ភ្នំពេញៈ មន្ទីរពេទ្យគន្ធបុប្ជាទទួលព្យាបាលកុមារកើតជំងឺទឹកនោមផ្អែមចន្លោះពី ៦០ ទៅ ៨០ ករណី ក្នុង ១ ឆ្នាំៗ ជាអ្វីដែលអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាអះអាងថា នៅប៉ុន្មានឆ្នាំចុងក្រោយ ចំនួនកុមារកើតជំងឺទឹកនោមផ្អែមដែលមកស្វែងរកការព្យាបាលនៅមន្ទីរពេទ្យហាក់មានការកើនឡើង ។
តាមតួលេខដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីមន្ទីរពេទ្យគន្ធបុប្ជាពីថ្ងៃទី ៨ សីហា បានឱ្យដឹងថា ក្នុង ១ ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ជាបានព្យាបាលកុមារកើតជំងឺទឹកនោមផ្អែមចន្លោះពី ៦០ ទៅ ៨០ ករណី ក្នុងនោះនៅមន្ទីរពេទ្យគន្ធបុប្ជារាជធានីភ្នំពេញមានចន្លោះពី ៤០ ទៅ ៥០ ករណី និងមន្ទីរពេទ្យគន្ធបុប្ជានៅខេត្តសៀមរាបមានចន្លោះពី ២០ ទៅ ៣០ ករណី។
ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នកុមារមានជំងឺទឹកនោមផ្អែមដែលកំពុងបន្តតាមដាន និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ជា គឺមាន ៥៦៦ ករណី ក្នុងនោះនៅភ្នំពេញមាន ៣៦២ ករណី និងសៀមរាប ២០៤ ករណី។
មន្ទីរពេទ្យគន្ធបុប្ជាបញ្ជាក់ថា៖«សរុបនៅក្នុងឆ្នាំ ២០២០ រហូតមកដល់ខែ ៧ ឆ្នាំ ២០២៣ នេះគឺយើងមាន ១៦១ ករណីនៅភ្នំពេញ និងនៅខេត្តសៀមរាបមានចំនួន ៩៣ ករណី។ តួលេខទាំងគន្ធបុប្ជាភ្នំពេញ និងសៀមរាប ដែលកុមារមានជំងឺទឹកនោមផ្អែមថ្មីមកចូលគេងនៅមន្ទីរពេទ្យយើងសរុបមាន ២៥៤ ករណី»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី អ៊ីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ សីហាថា ជាទូទៅជំងឺទឹកនោមផ្អែម (ប្រភេទទី១) មិនទាន់មានមូលហេតុបញ្ជាក់ច្បាស់ថា បណ្តាលមកពីអ្វីនៅឡើយទេ ព្រោះទូទាំងពិភពលោកមិនទាន់រកឃើញ។
ក៏ប៉ុន្តែលោកស្រីអះអាងថា ការកើតជំងឺនេះទាំងវ័យក្មេង គឺអាចមកពីកត្តាមួយចំនួនដូចជា ទី១ អាចទាក់ទងនឹងកត្តាសេនេទិក ឬកត្តាហ្ស៊ែន ទី២ អាចទាក់ទងនឹងកត្តាបរិស្ថានពាក់ព័ន្ធនឹងបញ្ហាអនាម័យ ឬអាហារ ការផ្លាស់ប្តូរអាកាសធាតុ និងបញ្ហាការរស់នៅជាមួយបរិយាកាសអួអាប់ ឬស្ត្រេស (កត្តាចិត្តសាស្ត្រ)។ ម្យ៉ាងទៀតកត្តាជំងឺឆ្លងដោយវីរុសមួយចំនួនក៏អាចធ្វើឱ្យប៉ះពាល់ដល់កុមារដែលនាំឱ្យប៉ះពាល់ដល់កោសិកាមួយលំពែង រំខានដល់ការផលិតអាំងស៊ុយលីនផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ «បងប្អូនយើងនៅតាមជនបទក្តីឬទីក្រុងក្តី គាត់តែងតែឆ្ងល់ ឱ្យតែយើងនិយាយថា ទឹកនោមផ្អែមលើកុមារហ្នឹង គឺបង្ហាញចម្ងល់ និងមិនជឿ។ អ៊ីចឹងកុមារគឺអាចនឹងមានឱកាសកើតជំងឺនេះ ប្រសិនបើខ្វះអ័រម៉ូនអាំងស៊ុយលីននេះ គឺនឹងធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់។ ពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ ធ្វើឱ្យកើតជំងឺទឹកនោមផ្អែមនេះ»។
