បាត់ដំបងៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ទី ១៥ ខែសីហា នាសាលមហោស្រពស្ទឹងសង្កែ ដែលស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
តាមរយៈសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី ៩ ខែសីហា បានឱ្យដឹងថា នៅថ្ងៃទី ១៤ ខែសីហា លោក នុត សុខុម អនុប្រធាន គ.ជ.ប នឹងថ្លែងសុន្ទរកថា បើកអង្គសន្និបាត ហើយថ្ងៃទី ១៥ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងចូលរួមពិធីបិទអង្គសន្និបាតនេះ។
ទាក់ទងនឹងអង្គសន្និបាតនេះ លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី ៩ ខែសីហា បានប្រាប់ថា តាមរបៀបវារៈសំខាន់ៗ នៅក្នុងសន្និបាតនាពេលខាងមុខនេះ នឹងមានការចូលរួមថ្លែងសុន្ទរកថាបើករបស់ថ្នាក់ដឹកនាំ គ.ជ.ប និងការអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣។
ក្រៅពីនេះ ក៏នឹងមានការពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥ ដែលផ្តោតទៅលើបញ្ជីរៀបចំការបោះឆ្នោត, ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីឈរឈ្មោះបេក្ខជនបោះឆ្នោត, ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រយៈពេល ២១ ថ្ងៃ, ការបោះឆ្នោត, ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត រួមនឹងការបណ្តុះបណ្តាល អប់រំអ្នកបោះឆ្នោតផងដែរ។
លោក សោម សូរីដា បញ្ជាក់ថា៖ «ក្រោយពេលបញ្ចប់ការពិភាក្សានៅតាមក្រុមនីមួយៗ ដែលត្រូវបានរៀបចំឡើងដោយ គ.ជ.ប តំណាងក្រុមនីមួយៗ ត្រូវឡើងរាយការណ៍លទ្ធផលរបស់ក្រុមពិភាក្សា និងបន្ទាប់មក អគ្គលេខាធិកាធិការ គ.ជ.ប នឹងរាយការណ៍ជូនអង្គសន្និបាតពីលទ្ធផលនៃការរៀបចំសន្និបាតទាំងមូលតែម្តង មុននឹងប្រកាសបិទបញ្ចប់ពីថ្នាក់ដឹកនាំ»។
បើតាមលោក សោម សូរីដា នៅក្នុងសន្និបាតបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នេះ នឹងមានការចូលរួមពីភាគីពាក់ព័ន្ធនានា ដូចជាតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាដើម។
ចំណែកលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ក៏បានឱ្យដឹងដែរថា ជារៀងរាល់ការបញ្ចប់ការបោះឆ្នោតម្តងៗ គ.ជ.ប តែងតែរៀបចំធ្វើសន្និបាតបូកសរុបការងាររបស់ខ្លួន ហើយក៏រៀបចំធ្វើដូចគ្នាដែរ ដោយផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីសកម្មភាពទាំងឡាយនៅគ្រប់ដំណាក់កាលនៃបោះឆ្នោត។
សូមរំឭកដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដាដោយមានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង និងមានប្រជាពលរដ្ឋចេញទៅបោះឆ្នោត ៨៤,៥៩ % នៃពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការជាង ៩លាននាក់។
លទ្ធផលនៃការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ដោយទទួលបានអាសនៈចំនួន ១២០ នៅក្នុងរដ្ឋសភា រីឯគណបក្សហ្វុ៊នស៊ិនប៉ិច ទទួលបាន ៥ អាសនៈ ខណៈគណបក្សនយោបាយ ១៦ ផ្សេងទៀត មិនទទួលបានអាសនៈនៅក្នុងរដ្ឋសភាឡើយ៕