ២ នាក់ និងរបួស ២ នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យ គ.ជ.គ.ម បានឱ្យដឹងនៅថ្ងៃទី ៦ ខែសីហាថា ទឹកជំនន់ទឹកភ្លៀងទូទាំងប្រទេសកើតឡើងក្នុងពេលថ្មីៗនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ១២ ០៤៤ គ្រួសារ។ ចំពោះការអន្តរាគមន៍ឆ្លើយតប អគ្គលេខាធិការនៃ គ.ជ.គ.ម បានចុះពីនិត្យស្ថានភាពជាក់ស្តែង និងបានជម្លៀសប្រជាជន ១៧៩ គ្រួសារទៅកាន់ទីទួលមានសុវត្ថិភាព។
លោកបញ្ជាក់ថា៖ «ចំពោះការអន្តរាគមន៍ឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ គ.ជ.គ.ម បានចុះពិនិត្យជាក់ស្តែង មានអាជ្ញាធរឃុំ សង្កាត់ ក្រុងស្រុក បានចុះតាមដាន និងពិនិត្យការវិវឌ្ឍនៃស្ថានភាពជាប្រចាំ ហើយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសហការជាមួយសាខាកាកបាទក្រហមនាំយកអំណោយសង្គ្រោះចែកជូនប្រជាពលរដ្ឋដែលរងគ្រោះផងដែរ»។
លោកបានឱ្យដឹងទៀតថា ទឹកជំនន់ទឹកភ្លៀងដែលកើតឡើងនៅ ១២ ខេត្ត ២៧ ក្រុងស្រុក ៧៧ ឃុំ បានធ្វើឱ្យប៉ះពាល់ដល់ស្រូវប្រជាពលរដ្ឋ ១១ ៩៥៥ ហិកតា ខូចខាតផ្លូវចំនួន ២៤ ៩១៧ ម៉ែត្រ ខូចខាតសាលារៀន ១៩ ខ្នង និងបណ្តាលឱ្យមនុស្សស្លាប់ ២ នាក់ ពេលទៅបោះតង់ដេកកម្សាន្តនៅមាត់ទឹកជ្រោះឪម៉ាល់ ហើយភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកហូរនាំទៅបាត់កាលពីវេលាទៀបភ្លឺថ្ងៃទី ៣០ ខែកក្កដា ស្ថិតក្នុងឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ទឹកជំនន់ទឹកភ្លៀងបានឡើងជន់លិចដល់បណ្តាស្រុកមួយចំនួនក្នុងរយៈពេលខ្លីក៏បានស្រកទៅវិញជាលក្ខណៈធម្មជាតិ។ ទឹកជំនន់នេះមិនបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាជនណាមួយទេ ហើយទ្រព្យសម្បត្តិដំណាំកសិកម្មក៏មិនមានបញ្ហាអ្វីដែរ។ ចំពោះករណីទឹកស្ទឹងសង្កែដែលប្រែទៅខ្មៅដែលបង្កដោយសំណល់រាវនៅរោងចក្រ ១ កន្លែងហូរចូលស្ទឹងនោះ មកដល់ពេលនេះទឹកមានសភាពធម្មតាវិញហើយ។
លោកថ្លែងថា៖ «ឥឡូវទឹកបានប្រែក្លាយទៅធម្មតាវិញអស់ហើយ ចំណែកពាក់ព័ន្ធរឿងទឹកខ្មៅហ្នឹងគឺយើងបានយកទៅមើលទៅ ទឹកហ្នឹងគុណភាពសម្រាប់ការប្រើប្រាស់អីហ្នឹង រដ្ឋាករទឹកគេបានបញ្ជាក់ហើយ មិនមានការបំពុលអីទេ»។