លោកស្រីអនុប្រធានមន្ទីរពេទ្យបានឱ្យដឹងទៀតថា មនុស្សដែលមានអាយុក្រោម៣៥ឆ្នាំ រហូតវ័យកុមារ គឺត្រូវបានចាត់ចូលជាអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី១។ ជំងឺទឹកនោមផ្អែមប្រភេទទី ១ ខូចលំពែងដែលបង្កឱ្យខ្វះអាំងស៊ុយលីនរំខានដល់មុខងារដឹកនាំជាតិស្ករក្នុងខ្លួនដែលនឹងនាំឱ្យមានការលើសជាតិស្ករក្នុងឈាម។
អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី១ គឺចាំបាច់ត្រូវប្រើអាំងស៊ុយលីនបន្ថែមពីខាងក្រៅ ដើម្បីឱ្យជួយទៅបំពេញមុខងារដែលខ្វះខាតទាំងនោះ។ លោកស្រីបានបញ្ជាក់ថា៖ «កុមារដែលកើតជំងឺទឹកនោមផ្អែម គឺត្រូវចាត់បញ្ចូលជាជំងឺទឹកនោមផ្អែមប្រភេទទី១ ពី ៩០ ទៅ ៩៥ ភាគរយ ព្រោះមកពីការខូចខាតទាំងស្រុងឬក៏ខូចខាតស្ទើតែទាំងស្រុងនូវកោសិកាបែលតារបស់លំពែង។ កោសិកាបែលតានេះ គឺមានតួនាទីក្នុងការបញ្ចេញអាំងស៊ុយលីន ដើម្បីដឹកនាំជាតិស្ករពីក្នុងឈាមយកទៅចិញ្ចឹមកោសិកាទូទៅរបស់សរីរាង្គ ហើយនឹងនាំជាតិស្ករដែលលើសយកទៅស្តុកនៅក្នុងថ្លើម»។
លោកស្រីវេជ្ជបណ្ឌិត អ៊ីវ ម៉ាឡែន បានព្រមានថា បើទោះជាអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ អាចរក្សាជាតិស្ករក្នុងខ្លួនបានដោយការបន្ថែមអាំងស៊ុយលីនពីខាងក្រៅក្ដី ក៏អ្នកជំងឺត្រូវគ្រប់គ្រងជាតិស្ករក្នុងខ្លួនឱ្យបានត្រឹមត្រូវជាប្រចាំថ្ងៃផងដែរ។
លោកស្រីបានណែនាំថា៖ «ចំពោះកុមារដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី១ គឺត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងជាតិស្ករឱ្យបានត្រឹមត្រូវ ល្អ ហ្មត់ចត់ តាមរយៈការចាក់អាំងស៊ុយលីន តាមរយៈការទទួលទានអាហារ និងការធ្វើកីឡាតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ»។
បើតាមលោកស្រី អ៊ីវ ម៉ាឡែន ការគ្រប់គ្រងជាតិស្ករក្នុងខ្លួនបានត្រឹមត្រូវនឹងនាំឱ្យកុមារអាចមានសុខភាពល្អ និងបន្តរស់នៅជាធម្មតា តែបើការគ្រប់គ្រងជាតិស្ករមិនបានល្អ នឹងនាំឱ្យកុមារឆាប់វិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ ដូចជាការ ខូចភ្នែក តម្រងនោម លើសឈាម ប៉ះពាល់សរសៃឈាមតូចធំ និងប្រព័ន្ធប្រាសាទជាដើម។ ផ្អែកតាមការរកឃើញកាលពីឆ្នាំ ២០១០ បង្ហាញថា ក្នុងចំណោមមនុស្សពេញវ័យសរុប អ្នកកើតជំងឺទឹកនោមផ្អែមមានចំនួន ៥,២ ភាគរយ ហើយតួលេខបានឡើងដល់ ៦,៤ ភាគរយនៅឆ្នាំ ២០១៩ ក្នុងនោះ ៦២ ភាគរយមិនបានដឹងខ្លួនថា មានផ្ទុកជំងឺនេះទេ។
ចំណែកតាមការវាយតម្លៃរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិបានឱ្យដឹងដែរថា អ្នកស្លាប់ដោយជំងឺទឹកនោមផ្អែមនៅកម្ពុជាគឺមានចំនួន ២២ នាក់ ក្នុង ១ ថ្ងៃ គិតក្នុងឆ្នាំ ២០១៩ ឯការចំណាយលើថ្លៃព្យាបាលឃើញថា អ្នកជំងឺម្នាក់ចំណាយប្រហែល ២៣៨ ដុល្លារ ក្នុង ១ ឆ្នាំ៕