កណ្ដាលៈ កូនផ្សោតញីអាយុប្រមាណ ២ ខែ ១ ក្បាល ត្រូវបានប្រទះឃើញងាប់ដោយសារជាប់មងក្នុងទន្លេ នាខេត្តកណ្ដាល ខណៈមន្ត្រីអភិរក្សបានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមទន្លេឱ្យជួយការពារ និងឃ្លាំមើលហើយប្រសិនបើបានឃើញផ្សោតចុះមកផ្នែកខាងក្រោមសូមរាយការណ៍ទៅមន្ត្រីជលផល។
សេចក្ដីប្រកាសរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅវេលាម៉ោង ៥ និង ៣០ នាទីព្រឹក កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ នេះ ប្រជានេសាទក្នុងខេត្តកណ្ដាលបានប្រទះឃើញកូនផ្សោតញី ១ ក្បាលមានប្រវែង ១,០១ ម៉ែត្រ ទម្ងន់ ១៤,៤ គីឡូក្រាម ដែលមានអាយុប្រហែល ២ ខែបានជាប់មងងាប់ នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
រដ្ឋបាលជលផល បានឱ្យដឹងទៀតថា នៅរដូវទឹកដំឡើង សត្វផ្សោតតែងតែបំផ្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងត្រីដែលជាចំណី។ ប្រភពដដែលបន្តថា៖«តាមការស្រាវជ្រាវជាលក្ខណៈជីវសាស្ត្រ កូនផ្សោតដែលរស់នៅជាមួយមេ និងបៅដោះរយៈពេល១ឆ្នាំ។ ហេតុដូច្នេះកូនផ្សោតដែលប្រទះឃើញងាប់នេះ ទំនងជាបានផ្លាស់ទីជាមួយមេរបស់វាឬជាមួយផ្សោតផ្សេងទៀតពីទន្លេមេគង្គលើក្នុងភូមិសាស្ត្រខេត្តក្រចេះ និងស្ទឹងត្រែង មកដល់ខេត្តកណ្ដាល ហើយត្រូវជាប់មងងាប់»។
លោកអ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលបានឱ្យដឹងថា ជាធម្មតាតំបន់គ្រប់គ្រងផ្សោត គឺមានព្រំដែនហួសតែខេត្តក្រចេះបន្តិចទេ ដែលសុទ្ធសឹងតែជាអន្លង់ផ្សោត ដូច្នេះមន្ត្រីជលផលបានការពារកុំឱ្យមានឧបករណ៍ខុសច្បាប់មួយចំនួនដូចជា មង និងឧបករណ៍ឆក់ជាដើម។
លោកបន្តថា ប៉ុន្ដែប្រសិនបើផ្សោតបានចេញឆ្ងាយពីអន្លង់រហូតធ្លាក់មកខេត្តកំពង់ចាមដល់ខាងក្រោមនេះ គឺមន្ត្រីជលផលមិនមានការហាមឃាត់ឧបករណ៍នេសាទទេក្នុងការប្រើប្រាស់មងនេសាទ ពីព្រោះមង វាជាឧបករណ៍ប្រពៃណីរបស់ប្រជាពលរដ្ឋសម្រាប់ចាប់ត្រី។
លោកបានបញ្ជាក់ថា៖«ផ្សោតដែលស្លាប់នេះ វាជាករណីកម្រនឹងកើតឡើងណាស់ ដែលកូនផ្សោត១ក្បាលបានធ្លាក់មកដល់ខេត្តកណ្ដាល ដោយត្រូវជាប់មងស្លាប់នៅរកាកោង ដែលវាជារឿងចម្លែកបំផុតនៅក្នុងឆ្នាំនេះដែលផ្សោតបានវង្វេងចេញពីអន្លង់របស់វា ហើយបានមកងាប់នៅផ្នែកខាងក្រោម។ អ៊ីចឹង!ប្រសិនបើផ្សោតដែលវង្វេងធ្លាក់ពីលើមកគឺប្រាកដណាស់មិនអាចគេចផុតពីមងហ្នឹងបានទេពីព្រោះនៅខាងក្រោមវាមានមងនេសាទច្រើនណាស់»។
