លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទាំងអស់ ក្នុងអាណត្តិទី៧ ថ្មីនេះ ត្រូវយកចិត្តទុកដាក់ចុះជួប ជាមួយប្រជាពលរដ្ឋឱ្យបានច្រើនដើម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ និងត្រូវខិតខំបង្កើននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។
ការស្នើរបស់នាយករដ្ឋមន្ត្រីដែលនឹងបញ្ចប់អាណត្តិនៅពេលដ៏ខ្លីខាងមុខនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ពិសារភោជនាហារ ជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិ ចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣។
ក្នុងជំនួបនោះដែរលោក ហ៊ុន សែន ក៏បានផ្តល់ជាអនុសាសន៍ដល់នាយករដ្ឋមន្ត្រីថ្មី ត្រូវតែងតាំងនូវមន្ត្រីថ្នាក់នយោបាយ នៅតាមបណ្ដា ក្រសួង ស្ថាប័ន ឡើងវិញ និងក៏មានការកែសម្រួលនូវតួនាទីមន្ត្រីនយោបាយខ្លះៗផងដែរ ដែលត្រូវទទួលភារកិច្ចថ្មី។
លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖«កត្តាសំខាន់បំផុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាប្រៀបឈ្នះពីអតីតកាល ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត គឺការសាមគ្គីនិងឯកភាពផ្ទៃក្នុងគណបក្ស»។
សម្រាប់អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំងស្រុងដោយមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជាជា“កិត្តិទេសាភិបាលបណ្ឌិត” តែមួយរូបគត់។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលជាផ្លូវការថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រឈ្នះអាសនៈចំនួន ១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រឈ្នះបាន ៥ អាសនៈ។ តាមគម្រោង រដ្ឋសភានីតិកាលទី៧ និងបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ នៅថ្ងៃទី២១ ខែសីហា និងបន្តកិច្ចប្រជុំបោះឆ្នោតអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