ភ្នំពេញៈ នាយករដ្ឋមន្ត្រីសិង្ហបុរី និងថ្នាក់ដឹកនាំនៃប្រទេសឡាវ បានសម្តែងការអបអរសាទរចំពោះលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោក ហ៊ុន សែន ដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រីថ្មី តាមរយៈព្រះរាជក្រឹត្យពីព្រះមហាក្សត្រ កាលពីថ្ងៃទី ៧ ខែសីហា ហើយមេដឹកនាំប្រទេសទាំង ២ នេះក៏បានបង្ហាញការត្រៀមខ្លួនធ្វើការជាមួយរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ផងដែរ។
លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី កាលពីថ្ងៃទី ៧ ខែសីហា បានផ្ញើលិខិតចូលរួមអបអរសាទរដល់លោកហ៊ុន ម៉ាណែត ដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ លោក លី ស៊ានឡុង លើកឡើងក្នុងលិខិតថា ទំនាក់ទំនងកម្ពុជាសិង្ហបុរីបានរីកចម្រើនឡើងចាប់តាំងពីជំនួបជាលើកចុងក្រោយរវាងលោក និងលោក ហ៊ុន ម៉ាណែត នៅឆ្នាំ ២០១៨ ដោយបានបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគជំនួយបច្ចេកទេស ព្រមទាំងដោះដូរដំណើរទស្សនកិច្ចយោធា និងយោធា នៅក្រោមការដឹកនាំរបស់លោកហ៊ុន ម៉ាណែត គ្រាដែលលោកជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការកងទ័ពជើងគោក។
លោកបញ្ជាក់ពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សិង្ហបុរី យ៉ាងដូច្នេះថា៖ «ប្រទេសរបស់ពួកយើងគួរតែបន្តជំរុញការពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យជាច្រើនទៀត ដូចជាការប្រែប្រួលអាកាសធាតុ និងឌីជីថលនីយកម្ម»។ នាយករដ្ឋមន្ត្រីសិង្ហបុរី បង្ហាញក្តីរំពឹងថា នឹងធ្វើការជាមួយរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុន ម៉ាណែតដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងទ្វេភាគី និងពហុភាគី ជាពិសេសនឹងជួបដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅខែកញ្ញាខាងមុខ។
ជាមួយគ្នានេះដែរអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត ក៏បានបង្ហាញនូវការអបអរដូចគ្នា ជុំវិញព្រះមហាក្សត្រកម្ពុជាចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជានេះ ដែលលោកថា ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកម្ពុជា។ លោកបង្ហាញការអបអរនេះ តាមរយៈជំនួបតាមប្រព័ន្ធវីដេអូជាមួយលោកហ៊ុន សែន នៅថ្ងៃទី ៨ ខែសីហា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះលោក ថងលុន ស៊ីសុលីត បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំលើរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយលោកហ៊ុន ម៉ាណែត ដែលនឹងបន្តកិច្ចអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀតជាពិសេសការបន្តពង្រឹងទំនាក់ទំនងដ៏ល្អរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនកម្ពុជា និងឡាវ។
ជុំវិញបញ្ហានេះ នៅព្រឹកថ្ងៃទី ៨ សីហា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត ដែលនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីផ្លូវការនៅថ្ងៃទី ២២ ខែសីហា ខាងមុខ បានថ្លែងអំណរគុណដល់ឥស្សរជនគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារអបអរសាទររូបលោក។
លោកសង្កត់ធ្ងន់ថា៖ «ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមាចំពោះរូបខ្ញុំដោយខ្ញុំសូមប្តេជ្ញាចិត្តខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាឱ្យបានជាដាច់ខាត នូវសុខសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាប័ន្ន»។
ពាក់ព័ន្ធបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានសង្កេតឃើញថា លោក ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រ និងអបអរទាំងពីមជ្ឈដ្ឋានក្នុងស្រុក និងក្រៅស្រុក។ លោកថា ការអបអរពីមជ្ឈដ្ឋានថ្នាក់ដឹកនាំប្រទេសនានាចំពោះលោកហ៊ុន ម៉ាណែត ជាការបង្ហាញការគាំទ្រកម្រិតអន្តរជាតិ។
លោក គិន ភា លើកឡើងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមច្រើនលើឯកឧត្តមហ៊ុន ម៉ាណែត ដោយសារលោកទទួលបានការអប់រំខ្ពង់ខ្ពស់ពីបរទេសដែលមានប្រព័ន្ធអប់រំល្អ ហើយកន្លងមក យើងឃើញពីសមត្ថភាពដែលលោកបានកាន់តួនាទីក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ លោកមានភាពសកម្ម ហើយក៏មានទំនាក់ទំនងការបរទេសល្អផងដែរ។ លោកធ្លាប់អមដំណើរច្រើនជាមួយសម្តេចតេជោផង ដែរក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេស ដែលលោកបានបទពិសោធន៍ច្រើន»។
លោក គិន ភា ក៏បានបង្ហាញពីជំនឿជឿជាក់ខ្ពស់លើសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ក្នុងតួនាទីជាប្រមុខរដ្ឋាភិបាលកម្ពុជា ដែលទំនងអាចបន្តពង្រឹង និងពង្រីកនយោបាយការបរទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសភាពបត់បែនក្នុងលម្ហភូមិសាស្ត្រនយោបាយអន្តរជាតិ។
សូមរំឭកថា នៅព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្ត្រីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧៕