ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសថា ប្រធានរដ្ឋសភាថ្មី នីតិកាលទី៧ គឺជាស្ត្រី គឺជាការបង្ហាញពីការលើកកម្ពស់ស្ត្រី ខណៈកាលពីល្ងាចថ្ងៃទី ១០ សីហា នាយករដ្ឋមន្ត្រីដែលនឹងផុតអាណត្តិនាពេលដ៏ខ្លីខាងមុខនេះ បានជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាល ក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅទីស្នាក់ការកណ្តាលគណបក្ស។
លោក ហ៊ុន សែន បានថ្លែងដូចនេះ តាមរយៈសារសំឡេងនាយប់ថ្ងៃទី ៩ ខែសីហា ដែលជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយនូវព័ត៌មានវាយប្រហារពីវិទ្យុអាស៊ីសេរី ដែលត្រូវបានលោក ហ៊ុន សែន ថា ការវាយប្រហារនេះគ្មានប្រយោជន៍នោះឡើយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបទៅអស់លោក ឱ្យបានដឹងថា សម្រាប់តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីចុងឆ្នាំ ២០២១ មកម្ល៉េះ។ លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភានាពេលខាងមុខ ដែលជាការអនុវត្តលើកកម្ពស់ តួនាទីស្ត្រី»។ សម្រាប់លោក ជាម យៀប ដែលបច្ចុប្បន្នជាអនុប្រធានទី១ នៃរដ្ឋសភា នឹងនៅតែជាអនុប្រធានទី១ ដដែល ហើយលោក វងសូតដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងក្លាយជាអនុប្រធានទី២ នៃរដ្ឋសភា។ នេះបើតាមការបញ្ជាក់ពី លោក ហ៊ុន សែន។
លោកបានថ្លែងសង្កត់ធ្ងន់ថា៖ «ដូច្នេះ បើអស់លោកល្ងង់ណាស់ អស់លោកគួរតែស្វះស្វែងដើម្បីនឹងរកការពិចារណាជាជាងចោទថា អ្វីៗជាទំនាស់ផ្ទៃក្នុងរបស់គណបក្សប្រជាជន។ ខ្ញុំឱ្យអស់លោកវិទ្យុអាស៊ីសេរី ក៏ដូចជាអស់លោកវិទ្យុដែលនិយាយជាភាសាខ្មែរដទៃទៀត ចងចាំឱ្យបាន គណបក្សប្រជាជនកម្ពុជាគ្មានទម្លាប់ឈ្លោះគ្នា ដណ្តើមអំណាចគ្នា ដូចដែលពួកអស់លោកធ្លាប់បាន និងកំពុងបាន ហើយនឹងឈានទៅដួលរលំដោយសារជម្លោះផ្ទៃក្នុងរបស់អស់លោកដែរ»។
ទាក់ទងនឹងការតែងតាំងស្រី្តឱ្យដឹកនាំស្ថាប័នជាតិកំពូលនេះ កញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហានបានថ្លែងថា កញ្ញាសាទរមែនទែន ចំពោះការតែងតាំងលោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភាថ្មី ដែលស្ត្រី អាចទទួលបានតួនាទីខ្ពស់បែបនេះ។ ប៉ុន្តែទន្ទឹមនេះកញ្ញាក៏បានសម្ដែងការសោកស្ដាយផងដែរចំពោះការអវត្តមានស្ត្រី នៅក្នុងជួររាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមើលទៅឃើញថា វត្តមានស្ដ្រីនៅក្នុងតួនាទីរដ្ឋមន្ត្រី គឺមានចំនួនតិចតួចណាស់។
កញ្ញាបុណ្យ រចនា ថ្លែងថា៖ «សម្រាប់ខ្ញុំដែលជាអ្នកធ្វើការក្នុងវិស័យសិទ្ធិស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រហ្នឹង គឺខ្ញុំមានការអបអរសាទរ ក៏ប៉ុន្តែខ្ញុំហាក់មានការខកចិត្តខ្លាំងដែរ ចំពោះការដែលមិនមានការកើនឡើងវត្តមានស្ដ្រីនៅក្នុងជួរថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលយើង»។
