
ការសម្ដែងល្ខោនយីកេ ក្នុងពេលចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅ។ រូបថត សហការី
កំពង់ធំ:តាំងពីកុមារភាព ក្រូច សំបាន បានចំណាយពេលទំនេរពីការសិក្សា ហ្វឹកហាត់សម្ដែងល្ខោនយីកេ ជាមួយឪពុក និងសមាជិកដទៃទៀត។ ចាប់ពីឆ្នាំ ២០១២ ពេល សំបាន អាយុ ១៥ ឆ្នាំរហូតដល់ឆ្នាំ ២០១៧ ជាវេលាដ៏មមាញឹកប្រកបដោយថាមពលបំផុត ដែលក្មេងជំទង់រូបនេះ តែងតែបង្ហាញសមត្ថភាសម្ដែងទម្រង់ល្ខោនបុរាណខ្មែរ។
នៅពេលសមាជិកខ្លះវ័យកាន់តែជរា ស្របពេលអ្នកសម្ដែងវ័យក្មេង សម្រេចចិត្ដសាងព្រះផ្នួស ក្រុមល្ខោនយីកេឃុំនីពេជ្រ ត្រូវបានរំសាយបន្សល់ទុកនៅតែអនុស្សាវរីយ៍រាប់មិនអស់។
ស្ថិតក្នុងព្រះជន្មាយុ ២៧ វស្សា ព្រះតេជគុណ ក្រូច សំបាន ក៏បានរៀបចំបង្កើតក្រុមល្ខោនយីកេ ឡើងវិញឈ្មោះ «សិល្បៈយីកេបុរាណ ស្រុកកំពង់ស្វាយ»ឬ «យីកេវត្តក្ទម្ព»ដោយមានការបំផុសគំនិតពីកេរដំណែល របស់ឪពុក និងជីតា ជាអ្នកសម្ដែងយីកេជំនាន់មុន។
ក្រុម«សិល្បៈយីកេបុរាណស្រុកកំពង់ស្វាយ» ឬ «យីកេវត្តក្ទម្ព»មានការចូលរួមពីសំណាក់លោកយាយ លោកតា ជាអ្នកសម្ដែងល្ខោនយីកេ ក្នុងឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ នៅដើមឆ្នាំ២០២០។
ព្រះតេជព្រះគុណ សំបាន មានសង្ឃដីកាថា៖ «ដោយសារតែអាត្មាមើលឃើញថា ក្រុមល្ខោនយីកេនេះបានបាត់បង់ពីក្នុងឃុំរបស់យើង អាត្មាក៏ចាប់ផ្ដើមបង្កើតក្រុមល្ខោនយីកេ ឡើងវិញ ទន្ទឹមនឹងការកសាងវត្ដដែរ»។
សព្វថ្ងៃនេះ ក្រុមល្ខោននេះ មានសមាជិកចំនួន ២៧ នាក់ ដែលមានវ័យលើសពី ៥០ ឆ្នាំ ខណៈយុវជនជំនាន់ក្រោយហាក់មិនចាប់អារម្មណ៍ចំពោះទម្រង់សិល្បៈបុរាណខ្មែរមួយនេះទេ។
ព្រះតេជព្រះគុណ មានសង្ឃដីកាប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ល្ខោនយីកេ រក្សាអត្តសញ្ញាណ និងប្រវត្តិសាស្ត្រជាតិយើង ហើយវាធ្វើឱ្យអាតា្មសោកស្តាយ ដោយសារវាអាចនឹងរលាយបាត់ទៅតាមពេលវេលា ប្រសិនបើយើងមិនចាត់វិធានការពីឥឡូវនេះទេនោះ។ យើងត្រូវជំរុញទឹកចិត្តយុវវ័យឱ្យពួកគេបន្តប្រពៃណីដ៏មានតម្លៃរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។
