ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្ត និងប្រតិភូយុវជនចំនួន ២៥០ នាក់ ឱ្យចូលរួមក្នុងកម្មវិធី «ជំរំយុវជនជាសកលលើកទី៩» ដែលនឹងធ្វើឡើងនាខែធ្នូ ឆ្នាំ ២០២៣ នេះ នៅក្នុងខេត្តសៀមរាប។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ បានឱ្យដឹងនៅថ្ងៃទី ៧ ខែសីហាថា ការជ្រើសរើសយុវជនស្ម័គ្រចិត្ត និងជាប្រតិភូយុវជនសម្រាប់ឆ្នាំនេះ គឺមានចំនួនតែ ២៥០ នាក់ប៉ុណ្ណោះ ហើយបេក្ខជនទាំងនោះ អាចមកពីគ្រប់បណ្ដា ២៥ រាជធានី ខេត្តទូទាំងប្រទេស។ ជាពិសេសយុវជនដែលមកពីបណ្ដាខេត្ត ត្រូវបានលើកទឹកចិត្ត ឱ្យចូលរួមក្នុងកម្មវិធី «ជំរំយុវជនជាសកលលើកទី៩» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ។
សេចក្ដីប្រកាសដដែលបានឱ្យដឹងទៀតថា ប្រតិភូយុវជន ដែលអាចចូលរួមកម្មវិធី «ជំរំយុវជនជាសកលលើកទី៩»នេះបាន ត្រូវមានសុខភាពល្អ មានអាយុចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ និងមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គតម្រង់ទិស និងចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយគណៈកម្មការ ហើយនិងមានភាពទទួលខុសត្រូវខ្ពស់ និងគោរពតាមការអនុវត្តសេចក្ដីណែនាំ។
ចំណែកយុវជនស័្មគ្រចិត្ត ដែលចូលរួមក្នុងកម្មវិធីនេះ ពួកគាត់នឹងទទួលបានចំណេះដឹង ការកសាងទំនាក់ទំនង និងការពង្រឹងភាពជាអ្នកដឹកនាំ។ ក្រៅពីនេះទៀត យុវជនស្ម័គ្រចិត្ត ពួកគាត់ក៏ទទួលបានបទពិសោធន៍ក្នុងការធ្វើការងារជាក្រុម វិញ្ញាបនបត្រ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។
លោកស្រី ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ ធ្លាប់បានប្រាប់ឱ្យដឹងនាពេលកន្លងមកថា ការជ្រើសរើស ស្រុកបន្ទាយស្រី ជាទីតាំងសម្រាប់ការរៀបចំកម្មវិធីជំរំយុវជនជាសកលលើកទី៩នេះ ដោយសារជាស្រុកដែលមានឈ្មោះទៅតាមប្រាសាទដ៏តូចច្រឡឹង និងល្អឯកលើសិល្បៈលម្អប្រាសាទ។
មួយទៀត វាមានអំណោយផលលើទីតាំងល្អ នៅជើងភ្នំគូលែន និងមានទីធ្លាធំទូលាយលើផ្ទៃដីប្រមាណជាង ៣០ហិកតា ដែលជាការបង្កលក្ខណៈងាយស្រួលចំពោះបច្ចេកទេសសម្រាប់ការបោះជំរំ និងអនុវត្តកម្មវិធីនានា។
លោកស្រី ស្រូយ សុជាតិ បញ្ជាក់ថា៖ «កម្មវិធីបោះជំរំយុវជនជាសកលនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់យុវជនចូលរួម និងយុវជនអ្នកស្ម័គ្រចិត្ត មានការកែប្រែឥរិយាបថ ការគិតបែបវិជ្ជមាន និងអភិវឌ្ឍសមត្ថភាព»។
សូមបញ្ជាក់ថា ការបោះជំរំយុវជនជាសកល គឺជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោមការជួយឧបត្ថម្ភគាំទ្រពីសំណាក់ធនាគារកាណាឌីយ៉ា ហើយការបោះជំរំយុវជនជាសកល ត្រូវបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន៕