សៀមរាបៈទឹកជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប ១៩០ ខ្នង នៅតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកស្រី ឈួន អ៊ឹម មេឃុំរុនតា ឯកប្រាប់ថា ដើម្បីដោះស្រាយការជន់លិចនេះ អាជ្ញាធរឃុំ និងស្រុកបន្ទាយស្រីបានសហការជាមួយកងវិស្វកម្មដោះស្រាយបញ្ហាភ្លាមៗ ដោយមិនទុកឱ្យលិចទឹកស្ទះយូរទេ។
លោកស្រី ឈួន អ៊ឹម បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៨ ខែសីហាថា ក្នុងអំឡុងពេលភ្លៀងខ្លាំង បណ្តាលឱ្យមានទឹកជំនន់ទឹកភ្លៀង ១ រយៈមុនបានធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក សរុបចំនួន ១៩០ខ្នង ប៉ុន្តែការជនលិចនេះមិនបណ្តាលឱ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតនោះទេ។
លោកស្រីបន្តថា នៅចំពោះមុខបញ្ហានេះអាជ្ញាធរមូលដ្ឋានឃុំរុនតាឯក និងអាជ្ញាធរស្រុកបន្ទាយស្រី បានសហការជាមួយកងវិស្វកម្ម ធ្វើការដោះស្រាយភ្លាមដោយបានកាយសម្អាតលូ ធ្វើប្រឡាយរំដោះទឹកឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យទឹកនៅស្ទះយូរនាំប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។
លោកស្រីថ្លែងថា៖«តាំងពីមានជំនន់ទឹកភ្លៀងរហូតមកដល់ពេលនេះ មានឡូត៍ផ្ទះខ្លះក៏លិច ខ្លះទៀតក៏អត់មានលិចទេ សរុបទិន្នន័យ ដែលខ្ញុំទទួលបានមានចំនួន ១៩០ ឡូត៍ (ស្មើនឹង ១៩០ ខ្នងផ្ទះ) ប៉ុន្តែតាមតំបន់ផ្សេងៗគ្នា ប្លុកខ្លះ ១០ ខ្លះ ២០ ឥឡូវនេះយើងបានដោះស្រាយរួចរាល់អស់ហើយ ទឹកលិចយ៉ាងយូរ ២ ថ្ងៃឬ៣ថ្ងៃទឹកហូរចេញអស់ហើយ»។
បើតាមលោកស្រី ឈួន អ៊ឹម បច្ចុប្បន្នតំបន់រុនតាឯកមានប្រជាពលរដ្ឋរស់នៅច្រើនជាងមុន ចំណែកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពុងប្រព្រឹត្តទៅជាបន្តបន្ទាប់ ក្នុងនោះមានការកសាងផ្លូវចាក់បេតុងបាន ៦០ ភាគរយ មណ្ឌលសុខភាពបានសង់រួចរាល់ មានប៉ុស្តិ៍នគរបាលរដ្ឋបាល សាលារៀន មានសិស្សចូលរៀនច្រើន រីឯវត្តអារាមសាងសង់បាន ៥០ ភាគរយ ប៉ុន្តែមិនទាន់និមន្តព្រះសង្ឃចូលគង់នៅទេ ដោយឡែកសាលាស្រុកសាងសង់បាន៤០ ភាគរយហើយ។
អ្នកស្រី យ៉ាន់ សុភាព អាយុ ៣០ ឆ្នាំ ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯក បានឱ្យដឹងថា ការអភិវឌ្ឍនៅតំបន់រុនតាឯកកំពុងប្រព្រឹត្តទៅដោយរលូនល្អ មានការធ្វើផ្លូវល្អស្អាត សាលារៀន មន្ទីរពេទ្យ មានទឹក មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ រីឯវត្តអារាម និងផ្សារកំពុងបន្តធ្វើជិតរួចរាល់ហើយ។ អ្នកស្រីបានឱ្យដឹងដែរថា ចំពោះជំនន់ទឹកភ្លៀងមានការប៉ះពាល់មួយចំនួនដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលទីតាំងទាំងនោះភាគច្រើននៅកន្លែងទាប និងក្បែរជើងភ្នំ។
អ្នកស្រីថ្លែងថា៖«ការលិចទឹកនេះដោយសារតែដីមានលក្ខណៈដូចជាភ្នំ ពេលខ្លះចាប់ឆ្នោតបាននៅទីខ្ពស់ បន្ទាប់មកនៅតាមទីទាបបន្តបន្ទាប់ស្រាក់គ្នារហូតដល់ក្រោមបែបនោះឯង។ការលិចទឹកនេះអត់យូរទេអាចត្រឹមតែ២-៣ថ្ងៃអីស្រកទៅវិញហើយ ដោយសារតែយើងមានប្រព័ន្ធលូ»។
អ្នកស្រីបន្តថា បច្ចុប្បន្នមិនទាន់មានកន្លែងការងារឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយទេ ហេតុនេះអ្នករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកត្រូវធ្វើដំណើរចូលទៅក្នុងក្រុងដើម្បីប្រកបរបរការងារផ្សេងៗរកចំណូលចិញ្ចឹមជីវិត។អ្នកស្រីថ្លែងថា៖«ឥឡូវ មិនទាន់ឮថា មានគម្រោងបង្កើតកន្លែងការងារនៅតំបន់ហ្នឹងទេ អត់ទាន់មានឮថាបង្កើតជារោងចក្រ ឬមានកន្លែងដែលអាចឱ្យយើងប្តូរការងារពីក្នុងក្រុងអង្គរមកធ្វើតំបន់នេះវិញគឺនៅឡើយទេ»។
លោក វិន រេន ជំទប់ទី១ ឃុំពាក់ស្នែងបានឱ្យដឹងដែរថា ពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ពាក់ស្នែងបច្ចុប្បន្នផ្លូវបេតុងតភ្ជាប់មកពីក្រុងសៀមរាបប្រវែងជាង ១៨ គីឡូម៉ែត្ របានធ្វើរួចរាល់ហើយ រីឯផ្លូវធំចូលទៅតំបន់អភិវឌ្ឍន៍នេះចំនួន ២ ខ្សែក៏បានធ្វើរួចរាល់ផងដែរ ខណៈផ្លូវនៅផ្នែកខាងក្នុងតំបន់អភិវឌ្ឍន៍នេះ កំពុងចាក់ដី។លោកបន្តថា ក្រៅពីនេះបង្គោលភ្លើងបានដំឡើងរួចរាល់និងកំពុងដំណើរការដាក់ខ្សែភ្លើង ចំណែកទីតាំងដីឡូត៍ដែលមានជង្ហុកឬទាបក៏ក្រុមការងារកំពុងចាក់ដីបំពេញឱ្យបានស្មើ។
លោកបញ្ជាក់ថា៖«ចំពោះហេដ្ឋារចនាម្ព័ន្ធដូចជាសាលារៀន មន្ទីរពេទ្យ សាលាស្រុក ផ្សារ វត្តអារាម កំពុងតែដំណើរការសាងសង់បានខ្លះហើយ។ចំពោះប្រជាពលរដ្ឋគឺអត់ទាន់បានមកនៅទេ ដោយសារដីឡូត៍ហ្នឹងរៀបអត់ទាន់ចប់សព្វគ្រប់»៕