ចំណែក អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បានលើកឡើងដែរថា ប្រធានរដ្ឋសភាជាស្ត្រីនេះ គឺជាតួនាទី និងតំណែងមួយខ្ពស់សម្រាប់ស្ត្រីដែលកន្លងទៅ តាមការកត់សម្គាល់របស់លោក គឺមិនដែលមានទេសម្រាប់កម្ពុជា។
លោកបញ្ជាក់ថា៖ «នេះជាករណីទី១ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាទូទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍យើងដែរ ប៉ុន្តែនិយាយដោយឡែកសម្រាប់ប្រទេសយើងទី១ ដែលស្រី្តបានក្លាយជាប្រធានស្ថាប័ននីតិប្បញ្ញត្តិដែលនេះជាគុណតម្លៃមួយដែលកម្ពុជាបានធ្វើ ដែលនេះគឺជាកិត្តិយសខ្ពង់ខ្ពស់មួយសម្រាប់ប្រទេសកម្ពុជាយើង»។
ទន្ទឹមគ្នានេះដែរ លោក យង់ ពៅ ក៏បានបញ្ជាក់ផងដែរទាក់ទងនឹងការលើកឡើងរបស់លោកហ៊ុន សែនដែលថា គណបក្សប្រជាជនកម្ពុជាគ្មានទម្លាប់ឈ្លោះគ្នាដណ្តើមអំណាចគ្នាថា ជាធម្មតាទេ ការពិភាក្សា ជជែកវែកញែក តស៊ូមតិគ្នានៅក្នុងបក្ស តែងតែកើតមានដើម្បីឈានទៅដល់ការសម្រេចចិត្តមួយ។
លោកថា៖ «ជាទម្លាប់របស់គណបក្សប្រជាជន នៅពេលដែលមានការសម្រេចចិត្តបានហើយ គណបក្សតែងតែ អនុវត្តតាមសេចក្តីសម្រេចរបស់គណៈកម្មការអចិន្រៃ្តយ៍ នៃគណៈកម្មការកណ្តាលរបស់គណបក្ស។ ដូចនេះជាឥរិយាបថនៃការដឹកនាំរបស់គណបក្សប្រជាជន ដែលនេះគេហៅថា ប្រជាធិបតេយ្យក្នុងបក្ស ដោយមិនដែលមានការដណ្តើមអំណាចគ្នាក្រោយការសម្រេចហើយនោះទេ»។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោកស្រី ឃួន សុដារី កាន់តំណែងជាអនុប្រធានទី២ រដ្ឋសភា និងក៏ជាសមាជិកគណៈកម្មការកណ្តាលកាកបាទ ក្រហមកម្ពុជាផងដែរ។លោកស្រី ឃួន សុដារី មានស្រុកកំណើត ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ហើយលោកស្រីជាអតីតនិស្សិត សញ្ញាបត្រសារព័ត៌មាន ពីវិទ្យាស្ថានអន្តរជាតិសារព័ត៌មាន ប្រទេសហុងគ្រី និងបញ្ចប់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ជាមួយគ្នានេះដែរ កាលពីល្ងាចថ្ងៃទី ១០ សីហា លោក ហ៊ុន សែន បានជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាល ក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ការជួបសំណេះសំណាលនេះ ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ការងារដឹកនាំរដ្ឋាភិបាលជូនសមាសភាពក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលស្ទើរតែទាំងអស់ជាមនុស្សថ្មី និងមានវ័យក្មេង។ នេះបើតាមលោក សុខឥសាន អ្នកនាំពាក្យគណបក្សប្រជាជន។
លោកបានបន្ថែមថា ជំនួបរវាងថា្នក់ដឹកនាំរាជរដ្ឋាភិបាលចាស់ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីនេះ ស្ថិតនៅក្នុងពេលអន្តរកាលនៃការផ្ទេរពីនីតិកាល ១ ទៅនីតិកាល ១ ទៀត។ ជាពិសេសជាការជួបសំណេះសំណាលដើម្បីឱ្យសមាសភាពគណៈរដ្ឋមន្ត្រីថ្មី យល់ដឹងពីកិច្ចការមួយចំនួន ដែលនឹងត្រូវធ្វើនៅពេលខាងមុខ។ លោកមានប្រសាសន៍ថា ៖ «ជំនួបនេះក៏នឹងផ្តល់បទពិសោធន៍ដល់អ្នកជំនាន់ថ្មីដែរ។ រីឯចាស់ៗវិញមានតែដាក់អាវុធចុះឱ្យក្មេងៗ ជាអ្នកកាន់ម្តង»៕