អ្នកស្រី ព្រឹល មុំ អាយុជាង ៥០ ឆ្នាំ និងជាអ្នកដឹកនាំក្រុមល្ខោនយីកេ ដែលមានបទពិសោធន៍ជាង ១៥ ឆ្នាំ ក្នុងការសម្តែងល្ខោនបុរាណនេះ បានថ្លែងថា ជាសំណាងល្អក្នុងពិធីកាត់ឫសសីមាវត្តថ្មី ព្រះចៅអធិការវត្តក្ទម្ពបានលើកទឹកចិត្តអតីតអ្នកសម្ដែងជើងចាស់ឱ្យជួបជុំគ្នាសម្តែងឡើងវិញក្នុងឱកាសនោះ។
អ្នកសម្ដែងល្ខោនយីកេ អ្នកស្រី មុំ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «យាយៗ តាៗ ចាស់ថ្មី ក្នុងភូមិក៏បាននាំគ្នាហាត់រៀនសម្ដែង និងសម្ដែងក្នុងពេលធ្វើបុណ្យវត្ដ។ ពេលនោះ ព្រះអង្គក៏មានបំណងចង់បង្កើតក្រុមល្ខោនយីកេ ឡើងវិញ»។
នៅពេលចងក្រង ក្រុមល្ខោននេះដំបូង មានក្មេងៗ ចូលហាត់រៀនច្រើន។ ប៉ុន្ដែមិនយូរប៉ុន្មានចំណូលចិត្ដមួយភ្លើងចំបើងរបស់ពួកគេក៏រលាយបាត់ទៅវិញ ដោយបន្សល់នៅតែសមាជិកវ័យចំណាស់ដដែល។
ទាំងនេះជាក្ដីកង្វល់របស់អ្នកផ្ដួចផ្ដើមបង្កើតក្រុមល្ខោន ក៏ដូចជារៀមច្បង និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទម្រង់សិល្បៈបុរាណខ្វះអ្នកបន្ដវេន។
លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលស្គាល់ថា ទម្រង់សិល្បៈបុរាណមានការថយចុះមិនថា តែនៅប្រទេសកម្ពុជា នោះទេ ប៉ុន្ដែថែមទាំងនៅតំបន់អឺរ៉ុប និងទូទាំងសកលលោក។
លោកបានបន្ដថា បច្ចេកវិទ្យាបានចូលមកជំនួសការសម្ដែងផ្ទាល់ផ្សេងៗប៉ុន្ដែលោកបានលើកឡើងថា ការកម្សាន្ដជាមួយល្ខោនយីកេ នៅមានការគាំទ្រពីប្រជាពលរដ្ឋតាមស្រុកភូមិ។
លោក សុភារិទ្ធ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ភាពថ្កុំថ្កើងតម្លៃសិល្បៈ វាអាស្រ័យលើការលើកស្ទួយតាមតម្លៃ និងជួយផ្សព្វផ្សាយ។ មរតកអរូបី មិនមែនស្ថិតនៅក្រសួងវប្បធម៌នោះទេ តែវានៅតាមសហគមន៍។ វាអាស្រ័យលើអ្នកភូមិ ហើយបើពួកគាត់មិនចង់ហើយ យើងធ្វើដូចម្ដេចបាន។ វាជាដួងព្រលឹង ដែលប្រជាពលរដ្ឋក្នុងសហគមន៍បន្ដមរតកនេះពី ១ ជំនាន់ទៅ ១ ជំនាន់»។
ជាផ្នែកមួយដែលធ្វើឱ្យក្រុមល្ខោនយីកេបាត់បង់ គឺអំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលប្រជាជនមិនអាចជួបជុំទាំងការបំពេញការងារ និងការសម្ដែងសិល្បៈផ្សេងៗ។