ដោយឡែកនៅខេត្តមណ្ឌលគិរីទឹកជំនន់បានធ្វើឱ្យដាច់ផ្លូវជាតិលេខ ៧៦ A នៅចំណុចអូរងើយទាំងស្រុងមិនអាចធ្វើដំណើរបាន។ លោកជាក់ ម៉េងហ៊ាង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានឱ្យដឹងនៅថ្ងៃទី ៦ ខែសីហាថា ពេលនេះ អាជ្ញាធរខេត្តកំពុងឈូសឆាយចាក់ដីរៀបចំផ្លូវវាងដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នបានដោយការធ្វើផ្លូវវាងនេះនឹងរួចរាល់ក្នងសប្តាហ៍ក្រោយ។
លោកបញ្ជាក់ថា៖ «ពេលនេះបើសិនជាមានប្រជាពលរដ្ឋណាកុនអាសន្នត្រូវឆ្លងកាត់យើងអាចជួយសម្រួលឱ្យឆ្លងបាន តែសម្រាប់តែករណីចាំបាច់បំផុតទេ ព្រោះកន្លែងហ្នឹងយើងកំពុងតែធ្វើហើយមិនទាន់អាចបើកឱ្យដំណើរការជាទូទៅបានទេ»។
តាមការព្យាករនៅព្រឹកថ្ងៃទី ៦ ខែសីហា កម្ពស់ទឹកនៅស្ថានីយ ទន្លេមេគង្គស្ទឹងត្រែង ទឹកមាន កម្ពស់ ៨,៦០ ម៉ែត្រអាចនឹងស្រកមកនៅ ៨,៣២ ម៉ែត្រនៅថ្ងៃទី ៧ ខែសីហា។ ស្ថានីយនេះកម្រិត កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នមានកម្ពស់ ១០,៧០ ម៉ែត្រ។ នៅស្ថានីយទន្លេមេគង្គក្រចេះ ទឹកមានកម្ពស់ ១៨,៨៦ ម៉ែត្រ អាចនឹងចុះមកនៅត្រឹម ១៨,៥៨ ម៉ែត្រនៅថ្ងៃទី ៧ ខែសីហា។ ស្ថានីយ នេះកម្រិតកម្ពស់ទឹកដែលត្រូវ ប្រុងប្រយ័ត្នមានកម្ពស់ ២២ ម៉ែត្រ។
នៅស្ថានីយទន្លេមេគង្គកំពង់ចាម ទឹកមានកម្ពស់ ១២,០៨ ម៉ែត្រ អាចនឹងស្រកចុះមកនៅត្រឹម ១១,៩៧ ម៉ែត្រនៅថ្ងៃទី ៧ សីហា។ ស្ថានីយនេះកម្រិតកម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ ម៉ែត្រ។ នៅស្ថានីយទន្លេបាសាក់ចតុមុខ ទឹកមានកម្ពស់ ៧,១៧ ម៉ែត្រអាចនឹងឡើងទៅដល់ ៧,២២ ម៉ែត្រនៅថ្ងៃទី ៧ ខែសីហា។ ស្ថានីយនេះ កម្រិតកម្ពស់ទឹក ដែលត្រូវប្រុងប្រយ័ត្នមានកម្ពស់ ១០,៥០ ម៉ែត្រ។ នៅស្ថានីយទន្លេមេគង្គអ្នកលឿង ទឹកមាន កម្ពស់ ៥,១០ ម៉ែត្រអាចនឹងឡើង ដល់ ៥,១៥ ម៉ែត្រនៅថ្ងៃទី ៧ សីហា។ ស្ថានីយនេះ កម្រិតកម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នមានកម្ពស់ ៧,៥០ ម៉ែត្រ។
ដោយឡែក នៅស្ថានីយទន្លេបាសាក់កោះខែលទឹកមានកម្ពស់ ៦,៦៤ ម៉ែត្រអាចនឹងឡើងដល់ ៦,៧៣ ម៉ែត្រនៅថ្ងៃទី ៧ ខែសីហា។ ស្ថានីយនេះ កម្រិតកម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នមានកម្ពស់ ៧,៩០ ម៉ែត្រ។ នៅស្ថានីយទន្លេសាបព្រែកក្តាមទឹកមានកម្ពស់ ៥,៧១ ម៉ែត្រអាចនឹងឡើងដល់ ៥,៧៩ ម៉ែត្រនៅថ្ងៃទី ៧ ខែសីហា។ ស្ថានីយនេះ កម្រិតកម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នមានកម្ពស់ ៩,៥០ ម៉ែត្រ៕