ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការកែប្រែដោយបានបង្កើនទំហំផ្ទៃដីនៅក្នុងឧទ្យានជាតិធំៗចំនួន ៣ រួមមានឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម និងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក្នុងគោលបំណងធានាការថែរក្សា ការពារសោភណភាពធម្មជាតិ ទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ បានសម្រេចឱ្យកែប្រែឧទ្យានជាតិទាំង ៣ នេះ ដោយទី ១ ឧទ្យានជាតិវីរៈជ័យ ត្រូវបានរាជរដ្ឋាភិបាលកែប្រែឧទ្យានជាតិនេះ ពីផ្ទៃដីទំហំ ៣៣២ ៥០០ ហិកតា មកផ្ទៃដីទំហំ ៤០៥ ៧៦៦ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
ផ្ទៃដីឧទ្យានជាតិវីរៈជ័យនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ៣៣២ ៥០០ ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវចម្រុះឦសាន ដែលមានផ្ទៃដីទំហំ ៧៣ ២៦៦ ហិកតា ដូចមានចែងក្នុងអនុក្រឹត្យចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ បានកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ទៅជាឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» និងកែប្រែពីផ្ទៃដីទំហំ ៣៧ ៥០០ ហិកតា មកផ្ទៃដីទំហំ ៦២ ៨៨៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ផ្ទៃដីឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» នេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ៣៧ ៥០០ ហិកតា ដូចមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ ២៥ ៣៨៣ ហិកតា ដូចចែងក្នុងអនុក្រឹត្យចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក៏ត្រូវបានកែប្រែពីផ្ទៃដីទំហំ ១៥៤ ៤៥៨ ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ១៥៤ ៤៥៨ ហិកតា ដែលមានចែងក្នុងអនុក្រឹត្យចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ«គិរីរម្យ»។ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ ១ ៦៥៨ ហិកតា ដូចមានចែងក្នុងអនុក្រឹត្យចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៧ ពីការបង្កើតរបៀងអភិរក្សជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
រាជរដ្ឋាភិបាលបានអះអាងថា៖ «ការចេញអនុក្រឹត្យនេះដើម្បីធានាការថែរក្សា ការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត,លើកកម្ពស់តួនាទីសក្តានុពល ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ និងផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព»។
អនុក្រឹត្យនេះក៏ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព, និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។
លោក ស៊ុនគង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី ៨ ខែសីហា បានប្រាប់ថា ការសម្រេចកែប្រែឧទ្យានជាតិនៅទូទាំងប្រទេស ពិសេសការសម្រេចបង្កើនទំហំផ្ទៃដីឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» គឺដោយសារតែរាជរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថានចង់ធានាបាននូវការថែរក្សា ការពារ ប្រព័ន្ធជីវចម្រុះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាអភិរក្សសម្បត្តិធម្មជាតិនៅជុំវិញតំបន់បឹងទន្លេសាប។
លោកបន្ថែមថា៖ «តាមរយៈអនុក្រឹត្យនេះ គឺបានសម្រេចដោយផ្អែកទៅលើគោលការណ៍ច្បាប់ ត្រឹមត្រូវ ដោយយើងមិនអាចនិយាយថាការកែប្រែទំហំផ្ទៃដីនេះ ដើម្បីទុកធ្វើជាការវិនិយោគ ឬជាកាត់ដីដើម្បីធ្វើអ្វីផ្សេងនោះទេ តែគោលបំណងសំខាន់ គឺបំណងសំខាន់រួមចំណែកអភិរក្សធនធានធម្មជាតិ ពិសេសធានាដល់ការប្រើប្រាស់ដី និងងាយស្រួលគ្រប់គ្រងតំបន់ឧទ្យានជាតិ»។
តាមរយៈអនុក្រឹត្យនេះដែរ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិទាំង ៣ នេះដោយសហការជាមួយខេត្តកំពត កំពង់ស្ពឺ ព្រះសីហនុសៀមរាប រតនគិរី និងខេត្តស្ទឹងត្រែង ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ និងការរស់នៅដោយចីរភាពផងដែរ៕