លើសពីទៀត លោកថា ក្នុងនាមជាអ្នកអភិរក្ស រាល់ការបាត់បង់ផ្សោតមួយៗគឺមានការសោកស្ដាយមែនទែន ហេតុនេះហើយបានជាត្រូវការចំណាយកម្លាំងក៏ច្រើន ថវិកាក៏ច្រើន សម្រាប់ការពារផ្សោតដើម្បីធ្វើយ៉ាងណាកុំឱ្យប្រភេទសត្វផ្សោតនេះផុតពូជនិងថយចុះ។
លោកបានបន្ថែមថា៖«ដូច្នេះហើយការស្លាប់របស់វាមួយៗ គឺយើងមានការសោកស្ដាយ ហើយយើងមានការបារម្ភនៅពេលកូនផ្សោតបានស្លាប់ ពីព្រោះកូនផ្សោតជាអ្នកជំនាន់ថ្មីមកជំនួសអាចាស់ ប្រសិនបើអាចាស់ស្លាប់បាត់ទៅ អាថ្មីក៏ស្លាប់បាត់ដែរ អ៊ីចឹងវាអាចនឹងផុតពូជនៅពេលខាងមុខហ្នឹង»។
ជាមួយគ្នានេះលោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានថ្លែងថាករណីកូនផ្សោតទើបតែងាប់១ក្បាលនេះ វាជាករណីលើកទី៣ហើយ ដែលផ្សោតបានបំផ្លាស់ទីឆ្ងាយចុះមកក្រោមដើម្បីរកចំណីត្រូវប្រឈមមុខនឹងគ្រោះថ្នាក់បែបនេះ។
រីឯ២ករណីទៀតលោកថាត្រូវបានមន្ត្រីជលផលបានដឹង ហើយបានជួយសង្គ្រោះទាន់ពេល និងយកសត្វផ្សោតទាំងនោះទៅដាក់ក្នុងតំបន់ដែលវារស់នៅឡើងវិញ តែករណីលើកនេះគឺកូនផ្សោតដែលចុះមកខាងមន្ត្រីជលផលមិនបានដឹង ទើបជាហេតុកូនផ្សោតនេះបាត់បង់ជីវិត។ លោកបន្តថា ប្រសិនបើមន្ត្រីជំនាញជលផលនិងក្រុមការងារស្រាវជ្រាវបានដឹងព័ត៌មាននេះមុនក៏អាចចុះអន្តរាគមន៍ ដើម្បីការពារវាត្រឡប់ទៅខាងលើវិញផងដែរ។
លោកសេង ទៀក បានបញ្ជាក់ថា៖ «អ៊ីចឹងនៅពេលប្រជានេសាទគាត់បានឃើញកូនផ្សោតអីនៅតាមទន្លេដែលដាច់ហ្វូងចុះមកខាងក្រោមមានកំពង់ចាមអីជាដើមហ្នឹង សូមជួយផ្ដល់ព័ត៌មានទៅខាងរដ្ឋបាលជលផល ដូច្នេះមន្ត្រីជំនាញរបស់យើងនឹងចុះទៅអន្តរាគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យវាត្រឡប់ទៅដែនខាងលើរបស់វាវិញ»។
លោកបានឱ្យដឹងដែរថា ក្នុងឆ្នាំ២០២៣នេះ មានសត្វផ្សោតងាប់ចំនួន៣ក្បាលហើយ ក្នុងនោះមានកូនផ្សោត២ក្បាលនិងមេផ្សោតចំនួន១ក្បាល តែអត្រាចំនួនងាប់នេះ វាមានតិចតួចនៅឡើយ បើធៀបនឹងឆ្នាំមុន។ ចំណែកអត្រាកើតរបស់សត្វផ្សោតក្នុងឆ្នាំនេះក៏មានកើនឡើងចំនួន៥ក្បាលផងដែរ បើធៀបទៅនឹងឆ្នាំមុនដូចគ្នា។លោកបន្ថែមថា ដូច្នេះឆ្នាំនេះទាំងអត្រាងាប់ក៏ថយចុះ និងទាំងអត្រាកើតក៏មានការកើនឡើង ពីព្រោះដោយសារតែមានការខិតខំប្រឹងប្រែងការអនុវត្តច្បាប់ និងការការពារសត្វផ្សោតនៅតំបន់ដែលវាកំពុងរស់នៅ។
យោងតាមរដ្ឋបាលជលផលគិតមកត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន៩០ក្បាលដែលកំពុងរស់នៅក្នុងទន្លេមេគង្គត្រង់តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែងដែលមានប្រវែង១៨០គីឡូម៉ែត្រ៕