សៀមរាបៈ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក W.Patrick Murphy បានចាត់ទុកកម្ពុជា ជាពិសេសតំបន់អង្គរ គឺជាទឹកដីអច្ឆរិយសម្បូរទៅដោយប្រាសាទបុរាណជាសម្បត្តិវប្បធម៌ ដែលមិនអាចកាត់ថ្លៃបាន ហើយតំបន់នេះបានក្លាយជាកន្លែងដ៏មានសក្តានុពលបំផុត សម្រាប់រៀបចំព្រឹត្តិការណ៍កីឡា និងកម្មវិធីផ្សេងៗទៀត ដើម្បីបម្រើដល់វិស័យសេដ្ឋកិច្ចនិងទេសចរណ៍នៅកម្ពុជា។ ជាមួយភាពសម្បូរបែបនេះ លោក W.Patrick Murphy បានស្នើឱ្យប្រជាជននៅតាមបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក ជាពិសេសប្រជាជនអាមេរិក គួរណាស់ឆ្លៀតពេលមកដើរកម្សាន្ត និងទស្សនាសម្បត្តិវប្បធម៌នានា នៅក្នុងប្រទេសកម្ពុជា ដែលអាមេរិក ក៏បានរួមចំណែកអភិរក្សសម្បត្តិវប្បធម៌ទាំងអស់នេះផងដែរ។
លោកបានថ្លែងថា៖ «ចំពោះប្រទេសកម្ពុជា មានប្រាសាទជាសម្បត្តិបេតិកភណ្ឌពិភពលោកច្រើនមែនទែន អ៊ីចឹងប្រជាជននៅលើពិភពលោក គួរតែមកទស្សនាប្រាសាទទាំងអស់ហ្នឹង ហើយស្ថានទូតអាមេរិក ក៏បានជួយឧបត្ថម្ភដល់ការជួសជុលប្រាសាទជាច្រើន និងបានប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណជាច្រើនឱ្យកម្ពុជាវិញផងដែរ»។
លោកបន្ថែមថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអបអរសាទរខួបលើកទី ១៥ នៃការដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ហើយខ្ញុំសូមលើកទឹកចិត្តឱ្យប្រជាជនអាមេរិក ចូលរួមទស្សនាប្រទេសកម្ពុជា ក៏ដូចជាចូលរួមរត់ និងជិះកង់ ពិសេសដើម្បីបានទស្សនាសម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា»។
លោក W.Patrick Murphy បានថ្លែងប្រាប់អ្នកកាសែតបែបនេះ បន្ទាប់ពីលោកបានចូលរួមរត់លើវិញ្ញាសា ១០ គីឡូម៉ែត្រ ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៨ ឆ្នាំ ២០២៣ នៅលើទឹកដីអង្គរ កាលពីព្រឹកថ្ងៃទី ៦ ខែសីហា ដោយព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះមានអ្នកចូលរួមចំនួន២ ៥១១ នាក់ ក្នុងនោះមានបរទេសជាង ៥០០ នាក់ មកពី ៤៥ ប្រទេសជុំវិញពិភពលោក។
ជាមួយគ្នានេះ លោក W.Patrick Murphy បានឱ្យដឹងថា លោកមានការពេញចិត្ត ក្នុងការចូលរួមព្រឹត្តិការណ៍ផ្សេងៗ ដែលកម្ពុជាបានរៀបចំ។ «ខ្ញុំតែងតែបានចូលរួមរត់ នៅក្នុងប្រទេសកម្ពុជា គឺខ្ញុំព្យាយាមរត់ជារៀងរាល់ព្រឹក ដើម្បីធ្វើឱ្យមានសុខភាពល្អតាមរយៈការហាត់ប្រាណ ហើយខ្ញុំបានចូលរួមគ្រប់ព្រឹត្តិការណ៍ នៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងដូចជាការប្រកួតម៉ារ៉ាតុង នៅសៀមរាប ថ្ងៃនេះ»។
លោកបានបញ្ជាក់បន្ថែមថា៖ «ព្រឹត្តិការណ៍ម៉ារ៉ាតុងនេះ គឺអស្ចារ្យមែនទែន ហើយមានបុគ្គលិកមកពីស្ថានទូតចូលរួមរត់ប្រមាណ ២៥ នាក់។ ការចូលរួមនេះ មិនត្រឹមតែដើម្បីសុខភាព តែក៏បានជួយដល់សេដ្ឋកិច្ច ព្រមទាំងបានទស្សនាសម្បត្តិវប្បធម៌ នៅក្នុងខេត្តសៀមរាប ហើយអ្វីដែលពិសេស កម្មវិធីរត់នេះ ក៏បានប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារ ដែលយើងពិតជារីករាយក្នុងការចូលរួម»។
សម្រាប់ការចូលរួមប្រកួត ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៨ ឆ្នាំ ២០២៣ នេះ លោក W.Patrick Murphy បានបំបែកកំណត់ត្រាឯតទគ្គកម្មចាស់របស់ខ្លួនឯង សម្រាប់ការប្រកួតលើវិញ្ញាសា ១០ គីឡូម៉ែត្រ ហើយលទ្ធផលនេះ បានធ្វើឱ្យបុរសវ័យប្រមាណ ៦០ ឆ្នាំរូបនេះ បានកំណត់ពេលវេលារួចហើយថា នឹងចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ នៅខែធ្នូ ឆ្នាំ ២០២៣ ជាបន្តទៀត។
លោក W.Patrick Murphy បានបង្ហាញពីអារម្មណ៍បែបនេះថា៖ «ខ្ញុំពិតជាចូលចិត្តការប្រកួតម៉ារ៉ាតុង និងពាក់កណ្តាលម៉ារ៉ាតុង នៅសៀមរាប ហើយការចូលរួមលើកនេះ ខ្ញុំបានបំបែកកំណត់ត្រាចាស់របស់ខ្លួនឯង។ ខ្ញុំធ្លាប់បានចូលរួមការប្រកួតម៉ារ៉ាតុងអង្គរ ចំនួន ៣ ដងហើយ ហើយខ្ញុំសង្ឃឹមថា នឹងបានចូលរួមជាលើកទី៤ ជាមួយបុគ្គលិកមកពីស្ថានទូត រួមទាំងប្រជាជនកម្ពុជានិងអ្នករត់ជាច្រើនទៀត»។
ចំពោះទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ នៅខែធ្នូ ខាងមុខនេះ បានក្លាយជាព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ដ៏ធំចុងក្រោយ ប្រចាំឆ្នាំ ២០២៣ ដើម្បីស្រូបយកភ្ញៀវទេសចរអន្តរជាតិ ឱ្យមកលេងកម្ពុជា ហើយស្របពេលជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរប្រហែលជា ៥ លាននាក់ នៅដំណាច់ឆ្នាំ ២០២៣ នេះ ហើយនឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិដល់ទៅ ៧ លាននាក់ នៅឆ្នាំ ២០២៦៕