ភ្នំពេញៈ សហព័ន្ធស្វាយចន្ទីកម្ពុជា កំពុងសហការ និងមានផែនការរៀបចំសំណើ សុំហិរញ្ញប្បទានឥតសំណង ពីគម្រោងហាវែស III នៃទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីអនុវត្តគម្រោង «យុទ្ធសាស្ត្រ អភិវឌ្ឍន៍ទីផ្សារនាំចេញ» សម្រាប់ជាផែនការយុទ្ធសាស្ត្របង្កើនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួច ប្រកបដោយគុណភាព ទៅកាន់ទីផ្សារអន្តរជាតិ ដែលផ្តល់តម្លៃខ្ពស់។
លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែសីហា ថា ការស្នើសុំហិរញ្ញប្បទានឥតសំណង ពីគម្រោងហាវែស IIIនៃទីភ្នាក់ងារជំនួយអាមេរិក USAID នេះ គឺដើម្បីអនុវត្តគម្រោង «យុទ្ធសាស្ត្រ អភិវឌ្ឍន៍ទីផ្សារនាំចេញ» សម្រាប់ជាផែនការយុទ្ធសាស្ត្របង្កើនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចប្រកបដោយគុណភាព ទៅកាន់ទីផ្សារអន្តរជាតិដែលផ្តល់តម្លៃខ្ពស់។
លោកថ្លែងថា ជាពិសេសទីផ្សារនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសជប៉ុន ប្រទេសនៅមជ្ឈិមបូព៌ា ព្រមទាំងប្រទេសដែលជាទីផ្សារសក្តានុពល សម្រាប់គ្រាប់ស្វាយចន្ទីខ្មែរ ក៏ដូចជាទីផ្សារសកលផងដែរ។
លោកបានបញ្ជាក់ថា៖«យើងកំពុងតែធ្វើការបណ្តើរៗលើការស្នើសុំហិរញ្ញប្បទាននេះ ដោយថវិកាដែលស្នើសុំ អាចចន្លោះ ១២ ទៅ ១៥ ម៉ឺនដុល្លារ មានរយៈពេល ១ ឆ្នាំ។ គោលបំណងធំទី១ ដែលយើងស្នើសុំ គឺប្រើប្រាស់សម្រាប់ផ្តល់បច្ចេកទេសដល់ក្រុមហ៊ុនកែច្នៃណា ដែលមានលក្ខណៈស្តង់ដា អាចនាំចេញទៅទីផ្សារអន្តរជាតិបាន និងដើម្បីជួយរកទីផ្សារ ដែលផ្តល់តម្លៃបន្ថែមខ្ពស់សម្រាប់គ្រាប់ស្វាយចន្ទីកែច្នៃរួច ដូចជាអាមេរិក សហភាពអឺរ៉ុប ប្រទេសជប៉ុន ប្រទេសនៅមជ្ឈិមបូព៌ាជាដើម»។
លោក អាន តារា បានបន្តថា គម្រោងនេះ ក៏នឹងជួយដល់ក្រុមហ៊ុន សហគ្រាស ឬសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីផ្សេងទៀត ដែលមិនទាន់មានស្តង់ដា ដោយជួយរៀបចំដំណើរការចង្វាក់ផលិតកម្មឱ្យមានស្តង់ដាអាចនាំចេញបាន។
លោក អាន តារា ថ្លែងថា គម្រោងហាវែស III នេះ មានលក្ខណពិសេស ដែលអាចជួយបានច្រើនដល់ការកែច្នៃស្វាយចន្ទី ដោយសារគម្រោងមានកិច្ចសហការជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ដែលជាតួអង្គសំខាន់លើវិស័យស្វាយចន្ទី ជាពិសេសការជួយដល់កសិករលើការប្រមូលផលស្តុកទុកតាមស្តង់ដាបច្ចេកទេស, ជួយដល់ការកែច្នៃឱ្យត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស សម្រាប់នាំចេញទៅប្រទេស ដែលផ្តល់តម្លៃខ្ពស់។តាមរយៈការគាំទ្រពីគម្រោងហាវែស IIIសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងធ្វើការជ្រើសរើសប្រកបដោយតម្លាភាពចំពោះក្រុមហ៊ុន សហគ្រាស ឬសិប្បកម្ម ដែលមានស្ថានភាពត្រៀមលក្ខណៈរួចរាល់ ក្នុងការនាំចេញ គ្រាប់ស្វាយចន្ទីខ្មែរ ទៅទីផ្សារសកល ដោយមានលក្ខខណ្ឌដូចជា បានចុះបញ្ជិកាត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម។
