កំពតៈ អាជ្ញាធរខេត្តកំពត រួមជាមួយប្រជាពលរដ្ឋ បានដាំដើមត្នោតជាង ៧ ពាន់ដើម នៅសងខាងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងគោលបំណងដើម្បីបញ្ជាក់ពីអត្តសញ្ញាណខ្មែរដល់អ្នកជំនាន់ក្រោយផង និងដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនាពេលអនាគតផង។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី ៩ ខែសីហាថា ការជ្រើសរើសដើមត្នោតដាំនៅសងខាងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមនេះ ដោយសារដើមត្នោត វាបញ្ជាក់ពីអត្តសញ្ញាណរបស់ជាតិខ្មែរតាំងពីដើមមក ខណៈនៅពេលដើមត្នោតដុះនៅកន្លែងណា នោះវាមានន័យថា វាជាដីរបស់ខ្មែរនៅកន្លែងនោះ។
ដូច្នេះហើយបានជាអាជ្ញាធរខេត្ត បានជ្រើសរើសដើមត្នោតយកទៅដាំនៅតាមតំបន់ព្រំដែន ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់បន្តគ្នាថា ដើមត្នោតជារុក្ខជាតិ អត្តសញ្ញាណរបស់ជាតិខ្មែរ។ ក្រៅពីនេះ ដើមត្នោតក៏បានផ្ដល់ប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលស្លឹក និងដើមរបស់វា អាចយកទៅធ្វើជាលំនៅឋាន ឬអាចធ្វើជាផ្ទះ។ ចំណែកផ្លែរបស់វា គឺអាចយកទៅហូប និងអាចធ្វើជាស្ករ ធ្វើជានំជាដើម។
លោក ចាន់ រិទ្ធិ បញ្ជាក់ថា៖ «យើងដាំនៅតាមតំបន់ព្រំដែនហ្នឹង វាគឺជាការសម្គាល់ដីខ្មែរយើងផងក៏បាន ជាប្រយោជន៍ផងក៏បាន និងជាតំបន់ទេសចរណ៍ក្នុងពេលអនាគតក៏បាន។ មួយវិញទៀត វាក៏ចូលរួមចំណែករំឭកទៅដល់កូនខ្មែរឱ្យស្គាល់រុក្ខជាតិដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្មែរយើង ពីព្រោះអាហ្នឹងគឺសំខាន់ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ បានស្គាល់ និងរួមគ្នាថែរក្សាកុំឱ្យបាត់បង់ប្រភេទរុក្ខជាតិដើមត្នោតនេះ»។
លើសពីនេះទៀត លោកថា អាជ្ញាធរខេត្តក៏បានណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយមន្ទីរកសិកម្ម ដែលមានខណ្ឌរដ្ឋបាលព្រៃឈើជាសេនាធិការ ដើម្បីបង្កើតសួនមួយដែលសុទ្ធតែជាដើមត្នោតសម្រាប់បង្ហាញទៅដល់អ្នកជំនាន់ក្រោយ។
មួយវិញទៀត អាជ្ញាធរខេត្ត បានស្នើទាំងទីតាំងរបស់រដ្ឋដែលមានដីទូលាយ ទីវត្តអារាម សាលារៀន និងទីកន្លែងសាធារណៈផ្សេងៗដែលនៅជាប់ព្រំដែន គឺត្រូវចូលរួមដាំដើមត្នោតឱ្យច្រើន ដើម្បីជាការលម្អផង និងដើម្បីជាការទាក់ទាញអ្នកទេសចរចូលមកលេងតំបន់ដែលមានដើមត្នោតច្រើនបំផុតផង។
បើយោងតាមរបាយការណ៍ ក្នុងរយៈពេល ២ សប្ដាហ៍ ខេត្តកំពតបានដាំដើមត្នោតបានចំនួនសរុប ៧ ៥០០ ដើម នៅសងខាងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខណៈដែលមានការចូលរួមដាំដោយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនសសយក និងក្រុមកាយឫទ្ធិនារីកម្ពុជា។
សូមបញ្ជាក់ដែរថា នាថ្ងៃទី ៨ ខែសីហា លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចូលរួមក្នុងពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ ២០២៣ ដោយបានដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៥ គីឡូម៉ែត្រ នៅចំណុចអន្លង់ថ្ងាន់ស្ថិតក្នុងឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត៕