ភ្នំពេញៈ បុគ្គលស្វ័យនិយោជន៍ជាង ១៨ ០០០ នាក់ បានចុះឈ្មោះបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ដែលផ្តល់ដោយ ប.ស.ស ខណៈលោក ហេង សុផាន់ណារិទ្ធ លើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូប ដែលមានមុខរបរ មានប្រាក់ចំណូលផ្ទាល់ខ្លួន មកចុះឈ្មោះនៅតាមភ្នាក់ងារ ប.ស.ស ដែលមាននៅទូទាំងប្រទេសដើម្បីក្លាយជាសមាជិក។
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាពដែលគម្រោងនេះបានអនុវត្តជាលើកដំបូង ចាប់ថ្ងៃទី ១ ខែមេសា។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែសីហា ថា គិតពីខែមេសាមក មកដល់ខែកក្កដា មានបុគ្គលស្វ័យនិយោជន៍ជាង ១៨ ០០០ នាក់ បានចុះឈ្មោះបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ដែលផ្តល់ដោយ ប.ស.ស។
លោកបានឱ្យដឹងបន្តថា ចំពោះប្រជាពលរដ្ឋដែលមានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន និងចង់ក្លាយជាសមាជិក ប.ស.ស អាចទៅធ្វើការចុះឈ្មោះបាននៅតាមភ្នាក់ងាររបស់ ប.ស.ស ទូទាំងប្រទេស ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) និងបញ្ជាក់ថា ខ្លួនធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ហើយមានអាយុមិនលើសពី៦០ឆ្នាំគិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស។
លោកបញ្ជាក់ថា៖ «សម្រាប់នីតិវិធីក្នុងការចុះឈ្មោះ គ្រប់គ្នាអាចទៅចុះឈ្មោះនៅកន្លែងណាក៏បានដែរនៅគ្រប់ស្នាក់ការសាខា ប.ស.ស ទូទាំងរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ហើយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ។ នៅពេលគាត់មកដល់ នោះមន្ត្រី ប.ស.ស នឹងពិនិត្យ សាកសួរគាត់ថា គាត់ប្រកបរបរអ្វី ហើយមានទីលំនៅនៅណា? មន្ត្រីយើង ក៏នឹងពន្យល់អំពីនីតិវិធីនៃការទទួលសេវា និងការបង់ភាគទានជូនគាត់។ នៅពេលគាត់សម្រេចចិត្តចុះឈ្មោះ នោះមន្ត្រីយើង នឹងចុះឈ្មោះជូនគាត់»។
លោក ហេង សុផាន់ណារិទ្ធ អំពាវនាវ និងលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់ ដែលមានបំណងចុះឈ្មោះ នៅ ប.ស.ស សូមអញ្ជើញមកចុះឈ្មោះភ្លាមៗ បើសិនជាចង់សាកល្បងក្នុងការទទួលសេវាពី ប.ស.ស ព្រោះសមាជិកក្នុងកញ្ចប់សាកល្បង នឹងទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ និងសង្គ្រោះបន្ទាន់ បន្ទាប់ពីបានបង់ភាគទាន បានរយៈពេល ២ ខែឡើងទៅ។
បុគ្គលស្វ័យនិយោជន៍ គឺសំដៅដល់ជនដែលប្រកបមុខរបរ រកប្រាក់ចំណូលដោយខ្លួនឯង មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបរផ្ទាល់ខ្លួន និងដោយមិនពាក់ព័ន្ធប្រាក់ឈ្នួល ឬប្រាក់បៀវត្សរ៍ដែលផ្ដល់ដោយស្ថាប័នរដ្ឋ ឬដោយនិយោជកតាមកិច្ចសន្យាការងារ។
GRET Cambodia ដែលជាអង្គការមួយបានចូលរួមក្នុងគម្រោងសាកល្បងរបស់ ប.ស.ស ដើម្បីផ្តល់សេវាជូនបុគ្គលស្វ័យនិយោជន៍បានលើកឡើងថា កញ្ចប់សាកល្បងទៅលើបុគ្គលស្វ័យនិយោជន៍គឺជាគម្រោង ១ ដែលមានបំណងដើម្បីសម្រេចបាននូវប្រព័ន្ធសន្តិសុខសង្គមរួមបញ្ចូលគ្នាសម្រាប់អ្នកបម្រើការវិស័យក្រៅផ្លូវការ ដូចជា អ្នកបើកបរត្រីចក្រយានយន្ត និងអ្នកធ្វើការតាមផ្ទះ។
សម្រាប់ភាគទានប្រចាំខែដែលត្រូវបង់ គឺមានចំនួន ១៥ ៦០០ រៀល ក្នុង ១ ខែ ដែលនាំឱ្យពួកគាត់អាចទទួលបានសេវាព្យាបាលជំងឺក្នុងមណ្ឌលសុខភាពដែលទទួលស្គាល់ដោយ ប.ស.ស.ក៏ដូចជា សេវាសម្ភព និងសេវាសង្គ្រោះបន្ទាន់៕