ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងកំពុងពិចារណាក្នុងការជ្រើសរើសយកផ្លូវវាងថ្មីនៃផ្លូវកំណាត់ផ្លូវជាតិលេខ ៧៦A ដែលរអិលបាក់ត្រង់ចំណុចអូរងើយ ស្រុកអូររាំង ខេត្ដមណ្ឌលគិរីដាក់ឱ្យប្រើប្រាស់តែម្តងឬក៏ត្រូវជួសជុលផ្លូវចាស់ ដែលបាក់ស្រុតនោះឡើងវិញ ខណៈបច្ចុប្បន្ន ក្រសួងកំពុងពិនិត្យលើបច្ចេកទេស និងតម្លៃ។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានដូចនេះ នៅថ្ងៃទី៨ ខែសីហា ក្នុងពេលលោកដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែមដើម្បីធានាបានថា ផ្លូវវាងដែលបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្នកន្លងទៅមានគុណភាពស្របតាមបទដ្ឋាន និងផ្តល់សុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់។
លោកមានប្រសាសន៍ថា៖«នៅឆ្នាំ២០២៤ ខាងមុខ ក្រសួងនឹងស្នើសុំថវិកាពីរាជរដ្ឋាភិបាល ដើម្បីជួសជុលផ្លូវ១ខ្សែនេះពីស្រុកស្នួលខេត្តក្រចេះ មកដល់ខេត្តមណ្ឌលគិរី ឱ្យកាន់តែល្អប្រសើរ ១ កម្រិតទៀត ដែលតាមការប៉ាន់ស្មាននឹងត្រូវចំណាយថវិកាប្រមាណ ៦ ពាន់លានរៀល ទៅ ៧ ពាន់លានរៀល តែប៉ុណ្ណោះ»។
លោករដ្ឋមន្ត្រីបានឱ្យដឹងដែរថា ផ្លូវនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៧ និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០០៨ ហើយសាងសង់ចប់សព្វគ្រប់នៅឆ្នាំ២០១១ និងសម្ពោធដាក់ឱ្យប្រើជាផ្លូវការនៅក្នុងឆ្នាំ២០១២។
លោកបន្តថា៖«ក្នុងរយៈពេលប្រមាណ១២ឆ្នាំមកនេះ ផ្លូវនេះនៅមានគុណភាពល្អប្រសើរ ប៉ុន្តែដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកហូរច្រោះនៅក្រោមដីក៏ត្រូវបានរអិលស្រុតចុះកាលពីថ្ងៃទី១ ខែសីហា កន្លងមក ហើយនៅថ្ងៃទី២ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះមកពិនិត្យដោយផ្ទាល់ពីការខូចខាត និងស្នើសុំថវិកាប្រមាណ ១០០០ លានរៀល យកមកជួសជុលផ្លូវនេះ»។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានអរគុណដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី និងខេត្តក្រចេះដែលបានយកគ្រឿងចក្រមកឈូសឆាយផ្លូវថ្មី ដើម្បីធ្វើចរាចរណ៍បណ្តោះអាសន្នកាលពីថ្ងៃទី៧ ខែសីហា កន្លងទៅ។
ត្រង់ចំណុចនេះលោកបានបញ្ជាក់ថា៖«ក្រសួងកំពុងតែពិចារណាជ្រើសរើសដោយមាន២ ជម្រើសគឺទី១ ជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និងទី២ សិក្សាពិនិត្យលទ្ធភាពសាងសង់លើគន្លងផ្លូវវាងថ្មីនេះតែម្តង។ ជម្រើសក្នុងការជួសជុលនឹងពិនិត្យសម្រេចបន្ទាប់ពីឆ្លងកាត់ការពិភាក្សាលម្អិត និងស៊ីជម្រៅ ទាំងផ្នែកបច្ចេកទេសពាក់ព័ន្ធ និងផ្នែកហិរញ្ញវត្ថុ»។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ៧៦A កាលពីយប់ថ្ងៃទី១ ខែសីហា ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដីចន្លោះ PK94+080 – PK94+150 និងបន្តមានស្នាមប្រេះបន្ថែម នៅថ្ងៃបន្ទាប់ដែលសរុបការខូចខាតមានប្រវែង ១៦៦ ម៉ែត្រ (រអិលបាក់ដី ៧០ ម និងស្នាមប្រេះ ៩៦ ម)។
ក្រុមការងារអន្តរក្រសួង អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តមណ្ឌលគិរីនិងខេត្តក្រចេះ បានរៀបចំស្ថាបនាផ្លូវវាងប្រវែង ១០០០ ម៉ែត្រ ជាបន្ទាន់ ដោយបានឈូសឆាយ ចាក់ថ្មមិច និងកៀរកិនបង្ហាប់ ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ ហើយគិតត្រឹមថ្ងៃទី៨ ខែសីហា ចរាចរណ៍ត្រូវបានតភ្ជាប់ឡើងវិញ និងអនុញ្ញាតឱ្យមានការឆ្លងកាត់ជាបណ្តោះអាសន្នហើយ៕