ភ្នំពេញៈ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ CP ALL (Cambodia) Co.,Ltd. នឹងរៀបចំការប្រកួតប្រជែងរូបថតក្រោមប្រធានបទ «ផ្សព្វផ្សាយសម្រស់សហគមន៍យើង» ឬជាភាសាអង់គ្លេស «Promote the Beauty of Our Community» សម្រាប់អ្នកសារព័ត៌មានកម្ពុជា ដើម្បីលើកកម្ពស់បរិស្ថានល្អៗរបស់សហគមន៍កម្ពុជា។
លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានឱ្យដឹងនៅថ្ងៃទី ៧ ខែសីហាថា គោលបំណងនៃការបង្កើតការប្រកួតប្រជែងរូបថតនេះ គឺដើម្បីបំផុសចលនាប្រកួតប្រជែងស្នាដៃរូបថតល្អៗ និងលើកទឹកចិត្តអ្នកសារព័ត៌មានរួមទាំងផ្តល់ឱកាសដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកថតរូបឯករាជ្យដែលធ្វើកិច្ចការពាក់ព័ន្ធជាមួយសារព័ត៌មានបានផ្សព្វផ្សាយពីសម្រស់ និងបរិស្ថានល្អៗរបស់សហគមន៍របស់កម្ពុជា។
លោកបានបន្តដូច្នេះថា៖ «ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា ប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមស្រឡាញ់ធនធានធម្មជាតិរបស់កម្ពុជាច្រើន ហើយពួកគាត់ចូលចិត្តដើរកម្សាន្តទៅតំបន់សហគមន៍ធម្មជាតិស្រស់ៗ តែការប្រមូលផ្តុំរូបថតល្អៗទាំងនោះ មិនទាន់ត្រូវបានរៀបចំជាកញ្ចប់ ដើម្បីងាយស្រួលផ្សព្វផ្សាយឱ្យបានទូលាយដល់សាធារណជន ពិសេសសហគមន៍អន្តរជាតិនៅឡើយទេ»។
លោកបន្តថា៖ «ហេតុនេះ ទើបខាងយើងរៀបចំការប្រកួតប្រជែងនេះឡើង ដើម្បីលើកកម្ពស់សហគមន៍អេកូទេសចរណ៍ទាំងនោះ»។
ទន្ទឹមគ្នានេះ ប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានបង្ហាញក្តីសង្ឃឹមដែរថា តាមរយៈកម្មវិធីនេះ មិនត្រឹមតែជួយលើកកម្ពស់សហគមន៍អេកូទេសចរណ៍ប៉ុណ្ណោះទេ តែវាក៏នឹងក្លាយជាផ្នែកសំខាន់ជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ពិសេសជួយជំរុញ និងអភិវឌ្ឍពីវិស័យទេសចរណ៍ទាំងធម្មជាតិ វប្បធម៌ សេវាកម្ម ព្រមទាំងផ្សព្វផ្សាយពីភោគផលសម្បត្ដិធនធានធម្មជាតិរបស់កម្ពុជាទៅកាន់បរទេសថែមទៀត។
យោងតាមសេចក្តីប្រកាសរបស់ក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់បន្ថែមថា ការប្រកួតប្រជែងរូបថតពេលនេះ ចាត់ទុកថា ជាការប្រកួតប្រជែងលើកដំបូង ហើយក៏ជាឱកាសសម្រាប់អ្នកសារព័ត៌មាន និងអ្នកថតរូបឯករាជ្យ ដែលធ្វើកិច្ចការពាក់ព័ន្ធជាមួយសារព័ត៌មានក្នុងការបង្ហាញស្នាដៃថតរូបដ៏ល្អឯកដើម្បីដណ្តើមពានរង្វាន់។
សម្រាប់លក្ខខណ្ឌនៃការចូលរួមវិញ ក្លិបអ្នកកាសែតកម្ពុជាបានលើកឡើងថា រូបថតគឺជាស្នាដៃផ្ទាល់របស់អ្នកចូលរួមប្រកួត,ជារូបថតដែលមិនមានការរៀបចំដើម្បីថតឬក៏កែច្នៃបន្ថែម (Edit),ជារូបថតដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬបង្ហាញពីបរិស្ថានស្អាត និងការអភិវឌ្ឍ។
ប្រភពដដែលបន្តថា ជារូបថតដែលបានបង្ហាញពីភាពទាក់ទាញ និងមានអត្ថន័យទាក់ទងនឹងប្រធានបទ,ជារូបថតដែលត្រូវបានចុះផ្សាយក្នុងអង្គភាពរបស់ខ្លួន ឬអង្គភាពសារព័ត៌មានណាមួយចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣។
ទន្ទឹមគ្នានេះ បេក្ខជនដែលចាប់អារម្មណ៍គឺត្រូវផ្ញើរូបថតដែលត្រូវចូលរួមប្រកួតជាសន្លឹកឬជាឯកសារ (Files) ចំនួន ៣ សន្លឹក ដោយភ្ជាប់សំណៅដើមដែលបានបង្ហាញថា រូបថតនេះត្រូវបានចុះផ្សាយរួចហើយក្នុងអង្គភាពសារព័ត៌មានណាមួយមកកាន់ក្លិបអ្នកកាសែតកម្ពុជាឱ្យបានមុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣៕