​សៀមរាបៈ​​ សាលា​ដំបូង​ខេត្ត​សៀម​រាប​សម្រេច​ឃុំខ្លួន​ជន​សង្ស័យ​ជា​មេ​ខ្លោង​ប្រព្រឹត្ត​បទ​ល្មើស​ឆបោ​ក​ចំនួន​ចំនួន​ ២​ នាក់ ​ដាក់​ពន្ធ​ធនា​គារ​ខេត្ត​ជា​បណ្តោះអា​សន្ន ​ក្រោយ​ពួកគេ​បាន​ដើរ​បោក​ប្រាស់​ឱ្យ​ប្រជា​ពលរ​ដ្ឋឱ្យ​ដាក់​លុយ​ទិញ​វត្ថុ​បុរាណ អថ័ន​សំរឹទ្ធ នៅ​ភូមិ​ឃុំ​ផ្សេងៗ ​ក្នុង​ស្រុក​ស្វាយ​លើ ​ខេត្ត​សៀម​រាបបាន​រយៈ​ពេល ២០ ​ថ្ងៃ ​ហើយ​ត្រូវ​សមត្ថ​កិច្ច​ស្រាវជ្រាវ​ដឹងនិង​ចាប់​ឃាត់​ខ្លួន​បាន​នៅ​ថ្ងៃទី ៧ ​ខែ​សីហា ឆ្នាំ​ ២០២៣​។

​លោក​ យ៉ី​ន ស្រាង អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀម​រាប​ បាន​ឱ្យ​ដឹង​ថ្ងៃទី ​១០​ ខែសីហា​ថា ​ជន​សង្ស័យ​ទាំង​ ២ ទី​១​ មាន​ឈ្មោះ ទេព ​សុវណ្ណ ​ភេទ​ប្រុស ​អាយុ​ ៥២​ ឆ្នាំ មាន​លំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រែក​លៀប ​សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ និង​ទី២​ ឈ្មោះ ចុ​ត វេ​ក ភេទ​ប្រុស​អាយុ​ ៥៥ ​ឆ្នាំ មាន​លំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ជប់​លើ ​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ​ខេត្ត​សៀម​រាប​។ ពួក​គេ​ត្រូវ​បាន​តុលា​ការ​ខេត្ត​សៀម​រាប​ចោទ​ប្រកាន់​ពីបទ​ ឆបោក តាម​មាត្រា ​៣៧៧​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

​លោក​បញ្ជាក់​ថា​៖ «​លោក យូ​ ធា​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរា​ប បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​២​នោះ​ហើយ ពីបទ​ឆបោក​»​។

​លោក ​នួន ស័ក្ដិ​ចំរើន​រិ​ទ្ធ ស្នង​ការរ​ងទទួល​ផែន​ការងារ​នគរ​បាល​ព្រហ្ម​ទណ្ឌនៃ​​ស្នងកា​រដ្ឋាន​នគរ​បាល​ខេត្ត​សៀមរា​បបាន​ឱ្យដឹង​ថា នៅ​ថ្ងៃទី​១៨ ​ខែកក្កដា ឆ្នាំ​២០២៣ ​ឈ្មោះ ទេ​ព សុវណ្ណ ភេទ​ប្រុស និង​ឈ្មោះ ចុ​ត វេ​ក ភេទ​ប្រុស ​បាន​ចុះ​មក​ផ្សព្វផ្សា​យ​នៅក្នុ​ង​ទឹក​ដី​ស្រុក​ស្វាយ​លើ ខេ​ត្តសៀ​មរាប ​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅក្នុង​ទឹកដី​ស្រុក​ស្វាយ​លើថា ​មាន​ក្រុមហ៊ុ​នវត្ថុ​បុរាណ​ថ្ម​សំរឹទ្ធ ត្រូ​វការ​ប្រាក់​រៀប​អាសនៈដើ​ម្បី​យក​អថ័ន​សំរឹទ្ធ​មក​លក់​ដោយ​តម្រូវ​ឱ្យ​ប្រជា​ពលរ​ដ្ឋដាក់​ប្រាក់​ចំនួន ​៥០​ ០០០​រៀល និង​បាន​ប្រាក់​ចំណេញ​មក​វិញ​ចំនួន ​៥០ ​០០០​ដុល្លា​រអា​មេរិក​ ។