លោកលើកឡើងថា ការជួយទៅដល់ក្រុមសម្ដែងល្ខោននោះ ត្រូវធ្វើឡើងទៅតាមតម្រូវការដោយស្វែងយល់ពីចំណុចខ្វះខាត ដែលពួកគេបានខំអស់លទ្ធភាពហើយ។
លោកបាននិយាយថា៖ «យើងជួយពួកគាត់បន្ដិចម្ដងៗ បន្ទាប់បន្សំជាការខិតខំប្រឹងប្រែងខ្លួនឯង ដើម្បីឱ្យពួកគាត់ស្គាល់អំពីតម្លៃ។ ជាក់ស្ដែង ពួកគាត់ខ្វះវាំងនន ស្គរតាមរយៈការផ្ដល់ប្រាក់ដើម្បីឱ្យពួកគាត់ដាស់ធ្វើខ្លួនឯង»។
លោក សុភារិទ្ធ បានទាក់ទងនាយកដ្ឋានទស្សនីយភាព បំណងស្នើសុំសម្លៀកបំពាក់សម្ដែង ដែលនាយកដ្ឋានអាចបរិច្ចាគដល់ក្រុមសម្ដែងបាន។
ព្រះសង្ឃដែលមានប្រវត្ដិជាយុវជនល្ខោនយីកេត ៣ ជំនាន់ សំបាន បានសម្ដែងក្ដីបារម្ ភចំពោះការបាត់បង់អ្នកបន្ដវេន។ ព្រះអង្គបានកៀរគរសមាជិកក្រុមពីតំបន់ដទៃ ដែលមានជំនាញអ្នកលេងភ្លេង និងអ្នកច្រៀងតាមវង់ភ្លេងសម័យចូលរួមតាមរយៈការបណ្ដុះបណ្ដាលបន្ថែម។
ព្រះតេជព្រះគុណ សំបាន មានសង្ឃដីកាថា៖«យើងមើលថា នរណាមានដុងផ្នែកសិល្បៈពីស្រុកភូមិឆ្ងាយផ្សេងគ្នាយើងឱ្យពួកគាត់ហ្វឹកហាត់ការលេងភ្លេង និងច្រៀងតាមយូធូបនិងជួបគ្នាម្ដងកាលដើម្បីតម្រែតម្រង់»។
ព្រះអង្គលើកឡើងថា ក្រុមល្ខោនយីកេ ទទួលការអញ្ជើញឱ្យចេញសម្ដែងក្នុងកម្មវិធីបុណ្យទានផ្សេងៗក្នុងចំនួនដ៏ច្រើនសម្រាប់រដូវកាលខែប្រាំង។
ចាប់ពីរដូវបុណ្យកឋិនចន្លោះខែតុលាដល់វិច្ឆិកា ការអញ្ជើញក្រុមល្ខោនយីកេ ចាប់ផ្ដើមកម្រើកឡើងបណ្ដើរៗ រហូតដល់បុណ្យភូមិ និងបុណ្យឆ្លងផ្សេងៗ។
ព្រះតេជព្រះគុណ សំបាន បានឱ្យដឹងថា៖ «ក្នុង ១ ប្រាំង ក្រុមល្ខោនយើងទទួលការអញ្ជើញបានជាង ៣០ រោងឱ្យសម្ដែងទាំងជិតនិងឆ្ងាយ ទូទាំងប្រទេស»។
ព្រះអង្គបានបន្ដថា ការសម្ដែងសាច់រឿងត្រូវបានដកស្រង់ចេញពីរឿងអក្សរសិល្ប៍ខ្មែរ និងរឿងល្ខោននិយាយ។ ការសម្ដែងរឿងថ្មីៗ មិនអាចធ្វើទៅបានដោយសារតែមានអ្នកនិពន្ធ និងការហ្វឹកហាត់រួមគ្នា។
ព្រះតេជព្រះគុណ បានលើកឡើងថា ចំពោះតម្លៃថ្លៃជួលសម្ដែង ត្រូវបានរៀបចំឡើងសម្រាប់លទ្ធភាពទីអារាមទូទៅ ដោយមិនថ្លៃជាងក្រុមល្ខោនបាសាក់នោះទេ ដោយសារក្រុមល្ខោនយីកេមានសមាជិកសម្ដែងតិចជាង និងមិនសូវទ្រង់គ្រឿងច្រើនប៉ុន្មានទេ។