លោកបន្តថា លោកអាចស្នើសុំឯកសារនាំចេញបានគ្រប់គ្រាន់នៅពេលទទួលបានការបញ្ជាទិញ យ៉ាងហោចណាស់មានវិញ្ញាបនបត្រសុវត្ថិភាពចំណីអាហារទទួលស្គាល់ ដោយអន្តរជាតិ GMP/GHP និងHACCP កែច្នៃតែគ្រាប់ស្វាយចន្ទីខ្មែរ ដោយខ្លួនឯង ដើម្បីនាំចេញ (ដោយមិនលាយឡំគ្រាប់ស្វាយចន្ទី ដែលនាំចូលពីប្រទេសជិតខាងឬប្រទេសផ្សេងៗ) និងជាក្រុមហ៊ុនដែលជួយដល់សហគមន៍ស្វាយចន្ទីដែលត្រឹមត្រូវតាមច្បាប់ និងមានភាពស្អាតស្អំ ដែលមិនបង្កឱ្យប៉ះពាល់ដល់សង្គម និងបរិស្ថាន។
អ្នកស្រី មុត ចរិយា ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង ប្រាប់ថា បច្ចុប្បន្ន ខាងសិប្បកម្ម របស់អ្នកស្រីបាននិងកំពុងធ្វើការងារនេះ ជាមួយដៃគូសហការនៅប្រទេសអង់គ្លេស ដោយមានការជួយគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជាផង និងពីស្ថានទូតកម្ពុជានៅអង់គ្លេសផង។
អ្នកស្រីថ្លែងថា៖«ទីផ្សារថ្មីៗគឺល្អសម្រាប់ផលិតផលស្វាយចន្ទីយើង ប៉ុន្តែយើងត្រូវការដើមទុនបន្ថែម ដើម្បីពង្រឹងស្តង់ដា និងចង្វាក់ផលិតកម្មរបស់យើង។ យើងមានកិច្ចសហការជាមួយអង់គ្លេស ដោយមានគម្រោងនាំចេញទៅប្រទេសនេះថែមទៀត ព្រោះតែខាងអង់គ្លេសបានមើលការកែច្នៃរបស់យើងមានលក្ខណពិសេស ដោយគោរពទៅតាមគោលការណ៍សុវត្ថិភាពចំណីអាហារ»។
អ្នកស្រីបានបន្ថែមថា កន្លងទៅផលិតផលរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង បានផ្ញើទៅកាន់អាមេរិក ជប៉ុន ដោយទទួលបានការបញ្ជាក់ពីកន្លែងពិសោធន៍នៃប្រទេសទាំង២នេះថា ជាផលិតផលដែលមានគុណភាព និងមិនមានសារធាតុដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ដែលនាំចូលទៅកាន់ទីផ្សារអង់គ្លេសបាន។
អ្នកស្រី មុត ចរិយា ថ្លែងថា៖«មិនត្រឹមតែទីផ្សារអង់គ្លេសទេ សូម្បីតែទីផ្សារជប៉ុន និងកូរ៉េ ក៏យើងកំពុងត្រៀមនាំចេញទៅដែរ ដោយកូរ៉េយើងត្រៀមមួយកុងតឺន័រ។ កន្លងទៅយើងធ្លាប់នាំចេញទៅអាមេរិកនិងសិង្ហបុរី តែជាលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ ព្រោះជាការនាំចេញសាកល្បង ដើម្បីស្ទាបស្ទង់ទីផ្សារតែប៉ុណ្ណោះ»។ បើតាមសហព័ន្ធស្វាយចន្ទីកម្ពុជាការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសនេះដែរ គឺនៅមានចំនួនកម្រិតនៅឡើយ ដោយសារតែស្វាយចន្ទីដែលកម្ពុជា បាននិងកំពុងនាំចេញនាពេលកន្លងជាប្រភេទគ្រាប់ឆៅ ដែលនាំចេញទៅកាន់ប្រទេសជិតខាង។ ហេតុដូចនេះ សហព័ន្ធរំពឹងថា តាមរយៈគម្រោងហាវែស III នៃទីភ្នាក់ងារជំនួយអាមេរិក USAIDនេះ នឹងអនុញ្ញាតឱ្យកម្ពុជា អាចនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចប្រកបដោយគុណភាព ទៅកាន់ទីផ្សារអន្តរជាតិបាន៕