ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំទិវាអាស៊ាន (ASEAN Day) ឆ្នាំ២០២៣ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី ៥៦ ឆ្នាំ នៃការបង្កើតអាស៊ាន ដោយប្រមុខការទូតកម្ពុជា លើកឡើងថា រយៈពេល ៥៦ ឆ្នាំ អាស៊ាន ប្រែក្លាយពីអង្គការតំបន់ ដែលបង្កើតឡើង ដើម្បីដោះស្រាយវិបត្តិសង្គ្រាមត្រជាក់ ទៅជាអង្គការតំបន់ឈានមុខគេ សម្រាប់សហគមន៍អាស៊ីអាគ្នេយ៍។
នៅថ្ងៃទី៨ ខែសីហា ក្រសួងការបរទេសកម្ពុជា ក្រោមអធិបតីភាពលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានរៀបចំទិវាអាស៊ាន ដែលមានការអញ្ជើញចូលរួមពីបណ្តាអង្គទូតនៅកម្ពុជា មន្ត្រីអង្គការជាតិ និងអន្តរជាតិ មន្ត្រីតាមក្រសួងស្ថាប័នជាច្រើន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចូលរួមផងដែរ។
នៅក្នុងពិធីនោះ លោក ប្រាក់ សុខុន បានថ្លែងថា ពេលវេលាពិតជាដើរលឿនណាស់ ដោយរយៈពេល ៥៦ ឆ្នាំ ទៅហើយ ដែលអង្គការតំបន់អាស៊ាន លេចរូបរាងឡើង ដែលកន្លងទៅនេះ រដ្ឋជាសមាជិកអង្គការនេះ បានខិតខំរួមគ្នាដោះស្រាយវិបត្តិនានា ទាំងតូចទាំងធំ ដោយចាប់ចេញពីបញ្ហាសន្តិសុខ កាលពីសម័យសង្គ្រាមត្រជាក់ មកដល់ពេលនេះ ដែលអាស៊ានរំពឹងការកសាងសហគមន៍រួមមួយ។
លោកថ្លែងថា៖ «រៀងរាល់ឆ្នាំ យើងកំពុងត្រូវបានសាកល្បងជាមួយនឹងបញ្ហាប្រឈមថ្មី ដែលកំពុងលេចឡើង ទាំងបញ្ហាជាប្រពៃណី និងមិនមែនប្រពៃណី។ នៅពេលដែលសន្តិសុខសកល និងតំបន់មានការវិវត្ត យើងបានរៀនធ្វើការជាមួយគ្នា ដើម្បីរក្សាការរួបរួម និងស្វែងរកដំណោះស្រាយដើម្បីរក្សាភាពជាកណ្តាល ឯកភាព និងដើម្បីបុព្វហេតុរួមរបស់យើង»។
លោកថ្លែងថា ភាពខ្លាំងរបស់អាស៊ានស្ថិតលើសមត្ថភាពនៃការបង្កើនភាពចម្រុះនៃរដ្ឋជាសមាជិក ក្នុងការដោះស្រាយវិបត្តិដែលផ្អែកលើទិដ្ឋភាពច្បាប់ ហើយគោរពគោលការណ៍ធម្មនុញ្ញខ្លួន ដោយមូលមតិយោបល់រួម មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ពិសេសការដោះស្រាយជម្លោះដោយសន្តិវិធី។
លោកថ្លែងថា៖ «ចំណុចខ្លាំងមួយទៀតនោះគឺប្រជាជនអាស៊ាន គឺធ្វើសមាហរណកម្មតំបន់ ហើយអាស៊ានផ្តោតជាសំខាន់លើសុខុមាលភាពប្រជាជន ដោយប្រកាន់គោលការណ៍ដោយមិនទុកនរណាម្នាក់ចោល»។
លោក ប្រាក់ សុខុន ថ្លែងរំឭកថា នៅឆ្នាំ២០២២ កម្ពុជាក្នុងនាមប្រធានអាស៊ាន បានដាក់ចេញប្រធានបទ «ការដោះស្រាយបញ្ហាប្រឈមរួមគ្នា» កម្ពុជា បានប្រមូលថាមពលរួមរបស់អាស៊ាន នៅក្នុងការដោះស្រាយបញ្ហាតានតឹងរបស់ពិភពលោកទាំង វិបត្តិមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង វិបត្តិរុស្ស៊ី-អ៊ុយក្រែន ច្រកសមុទ្រតៃវ៉ាន់ វិបត្តិឧបទ្វីបកូរ៉េ ការតានតឹងភូមិសាស្ត្រនយោបាយអន្តរជាតិ និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩ ដែលបានទាញយកចំណាប់អារម្មណ៍ពិភពលោកមកលើអាស៊ានក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។