យ៉ាងណាមិញ ព្រះអង្គទទួលស្គាល់ថា សមាជិកសម្ដែង ដែលសុទ្ធតែជាមនុស្សចាស់អាយុលើសពី ៥០ ឆ្នាំ មិនទទួលបានថវិកាច្រើន សម្រាប់ផ្គត់ផ្គង់ជីវភាពតែមួយមុខនោះទេ ប៉ុន្ដែពួកគេសម្ដែងចេញពីក្ដីស្រឡាញ់ចង់លើកស្ទួយទម្រង់សិល្បៈបុរាណខ្មែរ ជាការកម្សាន្ដផ្ទាល់ខ្លួន និងចូលរួមចំណែកបណ្ដុះគ្រាប់ពូជថ្មីផងដែរ។
ព្រះអង្គបានឱ្យដឹងថា៖ «មានវត្ដអារាមនានាទាក់ទងជួលឱ្យក្រុមល្ខោនយីកេយើងចេញសម្ដែងច្រើនដែរ តែពេលខ្លះ ការជួលសម្ដែងធ្វើឡើងស្ទួនគ្នា ដែលយើងមិនអាចទទួលយល់ព្រមទាំងអស់។ មែនទែនទៅ សមាជិកយើងដែលភាគច្រើនជាអ៊ំៗ និងតាអាចារ្យចំណុះជើងវត្ដ ទទួលបានកម្រៃពី ៤ ម៉ឺន ទៅ ៦ ម៉ឺនរៀលទៅតាមទីតាំងសម្ដែងជិតឬឆ្ងាយ»។
ដោយមានជំនួយពីក្រសួង លោក សុភារិទ្ធ បាននិយាយថា ពួកគេនឹងអាចបង្កើតប្រាក់ចំណូលដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគមន៍ និងការរីកចម្រើនរបស់ភូមិ។
លោកបន្ដថា ក្នុងរដូវប្រាំងឆ្នាំនេះ យីកេវត្តក្ទម្ព បានសម្តែងច្រើនដង ហើយការសម្តែងនីមួយៗ រកចំណូលបាន ៧០០ ដុល្លារ ១ រោង។
លោកបាននិយាយថា៖ «នេះហើយ គឺជាមរតកដូនតា ដែលអាចជួយដល់និរន្ដរភាពរបស់ក្រុមល្ខោនបុរាណ ដូចសម្ដេចនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍។ ឥឡូវនេះ ក្រុមល្ខោននេះ កំពុងតែមានដំណើរការល្អ»។
ព្រះតេជព្រះគុណ សំបាន បានសំណូមពរដល់ប្រជាពលរដ្ឋ ជួយគាំទ្រទម្រង់សិល្បៈបុរាណខ្មែរ គ្រប់ប្រភេទ តាមរយៈការទស្សនា និងចែករំលែកបន្ដនៅលើបណ្ដាញសង្គម ដើម្បីឱ្យបងប្អូនបានស្គាល់ទូលំទូលាយ។
ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាស្នើដល់អ្នកសិល្បៈ និងអ្នកស្រឡាញ់សិល្បៈ ហាត់រៀនទម្រង់ល្ខោនយីកេ ក៏ដូចជាផ្សព្វផ្សាយតាមបណ្ដាញសង្គមឱ្យកូនខ្មែរ និងពិភពលោកបានស្គាល់។ បច្ចុប្បន្ននេះ ពួកគាត់ចាស់ៗខិតខំប្រឹងប្រែងតែប៉ុន្មាននាក់ ហើយពេលអស់ពីពួកគាត់ទៅ ទាំងចម្រៀង និងទម្រង់នៃការសម្ដែង ក៏បាត់បង់ទៅតាមពួកគាត់ដែរ»៕