ភ្នំពេញៈ អង្គការអុកស្វាម និងអង្គការដៃគូ បានសហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយ «គណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម» ដល់មន្ត្រីរដ្ឋាភិបាលតំណាងកម្មករនិយោជិត និងសហគមន៍ ក្នុងគោលបំណងពង្រឹងកិច្ចសហការគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន។
សិក្ខាសាលានេះមានការចូលរួមពីលោក ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកវិទ្យាស្ថានជាតិសង្គមកិច្ច, ក្រុមប្រឹក្សាជាតិគាំពារសង្គម, បេឡាជាតិរបបសន្តិសុខសង្គម, មន្ទីរសុខាភិបាលខេត្តសៀមរាប និងតំណាងអង្គការសង្គមស៊ីវិល សហជីព ក៏ដូចជាថ្នាក់ដឹកនាំកម្មករនិយោជិតមូលដ្ឋាន សរុបចំនួន ១៣៤ នាក់។
យោងតាមអង្គការអុកស្វាម បានឱ្យដឹងថា សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រីកវិសាលភាព និងចំណេះដឹងរបស់តំណាងកម្មករនិយោជិត និងសហគមន៍ស្តីពីយន្តការគណនេយ្យភាពសង្គម និងសារៈសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ននៅកម្ពុជា។
ប្រភពដដែលបន្តថា មួយទៀតគឺដើម្បីសិក្សាស្វែងយល់ពីការយល់ឃើញ និងការអនុវត្តប្រចាំថ្ងៃរបស់តំណាងកម្មករនិយោជិត និងសហគមន៍ ស្តីពីយន្តការគណនេយ្យភាពសង្គម ហើយនិងដើម្បីពង្រឹងកិច្ចសហការគ្នារវាងស្ថាប័នរដ្ឋ អង្គការអុកស្វាម អង្គការដៃគូ និងតំណាងកម្មករនិយោជិត និងសហគមន៍ ដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានថ្លែងក្នុងអង្គសិក្ខាសាលាថា ក្នុងស្ថានភាពដូចកម្ពុជាបច្ចុប្បន្ន និងក្នុងបរិបទវីរុសកូវីដ ១៩ គោលនយោបាយគាំពារសង្គមនឹងបន្តដើរតួនាទីយ៉ាងសំខាន់ និងជាកម្លាំងចលករចូលរួមចំណែកជំរុញការរីកចម្រើន និងលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីបានថ្លែងទៀតថា៖ «សារៈសំខាន់ចម្បងៗមួយចំនួននៃយន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គម ចំពោះការអភិវឌ្ឍ និងទំនុកចិត្តសាធារណៈគឺបង្កើនប្រសិទ្ធភាព ចីរភាព និងភាពជោគជ័យនៃការអនុវត្តន៍គោលនយោបាយគាំពារសង្គម ដ្បិតមានការពង្រឹងឱ្យប្រសើរឡើងនូវតម្លាភាព ប្រព័ន្ធអភិបាលកិច្ច និងអធិការកិច្ច»។
លោកស្រី ភាណ សោភ័ណ បានបន្តថា ពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើស្ថាប័នសាធារណៈ ដោយមានយន្តការតាមដាន ត្រួតពិនិត្យ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ ហើយនិងពង្រឹងភាពធន់ និងការឆ្លើយតបទៅនឹងគ្រោះអាសន្ននានា ឬវិបត្តិសេដ្ឋកិច្ច ដ្បិតកម្ពុជាបានធានាពីចីរភាព និងលទ្ធភាពឆ្ពោះទៅរកការអនុវត្តប្រព័ន្ធគាំពារសង្គមជាសកល។
លោកស្រី ភាណ សោភ័ណ បានឱ្យដឹងថា៖ «យន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គម មានភាពចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍ និងទំនុកចិត្តសាធារណៈ។ យន្តការនេះជួយបង្កើនប្រសិទ្ធភាព ចីរភាព និងភាពជោគជ័យនៃការអនុវត្តគោលនយោបាយគាំពារសង្គម ដ្បិតមានការពង្រឹងឱ្យប្រសើរឡើងនូវតម្លាភាព ប្រព័ន្ធអភិបាលកិច្ច និងអធិការកិច្ច»។
លោក ឈួរ សុបញ្ញា ក៏បានលើកឡើងផងដែរថា វេទិកានេះបានបញ្ជាក់ពីស្មារតី និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងតំណាងសង្គមស៊ីវិលសហជីព ដែលបង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាដើម្បីពង្រឹងយន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។
លោករដ្ឋលេខាធិការ ឈួរ សុបញ្ញា បានបញ្ជាក់ថា៖ «ច្បាស់ណាស់ប្រតិបត្តិករ និងនិយតករ គឺជាតួអង្គសំខាន់នៃភាពជោគជ័យនៃគោលនយោបាយគាំពារសង្គមនៅកម្ពុជា ប៉ុន្តែការចូលរួមយ៉ាងសកម្មរបស់សង្គមស៊ីវិល សហជីព និងភាគីពាក់ព័ន្ធ គឺបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាពីប្រសិទ្ធភាព និងគណនេយ្យភាពនៃប្រព័ន្ធគាំពារសង្គមរបស់កម្ពុជាយើង»៕