សៀមរាបៈ ការសាងសង់អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ សម្រាល និងសង្គ្រោះទារក ក្នុងបរិវេណមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ (មន្ទីរពេទ្យគន្ធបុប្ផាទី ៣) ក្នុងក្រុងសៀមរាបដំណើរការបានប្រមាណ ៨០ ភាគរយហើយ គិតត្រឹមថ្ងៃទី ១០ ខែសីហានេះ។ នេះបើយោងតាមន្ទីរព័ត៌មានខេត្តសៀមរាប។
ក្រោយពេលសាងសង់រួច អគារដែលមានតម្លៃ ៣ ២០០ ០០០ ដុល្លារអាមេរិកនេះ អាចដាក់គ្រែបានចំនួនសរុប ១២០ គ្រែ។ ក្នុងនោះ ៨០ គ្រែសម្រាប់ស្ត្រីជាម្ដាយ និង ៤០ គ្រែសម្រាប់ទារកទើបសម្រាល។ អគារនេះក៏មានបំពាក់សម្ភារសម្រាប់សង្គ្រោះទារក និងកន្លែងពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះផងដែរ។
យោងតាមអគ្គនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ លោកដេនីស ឡូរ៉ង់ (Denis Laurent) បានឱ្យដឹងថា នាបច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប មានអគារសរុប ៣៣ អគារ។ ក្នុងនោះ គ្រែសម្រាក សម្រាប់ស្ត្រីទើបសម្រាល មានចំនួនសរុប ២៥០ គ្រែ។ ចំនួននេះ នៅពុំទាន់គ្រប់គ្រាន់ សម្រាប់កំណើនស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យមួយនេះឡើយ រហូតស្ត្រីមុនសម្រាល និងក្រោយសម្រាលមួយចំនួន ត្រូវសម្រាកនៅលើកម្រាល ខណៈគ្រែសម្រាកបានប្រើប្រាស់អស់។ ដោយឡែក សម្រាប់ទារកទើបសម្រាល តម្រូវឱ្យគេងរហូតដល់ចំនួន ៣ នាក់ នៅលើគ្រែតែមួយ ដែលបញ្ហាទាំងនេះបង្កឱ្យមានការលំបាកទាំងអ្នកមកទទួលសេវា និងក្រុមការងារមន្ទីរពេទ្យ។
មន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ ទទួលពិនិត្យជំងឺកុមារចំនួនចន្លោះពី ១ ០០០ ទៅ ១ ៥០០ នាក់ និងសម្រាកព្យាបាលចំនួនចន្លោះពី ២៧០ នាក់ ទៅ ៣៥០ នាក់ក្នុងមួយថ្ងៃ។ ដោយឡែក ផ្នែកសម្ភព ពិនិត្យស្ត្រីមានផ្ទៃពោះចំនួនចន្លោះពី ៤០០ ទៅ ៥០០ នាក់ និងសម្រាលទារកចំនួនចន្លោះពី ៦០ ទៅ ៨០ នាក់ក្នុងមួយថ្ងៃ។
លោកដេនីស ឡូរ៉ង់ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសប្បុរសជននៅប្រទេសស្វ៊ីស និងបណ្ដាប្រទេសនានា ដែលបានបន្តឧបត្ថម្ភគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាក្នុងប្រទេសកម្ពុជា ទោះបីលោកវេជ្ជបណ្ឌិត ប៊ីអាត រីចន្នើរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបានទទួលមរណភាពអស់រយៈពេល ៥ ឆ្នាំហើយក្ដី។ នេះបើយោងតាមប្រភពដដែលនេះ៕