មណ្ឌលគិរីៈ រដ្ឋបាលខេត្ត​មណ្ឌលគិរី បានសម្រេច​ឱ្យ​អ្នកដំណើរ​ធ្វើដំណើរ​តាមផ្លូវ​វាង​ពី​ផ្លូវជាតិ​លេខ​ ៧៦A ត្រង់ចំណុច​អូរ​ងើយ​ដែល​បាក់ស្រុត ចាប់ពី​ថ្ងៃទី​ ៧ ខែសីហា តទៅ​បន្ទាប់ពី​ក្រុមការងារ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានធ្វើការ​ឈូសឆាយ​ផ្លូវ​វាង​ថ្មី​នេះ​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​។​

​យោងតាម​មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌល​គិរី លោក រស់ គីម​ធន ប្រធាន​មន្ទីរ​សា​ធា​រណការ និង​ដឹកជញ្ជូន​ខេត្ត បាន​លើកឡើងថា ផ្លូវជាតិ​លេខ ​៧៦A ដែល​ត​ភ្ជាប់​ពី​ស្រុក​ស្នួល ខេត្តក្រចេះ ឆ្ពោះ​មក​ខេត្តមណ្ឌលគិរី ត្រង់ចំណុច​បាក់ស្រុត អូរ​ងើយ ក្នុងភូមិ​សាស្ត្រ​ស្រុក​អូររាំង កាលពី​ប៉ុន្មាន​ថ្ងៃមុន រហូតមកដល់​វេលា​ម៉ោង​ ៦ ​ល្ងាច​ថ្ងៃទី ​៦ ខែសីហា ក្រុមការងារ​បាន​ឈូស​​ឆាយ​ផ្លូវ​វាង​រួចរាល់​ជា​បណ្តោះអាសន្ន ដែល​អាចឱ្យ​រថយន្ត​បើក​ឆ្លងកាត់​បាន​ហើយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ផ្លូវ​វាង​ដែល​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​នេះ មាន​ប្រវែង​ប្រមាណ ​១ ០០០ ​ម៉ែត្រ ហើយ​យើង​នឹង​រៀបចំ​ចាក់​ថ្ម​ម៉ិច​កិន​បង្ហាប់​ដែល​អាច​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែលមាន​បំណង​ធ្វើ​ដំណើរ​កម្សាន្ត​មកកាន់​ខេត្តមណ្ឌលគិរី​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ប​ណ្តោះ​អាសន្ន​បាន​»​។​

​លោក នាង វណ្ណៈ នាយករង​ទីចាត់ការ​ខេត្តមណ្ឌលគិរី បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ៧ ខែសីហា​ថា ទីតាំង​ផ្លូវ​ដែល​បាន​ស្រុត​​បាក់​នេះ ត្រូវបាន​ក្រុមការងារ​ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន បាន​ចុះ​ពិនិត្យ និង​ធ្វើការ​វាយតម្លៃ​ផលប៉ះពាល់ ប៉ុន្តែ​កម្រិតណា​នោះ លោក​មិនមាន​របាយការណ៍​ទេ​។

លោក​បន្តថា បើតាម​អភិបាលខេត្ត​មណ្ឌលគិរី​លោក ថង សាវុន ដែល​បាន​ចុះទៅពិនិត្យ​ជាមួយនឹង​ក្រុមការងារ​ក្រសួង​សាធារណការ អាច​នឹងមាន​ការសម្រេច​ជ្រើស​រើសយក​ទីតាំង​ថ្មី​នៃ​ជម្រាលភ្នំ​ដើម្បី​សាងសង់​ផ្លូវ​ថ្មី ដោយ​ទុក​ទីតាំង​ដែល​បាក់ស្រុត​នោះ​ចោល ព្រោះ​ទីតាំង​នោះ​មាន​ជម្រាល​ដី​ស្រុត​តែ​មិនទាន់​ដឹងថា យ៉ាងម៉េច​នៅឡើយ​ទេ​។​

​រីឯ​ថា​តើ​នឹងមាន​ការចាប់ផ្តើម​ជួសជុល និង​ស្ថាបនា​ផ្លូវ​ថ្មី​នាពេល​ណា​នោះ ក៏​លោក នាង វណ្ណៈ មិនទាន់​ដឹង​ពី​ព័ត៌មាន​នេះ​ច្បាស់​ដែរ ព្រោះ​ផ្លូវ​នេះ គ្រប់គ្រង​ដោយ​ក្រសួង​សាធារណការ​។​

​ចំពោះ​ការបើក​ឱ្យធ្វើ​ចរាចរណ៍​បណ្តោះ​អាសន្ន លើផ្លូវ​ដែល​ឈូសឆាយ​ថ្មី​នោះ លោក នាង វណ្ណៈ បាន​ប្រាប់ថា​៖ «​ការ​អនុញ្ញាតឱ្យ​ធ្វើចរាចរ​ណ៍​នេះ គឺ​ឱ្យតែ​រថ​​យន្ត​ទេសចរណ៍ និង​រថយន្ត​ធ្វើដំណើរ តូចៗ​ប៉ុណ្ណោះ រីឯ​រថយន្ត​ធុន​ធំ ឬ​រថយន្ត​ដឹកទំនិញ​ធំៗ​មិនទាន់​អនុញ្ញាត​នៅឡើយ​ទេ ដោយ​រង់ចាំ​មួយរយៈ​ពេល​សិន បើសិន​ជា​ស្ថានភាព​ផ្លូវ​ដែល​ឈូសឆាយ​ថ្មី​នោះ មាន​លក្ខណៈ​ល្អប្រសើរ រដ្ឋបាលខេត្ត​នឹង​អនុញ្ញាត ឱ្យធ្វើ​ចរាចរណ៍​ឡើងវិញ​»​។​

​សូម​រំឭក​ដែរ​ថា រដ្ឋបាលខេត្ត​មណ្ឌល​​គិរី​កាលពី​ថ្ងៃទី​ ១ ខែសីហា បានប្រកាស ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការធ្វើ​ចរាច​​រណ៍​យានយន្ត​គ្រប់​ប្រភេទ​នៅលើ​កំណាត់​​ផ្លូវជាតិ​លេខ​ ៧៦A ចន្លោះ គីឡូម៉ែត្រ​លេខ​ ៩១ ដល់​គីឡូម៉ែត្រ​លេខ ​៩៩ ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី បន្ទាប់ពី​មាន​ជំនន់​ទឹកភ្លៀង ដោយ​ទឹកបាន​ហូរ បណ្តាលឱ្យមាន​ការបាក់​ស្រុត​ផ្លូវ និង​ដាច់​ផ្លូវ​នៅ​ចន្លោះ ពី​ស្រុក​អូររាំង ទៅ​ស្រុក​កែវ​សីមា ចំណុច​អូរ​ងើយ​នេះ​៕