ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបញ្ជីការពារពូជស្វាយចន្ទីចំនួន ៤ ប្រភេទ រួមមានពូជចន្ទី M-23,ពូជ M-10 ពូជ IM-4 និងពូជ H-09 ដែលអ្នកជំនាញខាងដំណាំស្វាយចន្ទីនៅកម្ពុជា បានរកឃើញ ដោយសមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា ពូជទាំងនេះ ជាពូជចន្ទីដ៏មានតម្លៃរបស់កម្ពុជា។
លោក វ៉ា រុតសាន អ្នកជំនាញស្រាវជ្រាវ និងដាំដុះដំណាំស្វាយចន្ទីបានប្រាប់ឱ្យដឹងថា លោកជាអ្នករកឃើញពូជចន្ទី M-23 និង M-10 និងជាតំណាងលោកស្រី តាល់ ណៃអុីម និងលោកកាំង សៀកហោ ដែលជាអ្នករកឃើញពូជចន្ទី IM-4 និង H-09។
លោកបានឱ្យដឹងទៀតថា ការស្នើសុំចុះបញ្ជីការពារពូជចន្ទីចំនួន ៤ ប្រភេទ បានធ្វើឡើងយូរឆ្នាំហើយ តែទើបត្រូវបានក្រសួងកសិកម្ម សម្រេចចុះបញ្ជីជាផ្លូវការកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ នេះ ដោយពូជនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន។
លោក វ៉ា រុតសាន បានបញ្ជាក់ថា៖«ឆ្លងតាមការយកចិត្តទុកដាក់ និងផ្តល់តម្លៃពីក្រសួង យើងខ្ញុំជាកសិករដាំដំណាំស្វាយចន្ទី នឹងខិតខំស្វែងរកពូជស្វាយចន្ទីថ្មីៗថែមទៀត ដែលធន់នឹងបម្រែបម្រួលអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ ក្នុងគោលបំណងចូលរួមចំណែកធ្វើឱ្យកម្ពុជា យើងក្លាយជាអធិរាជស្វាយចន្ទី ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន»។
លោកបានបន្ថែមថា ការចុះបញ្ជីការពារពូជចន្ទីនេះ មានសារៈសំខាន់ណាស់ ក្នុងការការពារកុំឱ្យគេលួច។
លោក វ៉ា រុតសាន បានបញ្ជាក់បន្ថែម៖ «ដូច្នេះការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញ ក្នុងការចុះបញ្ជីការពារពូជចន្ទីទាំង ៤ ដ៏មានតម្លៃខាងលើរបស់កម្ពុជា ពិតមានសារៈសំខាន់ណាស់ ក្នុងការថែរក្សា ពូជថ្មីៗដែលយើងខិតខំស្រាវជ្រាវមក»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ក៏បានប្រាប់ឱ្យដឹងនៅថ្ងៃទី៨ ខែសីហា ដែរថា ការស្រាវជ្រាវរកឃើញពូជថ្មីៗ ពីសំណាក់ លោក វ៉ា រុតសាន ដែលបានចុះបញ្ជីការពារពូជចន្ទីទាំងនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ទាំងសម្រាប់ឱ្យកសិករយកទៅដាំដុះផង និងផ្តល់ការការពារដល់ពូជចន្ទីទាំងនោះផង។
លោកបានថា៖«ការចុះបញ្ជីការពារពូជចន្ទីទាំងនេះ គឺមានសារៈសំខាន់ និងប្រយោជន៍ណាស់ ក្នុងការការពារពូជ ដែលយើងរកឃើញ បើមិនដូច្នេះទេប្រទេសជិតខាងយើងគេមកយកពូជយើងរកឃើញទៅចុះបញ្ជីកន្លែងគេ ធ្វើជារបស់គេ។អ៊ីចឹងទាល់តែយើងប្រឹងប្រែងរៀបចំខ្លួនឯងឱ្យហើយ ចុះបញ្ជីពូជដែលជារបស់យើង ជាតំណាងអត្តសញ្ញាណជាតិរបស់យើងទើបជាការល្អ»។
លោក អួន ស៊ីឡុត បានបន្ថែមថា កន្លងទៅ ធ្លាប់មានពូជចន្ទី IM-4 ដែលវៀតណាម បានយកទៅដាក់ធ្វើជាពូជ AB 29 របស់គេ ដោយសារកាលនោះ មិនទាន់បានចុះបញ្ជីការពារត្រឹមត្រូវ។ ក្រោយមកខាងកម្ពុជា ដែលមានលោក វ៉ា រុតសាន និងខាងសមាគម តវ៉ាទម្រាំបានមកវិញ។
សម្រាប់ដំណាំស្វាយចន្ទី លោក អួន ស៊ីឡុត បានឱ្យដឹងទៀតថា កន្លងទៅខាងសមាគម បានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ចំនួន ២ ដង រួចមកហើយ នៅក្នុងជំនួបរាល់លើក លោកតែងតែសំណូមពរដល់រដ្ឋមន្ត្រី ឱ្យមានការលើកលែងពន្ធនានាដូចវិស័យស្រូវអង្ករដែរ និងស្នើឱ្យមានការចុះបញ្ជិកាពូជ ដែលអ្នកជំនាញស្វាយចន្ទីរកឃើញថ្មីៗ។
លោកបានបញ្ជាក់ថា៖ «ដោយសារយើងមានទំនាក់ទំនងល្អជាមួយក្រសួងកសិកម្ម ស្រាប់ផង និងមានការជួយសម្របសម្រួលច្រើនពីឯកឧត្តមរដ្ឋមន្ត្រីថ្មីផងនោះ ទើបជំរុញឱ្យការចុះបញ្ជីការពារពូជនោះធ្វើយ៉ាងណាឱ្យបានលឿន បើមិនអ៊ីចឹងទេប្រទេសជិតខាងយើងយកធ្វើរបស់គេអស់»។
បើតាមសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ននេះ កម្ពុជាបានរកឃើញពូជស្វាយចន្ទីចំនួន ៧ ប្រភេទ រួមមាន៖ M-1 ឬ SM-1, M-23, IM-4, M-10,H-09, IM-7និងពូជ SAN-1។ ក្នុងចំណោមពូជទាំងនេះ ពូជ M23 មានការដាំដុះច្រើនជាងគេគឺប្រមាណ ៧០ ភាគរយ ពូជ H09 ១០ ភាគរយ ពូជ M1 ៥ ភាគរយ និងពូជ M10 ៥ ភាគរយ ក្រៅពីនេះ មានដាំដុះពូជដូនតា រួមនឹង ពូជនាំចូលពី វៀតណាម 10ភាគរយផងដែរ៕