​លោក​បន្ត​ថា ​រហូត​ដល់​ថ្ងៃទី​១ ​ខែសីហា ​ឆ្នាំ​២០២៣ ​ឈ្មោះ ​ទេព​ សុវណ្ណ និង​ឈ្មោះ​ចុ​​ត វេ​ក ចាប់​ផ្តើម​ប្រមូល​ប្រាក់​ពី​ប្រជា​ពលរដ្ឋ ដោយ​បាន​បែង​ចែក​ជា​ក្រុម​ដើម្បី​ប្រមូល​នៅ​ក្នុ​ងឃុំ​ស្វាយ​លើ​មាន​ចំនួន​៦​នាក់​ និង​ឃុំ​តា​សៀម​មាន​ចំនួន​៣​នាក់ ​ហើយមាន​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចាញ់​បោក​សរុប​ចំនួន​១៥៩​នាក់​ស្មើ​នឹង​៩​ភូមិ ក្នុង​ឃុំ​ទាំង​២ ខាង​លើ ។

​លោក​បញ្ជាក់​ថា​៖«​វិធី​ឆបោក​ដែល​គាត់​ធ្វើ​គឺ​គាត់​ទៅ​ខ្សឹប​ចំពោះតែ​បង​ប្អូន​មិត្ត​ភក្តិ​ណា​ដែល​ជិត​ស្និទ្ធ​ទេឱ្យ​យក​ថវិកាមក​។​ចង់​និយាយ​ថា​ អ្នក​ណា​ចូល៥​ម៉ឺន​ខ្មែរ​នឹង​បាន​៥​ម៉ឺន​ដុល្លារ​ អ្នក​ណា​ចូល​១០​ម៉ឺន​ខ្មែរ ​នឹង​បាន​១០​ម៉ឺន​ដុល្លា​រ ២០​ម៉ឺន​ នឹង​បាន​២០​ម៉ឺន​ដុល្លារ​ អ៊ីចឹង​ជា​ការ​រៀប​ចំ​របស់​គាត់​»​។

​លោក​ស្នង​ការ​រង​បាន​ឱ្យ​ដឹង​ទៀត​ថា តា​ម​ការ​បំភ្លឺ​របស់​ប្រជា​ពលរ​ដ្ឋនៅ​ភូមិ​បិទ​ផ្កា និងភូមិ​រលំ​ទូក ក្នុងឃុំ​ស្វាយ​លើ​ ស្រុក​ស្វាយ​លើ ខេត្ត​សៀម​រាប និង​តាម​ចម្លើយ​សារភា​ព​របស់​ជន​សង្ស័យ​ទាំង​២នាក់​ថា ពួក​គេពិ​តជា​​បាន​ផ្សព្វផ្សា​យនិ​ង​ប្រមូល​ប្រាក់​ពី​ប្រជាព​ល​រដ្ឋ​បែប​នោះ​មែន​។ជន​សង្ស័យ​ទាំង​២​នាក់​ត្រូវបា​ន​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌនៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​សៀមរា​ប ​កសាង​សំណុំរឿ​ង​បញ្ជូន​ទៅ​តុលា​ការ​​កាលពី​ថ្ងៃទី៨​ ខែ​សីហា ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ​។

​ជា​មួយ​នេះ​ដែ​រ ​លោក ​តេង ច័ន្ទ​ណាត ស្នងការ​​នគរបាល​ខេត្ត​សៀមរាប​ បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅក្នុ​ង​ខេត្ត​សៀម​រាប​ក៏ដូច​ជាប្រ​ជា​ពលរដ្ឋ​ទាំង​អស់​នៅ​កម្ពុជា​សូមកុំ​ចាញ់បោ​ក​លើ​រូ​បភា​ពឆបោក​ ពី​សំណាក់​ជន​ខិលខូ​ច ​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ចៀស​វាង​ធ្លាក់​ចូល​ក្នុង​ឧបាយ​កល​របស់​ជន​បោក​ប្រាស់​ដូច​ក្នុង​ករណី​នេះ​៕