ភ្នំពេញៈ លោក ហ៊ុន ម៉ានី ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានលើកឡើងពីគោលដៅដោយចង់ប្រែក្លាយមជ្ឈមណ្ឌលនេះទៅជាស្ថាប័នឈានមុខគេមួយលើការលើកកម្ពស់ការយល់ដឹងផ្នែកឌីជីថលនៅកម្ពុជា ខណៈកន្លងមកបានបណ្តុះការយល់ដឹងផ្នែកនេះតាមរយៈសកម្មភាពជាច្រើនដល់បណ្តាយុវជន ជាពិសេសសិស្ស និស្សិត និងក្នុងចំណោមសហគ្រិន។
ការបង្ហាញការគោលដៅរបស់លោកដូច្នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ដើម្បីតាមដានវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ទាប់របស់មជ្ឈមណ្ឌលនេះ។
លោក ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដោយបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ កន្លងមក និងបានលើកទឹកចិត្តឱ្យកិច្ចខិតខំលើការងារនានាបន្តទៀតដោយផ្អែកតាមស្ថានភាពជាក់ស្តែង ជាពិសេសជំរុញដល់ការសិក្សាពី LMS (Learning Management System) ដែលនឹងជួយសម្រួលដល់វគ្គបណ្តុះបណ្តាលផ្សេងៗដល់សិក្ខាកាមទូទៅ។
លោកបានបញ្ជាក់ថា៖ «ក្នុងរយៈកាលកន្លងទៅមជ្ឈមណ្ឌលកម្ពុជា ៤.០ បានបំពេញសកម្មភាពរបស់ខ្លួនស្របតាមលក្ខន្តិកៈដែលមានដូចជាការរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលសម្រាប់សាធារណជនទូទៅ ការអនុវត្តគម្រោងកម្មវិធីទីផ្សារបច្ចេកវិទ្យាខ្មែរនិងសកម្មភាពជាច្រើនដែលបានផ្តល់ឱកាសដល់យុវជន ជាពិសេសសិស្ស និស្សិត និយោជិត និងសហគ្រិនបានស្វែងយល់រៀនសូត្រពីបំណិនក្នុងវិស័យឌីជីថល»។
ជាមួយគ្នានោះលោកក៏បានលើកទឹកចិត្តបន្ថែមដល់ក្រុមការងារឱ្យខិតខំធ្វើយ៉ាងណាកែប្រែមជ្ឈមណ្ឌល ៤.០ នេះឱ្យក្លាយជាស្ថាប័ននាំមុខគេមួយលើការអប់រំនិងបណ្តុះបណ្តាលផ្នែកឌីជីថលនៅកម្ពុជា។
ជុំវិញបញ្ហានេះដែរ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) បានថ្លែងថា ការពង្រឹងលើការយល់ដឹងផ្នែកឌីជីថល មានភាពចាំបាច់ខ្លាំងណាស់ដើម្បីឱ្យកម្ពុជាមានធនធានមនុស្សប្រកបដោយសក្តានុពលដែលឆ្លើយតបនឹងស្ថានការណ៍នៃការវិវឌ្ឍឥតឈប់ឈរនៃនិន្នាការពិភពលោកជាមួយបរិបទសេដ្ឋកិច្ចឌីជីថលនេះ។
លោក ហេង គឹមហុង បានលើកឡើងថា៖ «រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគួរពង្រីកកញ្ចប់ថវិកា ឬមូលនិធិដើម្បីជួយសម្រួលក្នុងកិច្ចការបង្កើតព្រឹត្តិការណ៍ធំៗ ដើម្បីផ្តល់លទ្ធភាពឱ្យយុវជនអាចផ្សារភ្ជាប់ខ្លួនទាំងការបណ្តុះបណ្តាល ការប្រកួតប្រជែងផ្សេងៗក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ក៏ដូចជា ក្នុងកម្រិតផ្ទៃក្នុង តួយ៉ាងរវាងសាលារៀន និងសាលារៀន ជាដើម ក្នុងទេពកោសល្យឌីជីថល ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សកម្ពុជា»។
ចំណែកលោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានថ្លែងដែរថា កម្ពុជាកំពុងឈានជើងក្នុងដំណើរយឺតៗនៃដំណើរការឌីជីថលទៅហើយ ប៉ុន្តែនៅចោទជាបញ្ហាត្រង់យុវជន សិស្សនិស្សិត និងមនុស្សមួយចំនួនមិនទាន់បានត្រៀមខ្លួនបានរួចរាល់ច្រើននៅឡើយ ដែលត្រូវការការអភិវឌ្ឍ និងពង្រឹងសមត្ថភាពបន្ថែមដើម្បីដើរឱ្យទាន់សភាពការណ៍ពិភពលោក តែត្រូវទាមទារប្រើពេលវេលាយូរ។
សូមជម្រាបដែរថា កាលពីខែតុលា ឆ្នាំ ២០១៩ លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ផងនោះ បានលើកឡើងពីការសិក្សាដើម្បីសាងសង់មជ្ឈមណ្ឌលបដិវត្ដន៍ឧស្សាហកម្ម ៤.០ ឈ្មោះថា «មជ្ឈមណ្ឌលកម្ពុជា ៤.០» ដែលជាកន្លែង ១ អាចឱ្យស្វែងយល់អំពីឧស្សាហកម្ម ៤.០ ក្នុងសិក្ខាសាលាស្ដីពី «វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន សម្រាប់ជីវិតអនាគត» ដែលរៀបចំធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។
មជ្ឈមណ្ឌលកម្ពុជា ៤.០ ត្រូវបានបង្កើតឡើងក្នុងបំណងកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាតាមរយៈការបណ្តុះបណ្តាល និងតម្រង់ទិសផ្នែកជំនាញឌីជីថល និងធុរកិច្ចថ្មី (Startups) ដោយផ្អែកលើថ្នាលបច្ចេកវិទ្យា ការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ និងពិគ្រោះយោបល់លើសហគ្រិនភាពផ្នែកជំនាញឌីជីថល និងបណ្តុះស្មារតីស្រឡាញ់ការសិក្សា និងស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ទេពកោសល្យ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី៕