លោក ប្រាក់ សុខុន ក៏បានបង្ហាញនូវសុទិដ្ឋិនិយមផងដែរថា អាស៊ាននឹងបន្តបង្កើនសារៈសំខាន់របស់ខ្លួន ដើម្បីឆ្ពោះទៅរកការអនុវត្តដំណើរការសហគមន៍អាស៊ានរួមមួយ ជាពិសេសការសម្រេចចក្ខុវិស័យក្រោយឆ្នាំ២០២៥ ដើម្បីធានាសហគមន៍អាស៊ានបានត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។
ជាមួយគ្នានេះ ក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៤ កាលពីថ្ងៃទី៧ ខែសីហា លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានលើកឡើងដោយបានទទូចឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លារវាងអាស៊ាន និងអន្តរសភាអាស៊ាន ហើយលោកបានលើកទឹកចិត្តឱ្យសមាជិកសភានៃប្រទេសសមាជិកអាស៊ាន លើកកម្ពស់ការទទួលខុសត្រូវផ្នែកសង្គម និងការធ្វើគោលនយោបាយប្រកបដោយចីរភាព នៅទាំងកម្រិតថ្នាក់ជាតិ និងតំបន់។
លោក សេង វណ្ណលី សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិ បានប្រាប់ថា រយៈពេល ៥៦ ឆ្នាំ ដែលអាស៊ានវិវត្តពីសមាជិក ៥ មក ១០ សមាជិក ហើយត្រៀមមាន ១១ សមាជិក បូកទាំងទីម័រខាងកើត ទៀតនោះសបញ្ជាក់ពីភាពជោគជ័យរបស់អង្គការតំបន់នេះ ជាពិសេសសមត្ថភាពថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិក បានជំរុញតំបន់ឱ្យមានសន្តិភាពពីសង្គ្រាមមនោគមន៍វិជ្ជា ព្រមទាំងពង្រីកការរីកលូតលាស់សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស ជាតំបន់ដែលមានការអភិវឌ្ឍរហ័សក្រៅពីសហភាពអឺរ៉ុប ហើយត្រូវបានគេវាយតម្លៃថាអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចនៅពេលខាងមុខ។
លោក សេង វណ្ណលី ថ្លែងថា៖ «អាស៊ានបានដើរតួនាទីសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍កម្ពុជា ជាពិសេសជំនួយបច្ចេកទេស ប្រែក្លាយកម្ពុជាពីជម្លោះផ្ទៃក្នុង និងសង្គ្រាមហែកហួររបស់មហាអំណាច ទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ច និងសមាហរណកម្មជាមួយប្រទេសជិតខាង និងប្រទេសក្នុងតំបន់»។
លោកថ្លែងដោយមានសុទិដ្ឋិនិយមផងដែរថា បើសិនជាអាស៊ាននៅតែអាចរក្សាជំហរសមាហរណកម្មរួមគ្នាកាន់តែស៊ីជម្រៅ មិនមានការបែកបាក់ផ្ទៃក្នុង អាស៊ាននឹងកាន់តែស្គាល់នូវកំណើនសេដ្ឋកិច្ចបន្ថែម ដែលអាចមានការរីកចម្រើនលូតលាស់ជាងតំបន់នានាឯទៀតនៅពេលខាងមុខ បើសិនអាស៊ានអាចចេះសម្របសម្រួលក្នុងបរិបទបម្រែបម្រួលភូមិសាស្ត្រនយោបាយ។
អាស៊ាន ជាអង្គការតំបន់ ដែលគ្របដណ្តប់ភាគអាគ្នេយ៍នៃទ្វីបអាស៊ី មានសមាជិកនៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន ១០ ប្រទេស។ អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដែលគ្រានោះមានប្រទេសជាសមាជិកប្រមាណតែ ៥ ប៉ុណ្ណោះ រួមមាន សិង្ហបុរី ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ក្រោយមកទៀត រាប់ចាប់ពីឆ្នាំ១៩៨៤ មក បណ្តាប្រទេស ៥ ផ្សេងទៀតក្នុងតំបន់ បានសម្លឹងឃើញពីការរួមបញ្ចូលគ្នាជាមួយអាស៊ាន រួមមាន ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ជាសមាជិកកូនពៅចុងក្រោយគេ៕