ភ្នំពេញៈ លោកស្រី អ៊ីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានឱ្យដឹងថា មានកុមារកើតជំងឺមហារីកគ្រាប់ឈាមជាង ១០០ នាក់ កំពុងបន្តតាមដាននៅមន្ទីរពេទ្យគន្ធបុប្ជារាជធានីភ្នំពេញ ខណៈមន្ទីរពេទ្យនេះនឹងទទួលព្យាបាលជំងឺមហារីកទូទៅលើកុមារក្នុងពេលឆាប់ៗផងដែរ។
លោកស្រីបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ សីហាថា ការព្យាបាលជំងឺមហារីកគ្រាប់ឈាមនៅមន្ទីរពេទ្យគន្ធបុប្ជា គឺបានធ្វើឡើងតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ។ លោកស្រីបន្តថា ជំងឺមហារីកគ្រាប់ឈាមគឺមានច្រើនប្រភេទ ហើយចាប់ពីដើមឆ្នាំនេះមក មន្ទីរពេទ្យបានទទួលព្យាបាលប្រភេទ ALL ហើយរហូតទល់ពាក់កណ្តាលឆ្នាំ ២០២៣ មន្ទីរពេទ្យទទួលព្យាបាលប្រភេទផ្សេងទៀតដែលស្ថិតក្នុងក្រុមមហារីកគ្រាប់ឈាមមានឈ្មោះថា AMLនិង CML។
លោកស្រីបានបញ្ជាក់ថា៖ «យើងមានកុមារកើតជំងឺមហារីកគ្រាប់ឈាមជាង ១០០ នាក់ កំពុងតាមដានជាមួយក្រុមគ្រូពេទ្យជំនាញយើងនៅមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញ។ ទន្ទឹមនឹងនោះ យើងក៏មានអ្នកជំងឺផ្សេងៗជាច្រើនកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជាដែរ»។
ដោយឡែក នៅថ្ងៃខាងមុខឆាប់ៗនេះ លោកស្រី អ៊ីវ ម៉ាឡែន បានអះអាងថា មន្ទីរពេទ្យគន្ធបុប្ជា នឹងទទួលព្យាបាលកុមារដែលមានជំងឺមហារីកទូទៅមិនថា ជាប្រភេទណាទេ គឺក្រុមគ្រូពេទ្យជំនាញនឹងទទួលយកមកព្យាបាលទាំងអស់។
លោកស្រីបានបញ្ជាក់ថា៖ «ក្នុងពេលឆាប់ៗខាងមុខ មន្ទីរពេទ្យគន្ធបុប្ជានឹងរៀបចំព្យាបាលជំងឺមហារីកទូទៅរបស់កុមារ។ ជំងឺមហារីក គឺមានប្រភេទច្រើន ដែលមានពពួកប្រភេទផ្សេងៗ។ មហារីកទូទៅលើកុមារ មន្ទីរពេទ្យគន្ធបុប្ជានឹងចាប់ផ្តើមធ្វើការព្យាបាលនៅថ្ងៃខាងមុខឆាប់ៗ»។
ជំងឺមហារីកឈាម ឬមហារីកឈាមជាប់ចំណាត់ថ្នាក់ជាទម្រង់ទូទៅបំផុតនៃជំងឺមហារីកចំពោះកុមារដែលមានអាយុពី ២ ទៅ ១៤ ឆ្នាំ។ ក្នុងនោះក៏មានប្រភេទជំងឺមហារីកឈាមប្រភេទផ្សេងៗគ្នាដែលមានផលប៉ះពាល់ដល់កុមារអាស្រ័យលើកោសិកាឈាមដែលបានផ្លាស់ប្តូរឬមហារីកមានភាពសាហាវប៉ុណ្ណោះ។ ជំងឺមហារីកកូនកណ្តុរភាគច្រើនចំពោះកុមារអាចព្យាបាលបាន។ នេះបើយោងតាមការសិក្សារបស់អ្នកជំនាញ។
លោកស្រី អ៊ីវ ម៉ាឡែន បានអះអាងថា មូលហេតុដែលនាំឱ្យកើតជំងឺមហារីកគ្រាប់ឈាម គឺនៅតែមិនទាន់រកឃើញច្បាស់ទេ ប៉ុន្តែលោកស្រីថា តាមភាពជាក់ស្តែង គេអាចសង្កេតឃើញថា អាចបណ្តាលមកពីកត្តាសេនេទិក ឬកត្តាហ្ស៊ែន និងអាចទាក់ទងនឹងកត្តាបរិស្ថានពាក់ព័ន្ធនឹងបញ្ហាអនាម័យ ឬអាហារ ឬតាមរយៈវីរុសឆ្លងមួយចំនួនដែលជាប្រភពនៃជំងឺមហារីក។
លោកស្រីបានបន្តថា កត្តាផ្សេងទៀតជុំវិញការប៉ះពាល់ជាមួយវិទ្យុសកម្មផ្សេងៗ និងសារធាតុគីមីមួយចំនួនលើចំណីអាហារ ក៏អាចជាមូលហេតុបណ្តាលឱ្យមានជំងឺមហារីកផងដែរ ហើយសញ្ញាទូទៅ គឺអាចតាមដានបានតាមរយៈមានការឆ្លងមេរោគ និងគ្រុនក្តៅ កូនកណ្តុររីកធំ ភាពស្លេកស្លាំង បាត់បង់ចំណង់អាហារ និងហូរឈាមនៅអញ្ចាញធ្មេញ ឬមានស្នាមជាំលើខ្លួនប្រាណជាដើម។
មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបង្កើតឡើងដោយលោក Beat Richner តាំងពីឆ្នាំ ១៩៩២ ដោយត្រូវចំណាយជាមធ្យមប្រចាំសប្ដាហ៍អស់ប្រមាណ ៨៤ ម៉ឺនដុល្លារអាមេរិក ឬស្មើនឹងជាង ៤០ លានដុល្លារ ក្នុង ១ ឆ្នាំៗ ខណៈរាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា និងគ្មានការរើសអើង។
តាមរបាយការណ៍នៅថ្ងៃទី ១ សីហា មន្ទីរពេទ្យគន្ធបុប្ជា ទទួលពិគ្រោះអ្នកជំងឺក្រៅសរុប ៣ ៧១៨ នាក់ ក្នុងនោះមាន ២ ០៥២ នាក់ នៅភ្នំពេញ និង ១ ៦៦៦ នាក់ នៅខេត្តសៀមរាប។ ចំណែកអ្នកជំងឺដែលដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យ គឺមានសរុប ២ ៦២៦ នាក់ ក្នុងនោះ ១ ២០៩ នាក់នៅភ្នំពេញ និង ១ ៤១៧ នាក់នៅខេត្តសៀមរាប ខណៈអ្នកជំងឺឈឺធ្ងន់មានចំនួន ៦៣៨ នាក់៕