ភ្នំពេញៈ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានផ្ញើលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណបក្សនៃបណ្តាប្រទេសជាមិត្តមួយចំនួន ចំពោះការអបអរសាទរនៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ ២០២៣ នេះ។
ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានលើកឡើងពីការបន្តធ្វើការ និងពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងគណបក្ស និងគណបក្ស និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលបន្តទៀតផងដែរ។
លោក ហ៊ុន សែន បានបញ្ជាក់ដូចនេះតាមរយៈលិខិតថ្លែងអំណរគុណផ្ញើជូនលោក Dmitry Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ី, លោក ថងលួន ស៊ីសូលីត អគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ និងលោក Tahir Budagov អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី បន្ទាប់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងនេះបានផ្ញើសារអបអរសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កន្លងទៅថ្មីៗនេះ។
លោក ហ៊ុន សែន បានបញ្ជាក់តាមលិខិតផ្ញើជូនប្រធានគណបក្សរួបរួមរុស្ស៊ីថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណីដ៏ល្អ រវាងគណបក្សរួបរួមរុស្ស៊ី និងគណបក្សប្រជាជនកម្ពុជា»។
លោកបានបន្តថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីជូនឯកឧត្តមថា គណបក្សប្រជាជនកម្ពុជា បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណបក្សរួបរួមរុស្ស៊ី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងបន្ថែមទៀត ដើម្បីការពារសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក»។
ចំណែកក្នុងលិខិតដែលលោក ហ៊ុន សែន ផ្ញើជូនលោកថងលួន ស៊ីសូលីត អគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ លើកឡើងថា កម្ពុជា និងឡាវ ត្រូវបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ និងរដ្ឋាភិបាលនៃប្រទេសយើងទាំង២ ដើម្បីស្ថិរភាពនយោបាយទៅវិញទៅមក និងវិបុលភាពនៃប្រទេសទាំង២ផងដែរ។
ជុំវិញការអបអរសាទរពីសំណាក់បណ្តាប្រទេសមួយចំនួនជាបន្តបន្ទាប់នេះដែរ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានថ្លែងថា ប្រជាពលរដ្ឋជាង៨០% បានទៅចូលរួមបោះឆ្នោត ដោយក្នុងនោះប្រជាពលរដ្ឋជាច្រើនបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកបានបន្តថា ដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងដោយរលូន មានសន្តិសុខល្អ ពុំមានហេតុការណ៍អ្វីកើតមានឡើងនោះទេ ហើយគណបក្សដែលបានចូលរួមប្រកួតប្រជែងក៏បានប្រកាសទទួលយកនូវលទ្ធផលបោះឆ្នោតនេះផងដែរ។
លោក យង់ ពៅ បានបញ្ជាក់ថា៖ «លទ្ធផលនេះក៏មានការអបអរសាទរ ពីអន្តរជាតិផងដែរ ដែលនេះបង្ហាញថា ការបោះឆ្នោតក្នុងប្រទេសកម្ពុជាដែលបានប្រព្រឹត្តទៅកន្លងមកមានការទទួលស្គាល់ពីអន្តរជាតិ ដែលប្រទេសមួយចំនួនបានបញ្ជូនភ្នាក់ងារសង្កេតការណ៍ផងដែរ»។
លោកបន្តថា៖ «នេះសបញ្ជាក់ឱ្យឃើញថា ដំណើរការរៀបចំរាជរដ្ឋាភិបាលនីតិកាលទី៧ បើទោះជាមានគណបក្សប្រឆាំង ឬមតិប្រឆាំងថា ការបោះឆ្នោតយ៉ាងណាក៏ដោយ ក៏ដំណើរការបោះឆ្នោត ធ្វើទៅដោយរលូន ដោយសារមានការទទួលស្គាល់ដ៏ត្រឹមត្រូវនូវការបោះឆ្នោតនេះ»៕