បាត់ដំបងៈ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបងបាននាំយកកូនឈើប្រណីត និងឈើលម្អជាង ២០០ ដើម ដាក់ដាំនៅតំបន់អាងតាគមដើម្បីលើកកម្ពស់វិស័យបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនារមណីយដ្ឋានប្រាសាទឯកភ្នំ។
យោងតាមសមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ៧ ខែសីហាថា សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលព្រៃឈើខេត្ត និងរដ្ឋបាលស្រុកឯកភ្នំ បានរៀបចំកម្មវិធីដាំកូនឈើចំនួន ២៥០ ដើម រួមមានប្រភេទឈើធ្នង់ ឈើទាល និងដើមក្ងោក នៅតំបន់អាងតាគម ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីចូលរួមអបអរសាទរពិធី «រុក្ខទិវា ៩ កក្កដា»។
សមាគមកាយឫទ្ធិនារីកម្ពុជាបានបន្តថា ពិធីដាំកូនឈើនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបងម្នាក់ ដាំដើមឈើ ១ ដើម» ក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់វិស័យបរិស្ថាន និងវិស័យទេសចរណ៍ក្នុងខេត្តនេះ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី ៨ ខែសីហាថា ការដាំដើមឈើនេះ គឺអាជ្ញាធរមិនមែនត្រឹមតែដាំនៅតំបន់ទេសចរណ៍ប៉ុណ្ណោះទេ សូម្បីតែនៅតាមដងផ្លូវសាធារណៈនានានៅទូទាំងខេត្តបាត់ដំបង ក៏មានការជំរុញ ឱ្យមានការដាំដើមឈើដែលជាជម្រកបៃតងផងដែរ ដើម្បីឱ្យមើលទៅឃើញថា ប្រទេសកម្ពុជាមានភាពស្រស់បំព្រងមានខ្យល់បរិសុទ្ធ និងផ្ដល់បរិស្ថានស្អាតល្អ។
លោកបានបន្តទៀតថា មូលហេតុដែលមានការដាំដើមឈើនៅតំបន់អាងតាគមនេះ ពីព្រោះតំបន់នេះបានភ្ជាប់ទៅនឹងប្រព័ន្ធនៃរមណីយដ្ឋានវប្បធម៌ទេសចរណ៍មួយដ៏ធំដែលមានប្រាង្គប្រាសាទឯកភ្នំ។ ហេតុនេះប្រសិនបើបានដាំដើមឈើទាំងនេះនៅតំបន់អាងតាគមកាន់តែច្រើន ធ្វើឱ្យមានម្លប់ធ្វើឱ្យត្រជាក់ប្រៀបបានទៅនឹងតំបន់អង្គរវត្តផងដែរ។
លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា៖ «យើងដាំដើមឈើច្រើននៅតំបន់នោះ នៅពេលយើងចូលទៅ វាធ្វើឱ្យយើងត្រជាក់ចិត្ត ធ្វើឱ្យយើងមានម្លប់ជ្រកហើយវាក៏រួមចំណែកជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកាន់តែច្រើននៅតំបន់រមណីយដ្ឋានប្រាសាទឯកភ្នំនេះ»។
លោកបានបញ្ជាក់ទៀតថា កន្លងមកតំបន់អាងតាគមនេះ ជាកន្លែងអាងស្តុកទឹកដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋស្រោចស្រពដំណាំបន្លែចម្រុះគ្រប់ប្រភេទ ជាពិសេសគឺដំណាំស្រូវ។ តំបន់នេះ វាក៏ជាទីកន្លែងដែលស្រឡះ និងមិនសូវមានដើមឈើទេកាលពីមុន ដោយសារអាជ្ញាធរបានរៀបចំស្ដារអាងស្តុកទឹក ដូច្នេះហើយបានជាអាជ្ញាធរត្រូវការដាំដើមឈើនៅតំបន់នោះឱ្យបានច្រើនដើម្បីជាម្លប់បៃតងផង និងដើម្បីវិស័យទេសចរណ៍ផង៕